ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណាច់ត្រីមាស​ទី​1 ការ​ទិញ​លក់​រថយន្ត​កើនឡើង​តិចតួច

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ដំណាច់ត្រីមាស​ទី​១​ឆ្នាំ​នេះ សកម្មភាព​ទិញ​លក់​រថយន្ត​នៅ​កម្ពុជា​មាន​កំណើន​តិចតួច បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី

រាជធានី​ភ្នំពេញ ៖ នៅ​ដំណាច់ត្រីមាស​ទី​១​ឆ្នាំ​នេះ សកម្មភាព​ទិញ​លក់​រថយន្ត​នៅ​កម្ពុជា​មាន​កំណើន​តិចតួច បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។ នេះ​បើ​តាម​ការ​បញ្ជាក់​ពី​ក្រុមហ៊ុន​នាំ​ចូល​រថយន្ត​នានា ។

លោក លី ប៊ុ​ន​ហៃ នាយក​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន TOYOTA Cambodia បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នា​ព្រឹក​ថ្ងៃ​ទី​៤ មេ​សា​ថា ការ​លក់​រថយន្ត​ថ្មី​នៅ​ឆ្នាំ​នេះ​កើនឡើង ប៉ុន្តែ​ទំហំ​នៃ​កំណើន​ថយ​ចុះ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​មុន ។ លោក​បន្ត​ថា ការ​ទិញ​លក់​រថយន្ត​មាន​សកម្ម​ភាពល្អ​ប្រសើរ​នៅ​មុន​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ចិន​កន្លង​មក ប៉ុន្តែ​ចូល​ដល់​ខែមេសា​នេះ សកម្មភាព​ទិញ​លក់​គ្មាន​ការ​កើនឡើង​ទេ ។

លោក​បន្ត​ថា ៖ « ការ​ដំឡើង​ពន្ធ​រថយន្ត​ថ្មី​របស់​រាជរដ្ឋាភិបាល​កាលពី​ឆ្នាំ​មុន ក៏​ទំនងជា​ហេតុផល​ធ្វើ​ឲ្យ​ការ​លក់​រថយន្ត​ឆ្នាំ​នេះ​មាន​កំណើន​តិចតួច​ផង​ដែរ » ។

លោក ពាង ម៉ា​ន់ អគ្គនាយក​ក្រុមហ៊ុន​Great Wall ដែល​បាន​នាំ​ចូល​រថយន្ត Great Wall មក​ពី​ប្រទេស​ចិន បាន​និយាយ​ស្រ​ដៀង​គ្នា​ថា ការ​លក់​រថយន្ត​មិនល្អ​ប្រសើរ​ទេ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។ ការ​លក់​ឆ្នាំ​នេះ​បាន​ចំនួន​តិច​ជាង​ឆ្នាំ​មុន ដែល​មូលហេតុ​អាច​បណ្តាល​មក​ពី​ការ​ដំឡើង​ពន្ធ​រថយន្ត​របស់​រាជរដ្ឋាភិបាល និង​លក្ខខណ្ឌ​ផ្តល់​ឥណទាន​លំបាក ដោយ​ធនាគារ​នានា​បាន​ទាមទារ​លក្ខខណ្ឌ​ខ្ពស់​ពី​អ្នក​ខ្ចីប្រាក់​ទិញ​រថយន្ត ។ លោក​បន្ត​ថា ធនាគារ​នានា​បាន​តម្រូវ​ឲ្យ​ម្ចាស់​រថយន្ត​បញ្ចាំ​អចលនទ្រព្យ​ដទៃ​ទៀត ក្រៅពី​បញ្ចាំ​កាត​គ្រី​រថយន្ត​របស់​ពួក​គេ ហើយ​អត្រា​ការ​ប្រាក់​ខ្ពស់ ក៏​ជា​មូលហេតុ​មួយ​ដែរ ។

លោក​បន្ត​ថា ៖ « ការ​ដំឡើង​ពន្ធ​លើ រថយន្ត​ថ្មី និង​លក្ខខណ្ឌ​ស្មុគស្មាញ​ផ្តល់​ឥណទាន​ពី​ធនាគារ​នានា​ធ្វើ​ឲ្យ​មាន​ឧបសគ្គ​ក្នុង​វិស័យ​នេះ ព្រោះ​ធនាគារ​នានា​បាន​តម្រូវ​ឲ្យ​ម្ចាស់​រថយន្ត​ដែល​ខ្ចីប្រាក់​ពី​ធនាគារ ដាក់​ទ្រព្យ​បញ្ចាំ​បន្ថែម​ក្រៅពី​កាត​សម្គាល់​រថយន្ត​របស់​ពួក​គេ » ។

លោក​បន្ថែម​ថា ៖ « ធនាគារ​នានា​គួរ​បន្ធូរបន្ថយ​លក្ខខណ្ឌ​ដើម្បី​ផ្តល់​ឲ្យ​អ្នកទិញ​រថយន្ត​ទទួល​បានការ​ប្រាក់​សមរម្យ និង​មិន​ចាំបាច់​មានទ្រព្យ​បញ្ចាំ​ច្រើន » ។

លោក ចក់ សា​រិ​ន ម្ចាស់​ឃ្លាំង​រថយន្ត​ម៉ាក​Pruis នៅ​តាម​បណ្តោយ​មហាវិថី​ម៉ៅ សេ​ទុង​ដែល​បាន​នាំ​ចូល​រថយន្ត​ប្រភេទ​ជជុះ ឲ្យ​ដឹង​ដែរ​ថា តម្លៃ​រថយន្ត​របស់​លោក​មិន​កើនឡើង​ទេ គឺ​នៅ​រក្សា​តម្លៃ​ដដែល ព្រោះ​រាជរដ្ឋាភិបាល​ដំឡើង​ពន្ធ​សម្រាប់​តែ​រថយន្ត​ថ្មី​ប៉ុណ្ណោះ ប៉ុន្តែ​ទោះជា​យ៉ាងណា ការ​លក់​រថយន្ត​របស់​លោក​មិន​ប្រសើរ​ទេ​នៅ​ឆ្នាំ​នេះ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។ លោក​បន្ត​ថា ៖ « ការ​លក់​រថយន្ត​នៅ​ឃ្លាំង​របស់ខ្ញុំ មុន​ពេល​កៀក​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ​មិនសូវ​ល្អ​ទេ បើ​ធៀប​នឹង​ដើមឆ្នាំ​នេះ » ។

លោក វ​ង្សី វិស្សុត រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែង​ការពារ​ការ​ដំឡើង​ពន្ធ​លើ​រថយន្ត​ថ្មី ដោយ​លោក​មាន​ប្រសាសន៍​ថា ការ​ដំឡើង​ពន្ធ​បែប​នេះ​មិន​ប៉ះពាល់​ដល់​អ្នក​ក្រីក្រ​ទេ ផ្ទុយ​ទៅ​វិញ គឺ​ប៉ះពាល់​តិចតួច​ចំពោះ​ក្រុម​អ្នកមាន​ប្រាក់​ប៉ុណ្ណោះ ហើយ​រាជរដ្ឋាភិបាល​មិនមែន​ដំឡើង​ពន្ធ​តែ​រថយន្ត​ទេ ប៉ុន្តែ​ក៏​បាន​និង​កំពុង​ដំឡើង​ពន្ធ​លើ​ស្រា និង​បារី ដែល​ជា​ផលិតផល​ប៉ះពាល់​សុខភាព​ប្រជាពលរដ្ឋ​ផង​ដែរ ៕