ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មណ្ឌលគិរី ចាប់ផ្ដើម​ធ្លាក់​ខ្យល់ ពលរដ្ឋ​នាំ​គ្នា​ត្រៀម​​សម្លៀក​បំពាក់​ក្រាស់​ៗ​ទប់ទល់​ជាមួយ​ភាព​ត្រជាក់

1 ឆ្នាំ មុន
  • មណ្ឌលគិរី

គិត​ត្រឹម​ថ្ងៃ​ទី​២៤ នៃ​ស​ប្តា​ហ៍​ចុង​ក្រោយ​នៃ​ខែតុលា ឆ្នាំ​២០២២​នេះ អាកាសធាតុ​នៅ​ខេត្តមណ្ឌលគិរី ចាប់ផ្ដើម​ធ្លាក់​ខ្យល់​ត្រជាក់​ហើយ ដែល​ស្ថានភាព​បែប​នេះ ហាក់​ខុស​ប្លែក​ពី​ឆ្នាំ​មុន​បន្តិច ព្រោះ​នៅ​ឆ្នាំ​២០២១ អំឡុង​ខែវិច្ឆិកា ទើប​អាកាសធាតុ​ខេត្តមណ្ឌលគិរី ចុះ​ត្រជាក់​ធ្លាក់​ខ្យល់​រងារ តែ​សម្រាប់​ឆ្នាំ​២០២២​នេះ

ខេត្តមណ្ឌលគិរី ៖ គិត​ត្រឹម​ថ្ងៃ​ទី​២៤ នៃ​ស​ប្តា​ហ៍​ចុង​ក្រោយ​នៃ​ខែតុលា ឆ្នាំ​២០២២​នេះ អាកាសធាតុ​នៅ​ខេត្តមណ្ឌលគិរី ចាប់ផ្ដើម​ធ្លាក់​ខ្យល់​ត្រជាក់​ហើយ ដែល​ស្ថានភាព​បែប​នេះ ហាក់​ខុស​ប្លែក​ពី​ឆ្នាំ​មុន​បន្តិច ព្រោះ​នៅ​ឆ្នាំ​២០២១ អំឡុង​ខែវិច្ឆិកា ទើប​អាកាសធាតុ​ខេត្តមណ្ឌលគិរី ចុះ​ត្រជាក់​ធ្លាក់​ខ្យល់​រងារ តែ​សម្រាប់​ឆ្នាំ​២០២២​នេះ សីតុណ្ហភាព​បាន​ធ្លាក់​ចុះ​បន្តិច​ម្ដង​ៗ​ចាប់តាំងពី​ដើមខែ​តុលា​តែ​ម្តង ហើយ​មេឃ​នៅ​តែ​បង្អុរ​ទឹកភ្លៀង​ជា​ញឹកញាប់ ។

គេ​សង្កេត​ឃើញ​ថា នៅ​ក្រុង​សែន​មនោ​រម្យ ចាប់ផ្ដើម​ធ្លាក់​ខ្យល់​ខ្លាំង​លាយឡំ​ដោយ​សីតុណ្ហភាព​ត្រជាក់​នៅ​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ នេះ​ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត ចាប់ផ្ដើម​ប្រើប្រាស់​អាវរ​ងារ​ឡើង​វិញ ដើម្បី​ថែទាំ​សុខភាព​ពី​ផល​ប៉ះពាល់ នៃ​ការ​ធ្លាក់​ចុះ​នៃ​ស្ថានភាព​ត្រជាក់​នេះ​។

