ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រាក់ មុន្នី​ឧត្តម និង​ភរិយា បើក​អាជីវកម្ម​ទ្រង់ទ្រាយ​ធំ​ក្នុង​ជីវិត

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ជោគជ័យ​នៅ​ក្នុង​អាជីព​បាល់ទាត់ ពេល​នេះ​លោក ប្រាក់ មុន្នី​ឧត្តម និង​ភរិយា បាន​បើក​អាជីវកម្ម​ធំដុំមួយ​បន្ទាប់​ពី​រៀប​ការ​រួច ។ អាជីវកម្ម​នេះ​ត្រូវ​បាន​ប្រកាស​ថា

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ជោគជ័យ​នៅ​ក្នុង​អាជីព​បាល់ទាត់ ពេល​នេះ​លោក ប្រាក់ មុន្នី​ឧត្តម និង​ភរិយា បាន​បើក​អាជីវកម្ម​ធំដុំមួយ​បន្ទាប់​ពី​រៀប​ការ​រួច ។ អាជីវកម្ម​នេះ​ត្រូវ​បាន​ប្រកាស​ថា ចំណាយ​អស់​ជាង​២​ម៉ឺន​ដុល្លារ និង​ជា​អាជីវកម្ម​ទ្រង់ទ្រាយ​ធំ​ដែល​ធ្វើ​ឱ្យ​កីឡាករ​រូប​នេះ​កាន់តែ​ទទួល​បានការ​ចាប់អារម្មណ៍​ថែម​ទៀត​បន្ថែម​ពីលើ​អាជីព​បាល់ទាត់ ។

អ្នក​នាង​ប្រាក់ ស្រី​រ័​ត្ន ភរិយា​លោក ប្រាក់ មុន្នី​ឧត្តម បាន​អះអាង​ថា ដោយសារ​តែ​ចង់ឱ្យ​ជីវភាព​មាន​លំនឹង អ្នកស្រី និង​ស្វាមី បាន​សម្រេច​បើកហាង​បោក​អ៊ុត​ធំ​មួយ​ដោយ​ចំណាយ​អស់​ជាង​២​ម៉ឺន​ដុល្លារ នៅ​ផ្លូវ​ចូល​ទៅ​ផ្សារ​ចាស់ ជិត​ស្ដុ​ប​មន្ទីរពេទ្យ​ព្រះ​អង្គឌួង ។ អ្នក​នាង​ថា អាជីវកម្ម​នេះ​មាន​យីហោ​ថា «៧​ឃ្លី​ន​» ហើយ​ហេតុផល​ដែល​នាំ​ឱ្យ​អ្នក​នាង​និង​ស្វាមី​សម្រេចចិត្ត​បោះទុន​បើកមុខ​របរ​នេះ គឺ ដោយសារ​តែ​មាន​បងស្រី​ជីដូនមួយ​ផ្ដល់​បទ​ពិសោធន៍ និង​ម្យ៉ាង​ចង់​ក្លាយជា​ម្ចាស់​ហាង​ផ្ទាល់ខ្លួន​ផង ។ អ្នក​នាង​ថា សប្បាយចិត្ត​ដែល​មានឱកាស​បាន​បើក​អាជីវកម្ម​ផ្ទាល់ខ្លួន ប៉ុន្តែ​មិន​ទាន់​ស្រឡះ​ចិត្ត​នៅឡើយ​ទេ ដោយសារ​តែ​ភាព​ជាក់ស្ដែង គឺ​ហាង​មួយ​នេះ​នៅ​ត្រូវការ​ដើមទុន​ច្រើន​ដើម្បី​ឱ្យ​គ្រប់​ស្ដង់ដារ ។ មក​ទល់​ពេល​នេះ ហាង​របស់​អ្នក​នាង​ដំឡើង​ម៉ាស៊ីន​ចំនួន​១៥​គ្រឿង​ហើយ​និង​មាន​គម្រោង​ពង្រីក​បន្ថែម​ទៀត ប្រសិនបើ​មាន​តម្រូវការ​ច្រើន​ឡើង​ពី​សំណាក់​អតិថិជន ។ ហាង​មួយនេះ​បាន​បើក​ដំណើរការ​កាលពី​ថ្ងៃ​ទី​២៩ មីនា ដែល​មក​ដល់​ពេល​នេះ​ទើបតែ​បាន​ប្រមាណ​មួយស​ប្ដា​ហ៍​ប៉ុណ្ណោះ ប៉ុន្តែ​កត់សម្គាល់​ឃើញ​ថា មាន​ភ្ញៀវ​ចេញចូល​បោក​អ៊ុត​ច្រើន​គួរសម ។

