ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បែង​ប្រជាប្រិយ​ខ្មែរ​«​លាក់កន្សែង​»

6 ឆ្នាំ មុន

ល្បែង​«​លាក់កន្សែង​» ជា​ល្បែង​មួយ​យ៉ាង​របស់​ក្មេង​ខ្មែរ​ក្នុង​បុរាណកាល​តែង​លេង​សម្រាប់​កម្សាន្ត​សប្បាយ​នៅ​ពេល​យប់​ខែភ្លឺ​ក្នុង​រដូវ​ចូល​ឆ្នាំ ឬ​នៅ​ពេល​ជា​ចន្លោះ​ការ​ហត់នឿយ ម្តង​ៗ

ល្បែង​«​លាក់កន្សែង​» ជា​ល្បែង​មួយ​យ៉ាង​របស់​ក្មេង​ខ្មែរ​ក្នុង​បុរាណកាល​តែង​លេង​សម្រាប់​កម្សាន្ត​សប្បាយ​នៅ​ពេល​យប់​ខែភ្លឺ​ក្នុង​រដូវ​ចូល​ឆ្នាំ ឬ​នៅ​ពេល​ជា​ចន្លោះ​ការ​ហត់នឿយ ម្តង​ៗ ។

មុន​ដំបូង​ពួក ក្មេង​ៗ​បបួល​គ្នា​បាន​ចំនួន​ពី ៦​ទៅ​៧​នាក់​ឡើង​ទៅ​អង្គុយច្រហោង​ដំកង់​ជា​វង់​មូល ដាក់​ដៃ​ទាំង​ពីរ​ទៅ​មុខ​លើ​ក្បាលជង្គង់​ក្នុង​ទីណា​មួយ​ដែល​ជាទី​វាល​ស្រឡះ​រាបស្មើ​ល្អ​។ គេ​យក​កន្សែង ឬ​ក្រមា​តូច​មួ​យមក​រុំ​មូរ​ឆ្មូល​រឹត​ឱ្យ​តឹង​ណែន​ល្អ ទុក​ជាយ​បន្តិច​សម្រាប់​កាន់​យួរ​បាន  ហៅ​ថា «​កន្សែង​» មាន​ម្នាក់​ក្រោក​ចេញ​ទៅ​ក្រៅ​វង់​កាន់​កន្សែង​នោះ​ដើរ​ព័ទ្ធ​ជុំវិញ​យ៉ាង​លឿន​ពី​ខាងក្រោយ​ខ្នង​អ្នក​អង្គុយ​បញ្ឆោត​អ្នក​អង្គុយ​មិន​ឱ្យ​ដឹងខ្លួន​ថា គេ​លាក់កន្សែង​ក្រោយ ខ្នង​អ្នក​ណា​ទេ ។

ល្បែង​នេះ​មាន​ត្រណម​យ៉ាង​តឹងរ៉ឹង​មិន​ឱ្យ​អ្នកលេង​ងាក​ក្រោយ ឬ​លូកដៃ​ទៅ​ខាងក្រោយ​ខ្នង បើ​អ្នក​ណាមួយ​ហ៊ាន​ងាក ឬ​លូក​ស្ទាប​ខាងក្រោយ​ខ្នង អ្នក​លាក់​មាន​អំណាច​ដាក់​ទណ្ឌកម្ម​អ្នក​នោះ មិន​ឱ្យ​ឡើង​លាក់កន្សែង ឬ​គេ​ឱ្យ​អ្នក​នោះ​អង្គុយ​ធ្មេចភ្នែក​ក៏​បាន ស្រេច​តែ​គេ​ដាក់ទោស​យ៉ាងណា​តាម​ចិត្ត​គេ​ស្ម័គ្រ ។  អ្នក​លាក់ លុះ​រត់​ក្រឡឹង​អ្នក​អង្គុយ​២​ទៅ​៣​ជុំ​ហើយ មើល​តែ​អ្នក​ណា​អង្គុយ​បែប​ភ្លេចខ្លួន​គេ​ក៏​ដាក់​កន្សែង​ក្រោយខ្នង​អ្នក​នោះ​ភ្លាម រួច​គេ​រត់​យ៉ាង​រហ័ស​ព័ទ្ធ​វង់​អ្នក​អង្គុយ ដើម្បី​ឱ្យ​ឆាប់​មក​ដល់​កន្លែង​កន្សែង​ដែល​គេ​ដាក់​នោះ ។  បើ​អ្នក​ដែល​ត្រូវ​គេ​លាក់កន្សែង​ពីក្រោយ​ខ្នង​នោះ​មិនដឹង​ខ្លួន  លុះ​អ្នក​លាក់​រត់​ក្រឡឹង​មក​ម្តងទៀត​ចាប់​យក​កន្សែង​នោះ​បាន​មុន គេ​ទុក​អ្នក​លាក់​នោះ​ជា​ឈ្នះ ត្រូវ​មាន​អំណាច​រើស​យក​កន្សែង​ទៅ​គក់​ខ្នង​អ្នក​ដែល​អង្គុយ​នោះ ហើយ​គេ​យក​កន្សែង​លាក់ត ។

តែបើ​អ្នក​អង្គុយ​ដឹងខ្លួន​ថា គេ​លាក់​ចំ​ក្រោយខ្នង​ខ្លួន ហើយ​ចាប់​យក​កន្សែង​បាន​មុន​អ្នក​លាក់​រត់​មក​ដល់ គេ​ចាត់​ទុក​អ្នក​អង្គុយ​នោះ​ជា​អ្នក​ឈ្នះ ត្រូវ​មាន​អំណាច​ក្រោក​ឡើង​ចាប់​កន្សែង​ដេញ​គក់​អ្នក​លាក់​នោះ​វិញ តែបើ​អ្នក​លាក់​នោះរ​ត់ទៅ​ដល់​កន្លែង​ចន្លោះ​អង្គុយ​បាន អ្នក​កាន់​កន្សែង​នោះ មិន​ត្រូវ​គក់​គេ​ទេ ត្រូវ​រត់​ក្រឡឹង​អ្នក​អង្គុយ​ដំកង់​ដើម្បី​នឹង​លាក់​តទៅ​ទៀត គឺថា​អ្នក​លាក់​ពី​មុន​ត្រូវ​ទៅ​អង្គុយ​កន្លែង​អ្នក​ចាប់​កន្សែង​បាន​ក្នុង​វង់​ដដែល ។

គេ​លេង​តែ​របៀប​នេះ​រហូត​ដល់​ពេល​ឈប់ ។ ជួនកាល​អ្នកខ្លះ​មិន​ដែល​បាន​ឡើង​លាក់កន្សែង​នឹង​គេ​ម្តង​សោះ​ក៏​មាន ព្រោះ​គេ​លាក់កន្សែង​ក្រោយខ្នង​ខ្លួន តែ​មិនដឹង រវល់​តែ​គេ​គក់​ខ្នង​បាន​រាល់ពេល ។

ល្បែង​នេះ គេ​លេង​ដើម្បី​ហាត់​ខ្លួន​ឱ្យ​មាន​ស្មារតី​រឹងប៉ឹង រហ័សរហួន ឱ្យ​មាន​ប្រាជ្ញា​វាងវៃ ហាត់​ទម្លាប់ខ្លួន​ប្រុងស្មារតី​ជា​និច្ច ៕