ប្រជាពលរដ្ឋ​រស់នៅ​ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី​ផ្ទាល់​តែ​ម្ដង បាន​ឲ្យ​ដឹង​ថា ជា​ទូទៅ​នៅ​រដូវ​រងារ គឺ​ពួក​គាត់ និង​ក្រុម​គ្រួសារ​តែងតែ​ត្រៀម​សម្លៀក​បំពាក់​ក្រាស់​ៗ ដើម្បី​ទប់ទល់​ជាមួយ​ភាព​ត្រជាក់ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក្ដី ឲ្យ​តែ​រដូវរងារ​ចូល​មក​ដល់ មិន​ថា​តែ​ក្មេង​តូច​ៗ​ទេ សូ​ម្បី​តែ​មនុស្ស​ចាស់ ក៏​តែងតែ​ឈឺ​ស្ទើរ​រៀង​រាល់​ឆ្នាំ ដោយ​មាន​អាកា​រៈ​ក្អក ផ្ដាសាយ​ជាដើម តែ​មិន​ធ្ងន់ធ្ងរ​អី​ទេ​។

ប្រជាពលរដ្ឋ​បាន​និយាយ​ថា រដូវរងារ​សម្រាប់​ខេត្តមណ្ឌលគិរី​ឆ្នាំ​នេះ ហាក់​ចុះ​ត្រជាក់​លឿន​ជាង​ឆ្នាំ​មុន​ៗ ប៉ុន្តែ​មិន​ត្រជាក់​ខ្លាំង​ពេក​ទេ នៅ​អាច​ទ្រាំ​បាន​។ ពួក​គាត់​បាន​រម្លឹក​ថា កាលពី​អំឡុង​១០ ឬ​២០​ឆ្នាំ​មុន ខេត្តមណ្ឌលគិរី​មាន​ភាព​ត្រជាក់ រងារ​ខ្លាំង​ណាស់ ដោយ​កាលនោះ​គឺ​ចុះ​ត្រជាក់​រហូត​សម្រាក​មិន​បាន ទោះ​ដណ្ដប់ភួយ​ប៉ុន្មាន​ជាន់​ក៏​ដោយ ។

សូម​បញ្ជាក់​ផង​ដែរ​ថា សម្រាប់​ខេត្តមណ្ឌលគិរី ជា​ពិសេស​ក្រុង​សែន​មនោ​រម្យ ទោះបី​រដូវរងារ​បាន​ចូល​មក​ដល់​លឿន​ជាង​ឆ្នាំ​មុន​បន្តិច​មែន ប៉ុន្តែ​ស្ថានភាព​អាកាសធាតុ មិន​ទាន់​ត្រជាក់​ខ្លាំង​នោះ​ឡើយ ដោយ​សីតុណ្ហភាព​នៅ​ត្រឹម​១៨​ទៅ​២០​អង្សារ​នៅ​ពេល​ព្រឹក ដោយ​នេះ​ជា​កម្រិត​សីតុណ្ហភាព​មួយ មិន​ត្រជាក់​ខ្លាំង​សម្រាប់​ក្រុង​សែន​មនោ​រម្យ​ទេ ព្រោះ​ជា​ទូទៅ​នៅ​អំឡុង​ខែធ្នូ ឬ​ខែមករា បរិយាកាស​ត្រជាក់​អាច​ធ្លាក់​ចុះ​ក្រោម​១៥​អង្សារ​ទៅ​ទៀត ។

ទន្ទឹម​នឹង​នេះ​ដែរ ចំពោះ​រដូវរងារ​នៅ​ខេត្តមណ្ឌលគិរី នឹង​អូស​បន្លាយ​ប្រហែល​៣​ទៅ​៤​ខែ គិត​ចាប់ពី​តុលា រហូត​ដល់​ខែមករា ឬ​អាច​ដល់​ខែកុម្ភៈ ដែល​អំឡុង​ពេល​ប៉ុន្មាន​ខែ​នេះ អ្នកទេសចរ​មក​កម្សាន្ត​នៅ​ខេត្តមណ្ឌលគិរី ពិតជា​បាន​ស្គាល់​នូវ​បរិយាកាស​ត្រជាក់​ខុស​ប្លែង​ពី​តំបន់​ផ្សេង ចំណែក​ទេសភាព​វិញ​នោះ វាលស្មៅ​គ្របដណ្ដប់​តាម​កំពូលភ្នំ ក៏​នឹង​ប្រែ​ទៅ​ជា​ពណ៌​មាស​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