អ្នក​នាង​ប្រាក់ ស្រី​រ័​ត្ន ថា បើ​ទោះជា​មានការ​មមាញឹក​ជាមួយនឹង​ការ​លេង​បាល់ ប៉ុន្តែ​ស្វាមី​អ្នក​នាង​ក៏​បាន​ជួយ​មើល​ការ​ខុស​ត្រូវ និង​ជួយ​ចាត់ចែង​ការងារ​នៅ​ក្នុង​ហាង​នេះ​យ៉ាង​សកម្ម​ផង​ដែរ ។ ស្វាមី​រមែង​ចំណាយពេល​ច្រើន​ជាមួយ​អាជីវកម្ម​នេះ បើ​ទោះជា​ហាង​ទាំងមូល​មាន​អ្នក​ចាត់ចែង និង​មាន​អ្នក​នាង​នៅ​មើល​ការ​ខុស​ត្រូវ​ក្ដី ។ អាជីវកម្ម​នេះ​មិន​ត្រូវការ​ឱ្យ​ស្វាមី​ជួយ​មើល​ខុស​ត្រូវ​ក៏​បាន​ដែរ ដោយសារ​តែ​ក្នុង​ហាង​ក៏​មាន​ក្រុម​អ្នកបម្រើ​ការ​ដោយ​ផ្នែក​ៗ​រួច​ស្រេច​អស់ហើយ​ដែរ ។

អ្នក​នាង​ថា ហាង​មួយ​នេះ​រំពឹង​ទទួល​បាន​ចំណូល​ច្រើន ដោយសារ​តែ​ទីតាំង​ជួល​បើក​ត្រូវ​ចំ​ប្លង់ដែល​មាន​មនុស្ស​រស់នៅ​អ៊ូអរ ហើយ​ការ​បោក​អ៊ុត​បាន​ក្លាយជា​ចំណូលចិត្ត​របស់​អ្នកមាន​ការងារ​ច្រើន​ដែល​ចង់បាន​សម្លៀក​បំពាក់​ស្អាត ។

អ្នក​នាង​ថា មនុស្ស​ច្រើន​ឡើង​ខ្ជិល​នឹង​ការងារ​បោក​អ៊ុត​ទើប​ខ្លួន​និង​ស្វាមី​សម្រេច​បើកហាង​បែប​ហ្នឹង​ដោយ​រំពឹង​ថា​នឹង​មាន​អ្នក​ចូល​បោក​អ៊ុត​ច្រើន ។

អ្នក​នាង ប្រាក់ ស្រី​រ័​ត្ន បញ្ជាក់​ថា ផ្ទះ​ដែល​ជួល​បើកហាង​នោះ​បាន​កុងត្រា​៣​ឆ្នាំ ហើយ​តម្លៃ​ប្រចាំខែ​គឺ​រហូត​ដល់​ជិត​១​ពាន់​ដុល្លារ តែ​អ្នក​នាង​នៅ​តែ​រំពឹង​ប្រសិនបើ​ហាង​មួយ​នេះ​ដំណើរការ​បន្តិចទៀត​ហើយមាន​អ្នក​ស្គាល់​ច្រើន ។ អ្នក​នាង​និយាយ​ថា ៖«​ផ្ទះ​ហ្នឹង​គ្រាន់តែ​ថ្លៃ​ឈ្នួល​មួយ​ខែ​៩៥០​ដុល្លារ​ហើយ ប៉ុន្តែ​ខ្ញុំ​ថា​ទៅ​រួច​ប្រសិនបើ​ហាង​ដើរ​បាន​បន្តិចទៀត​»​។ អ្នក​នាង​ត្រៀម​ដើម​ខាត​កន្លះ​ឆ្នាំ​ដំបូង ប៉ុន្តែ​បន្តបន្ទាប់​មក គឺ​ពិតជា​ចំណេញ​ដោយសារ​តែ​បទ​ពិសោធន៍​បងប្អូន​ជីដូនមួយ​របស់​អ្នក​នាង​ដែល​បើក​ហាង​បោក​អ៊ុត​ទ្រង់ទ្រាយ​ធំ​អ៊ីចឹង​គឺ​មួយខែ​រក​ចំណូល​បាន​៤​ពាន់​ដុល្លារ ។ អ្នក​នាងថា មុខរបរ​បោក​អ៊ុត​ឱ្យ​តែ​បើក​ចំ​ទីតាំង​ត្រូវ គឺ​នឹង​មាន​ចំណូល​ក្នុង​រង្វង់​ហ្នឹង​ទើប​អ្នក​នាង​សម្រេចចិត្ត​បើក​អាជីវកម្ម​នេះ ដោយ​សុខចិត្ត​ចំណាយ​ដើម​ជាង​២​ម៉ឺន​ដុល្លារ និង​សុខចិត្ត​បោះបង់​ការងារ​ក្រុមហ៊ុន​ចោល បើ​ទោះ​អ្នក​នាង​បាន​បញ្ចប់​បរិញ្ញាបត្រ​ផ្នែក​ហិរញ្ញវត្ថុ​ក្ដី ។

អ្នក​នាង​ថា ខ្លួន​មិន​ចង់​ធ្វើការ​ក្រុមហ៊ុន​នោះ​ទេ ម្យ៉ាង​មក​ពី​ខ្លួន​ចង់ឱ្យ​ជីវិត​ប្ដី​ប្រពន្ធ​មាន​ភាពរឹងមាំ​ផង​ទើប​សម្រេច​បើកហាង​បោក​អ៊ុត ដោយ​គ្រោង​ពង្រឹង​អាជីវកម្ម​មួយ​នេះ​រហូត​រឹង​មាំ និង​គ្មាន​គម្រោង​ពង្រីក​ហាង​ណាមួយ​នោះ​ទេ ។ អ្នក​នាង​ថា នឹង​ជំរុញ​ឱ្យ​ស្វាមី​បន្ត​អាជីព​បាល់ទាត់​មិន​ឱ្យ​ដកថយ​នោះ​ទេ បើ​ទោះជា​ខ្លួន និង​ស្វាមី​ត្រូវ​ដកឃ្លា​មក​មើល​ខុស​ត្រូវ​មុខ​ជំនួញ​បើកហាង​នា​ពេល​នេះ​ក៏​ដោយ ។ ក្នុង​នោះ​ខ្លួន​ក៏​មិន​ទាន់​មាន​គម្រោង​យក​កូន​នោះ​ដែរ ដោយសារ​តែ​ចង់ឱ្យ​ទំនេរ​ពោះ​ដើម្បី​មើល​ខុស​ត្រូវ​ហាង​បើក​ថ្មី​ឱ្យ​ជោគជ័យ​សិន ។ ចាំ​មួយ​ឆ្នាំ​ពីរ​ឆ្នាំ​ឬ​ចាំ​ឱ្យ​មុខ​ជំនួញ​រឹង​មាំ​បន្តិច​សិន​ចាំ​យក​កូន​ក៏​មិន​ទាន់​ហួសពេល​ដែរ ដោយសារ​តែ​ខ្លួន​ទើបតែ​មាន​អាយុ​២៣​ឆ្នាំ រីឯ​ស្វាមី​ក៏​មាន​អាយុ​មិន​ទាន់​ដល់​៣០​ឆ្នាំ​នៅឡើយ ។ អ្នក​នាង​ទទូច​ឱ្យ​គាំទ្រ​អាជីវកម្ម​បើកហាង​បោក​អ៊ុត​របស់​ខ្លួន ដោយ​សន្យា​ថា នឹង​ធ្វើ​ឱ្យ​អាជីវកម្ម​មួយ​នេះ​ដើរទៅ​មុខ​ឱ្យ​រលូន ដោយសារ​តែ​អ្នក​មក​ជួយ​ហាង​អ្នក​នាង​សុទ្ធតែ​មាន​ជំនាញ​ច្រើន​ឆ្នាំ​ក្នុង​អាជីព​បើកហាង​បោក​អ៊ុត​នេះ ៕