ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋវិទូ​និយាយ​ពី​ស្ថានភាព​សេដ្ឋកិច្ច​កម្ពុជា​សម្រាប់​រយៈពេល​វែង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុម​សេដ្ឋវិទូ​កម្ពុជា​កំពុង​រីករាយ​នឹង​លទ្ធផល​នៃ​កំណើនសេដ្ឋកិច្ច ដែល​កម្ពុជា​ទទួល​បាន និង​ផ្តោត​លើ​ផែនការ​រយៈពេល​វែង​ខាង​មុខ ដើម្បី​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ

រាជធានី​ភ្នំពេញ ៖ ក្រុម​សេដ្ឋវិទូ​កម្ពុជា​កំពុង​រីករាយ​នឹង​លទ្ធផល​នៃ​កំណើនសេដ្ឋកិច្ច ដែល​កម្ពុជា​ទទួល​បាន និង​ផ្តោត​លើ​ផែនការ​រយៈពេល​វែង​ខាង​មុខ ដើម្បី​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​រីក​ចម្រើន​បន្ត​ទៀត ។

សេដ្ឋវិទូ​កម្ពុជា លោក​បណ្ឌិត ម៉ី កល្យាណ​ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិថ្លែង​ថា សន្តិភាព និង​ស្ថិរភាព​នយោបាយ​ជា​អ្វី​ដែល​សំខាន់​សម្រាប់​កត្តា​ផ្ទៃក្នុង​កម្ពុជា ហើយ​សេរីភាវូបនីយកម្ម និង​ភាព​មិន​ចង្អៀតចង្អល់​បាន​បើកឱកាស​ឲ្យ​វិនិយោគិន​ចូល​មក​កម្ពុជា​កាន់តែ​ច្រើន ។ ជាមួយ​គ្នា​នេះ កម្ពុជា​ក៏​មាន​យុទ្ធសាស្ត្រ​ត្រឹមត្រូវ ពិសេស​គោលនយោបាយ​ដាក់​ចេញ​ដោយ​សម្តេច​តេ​ជោ ដែល​ផ្តោត​លើ​ទឹក ភ្លើង ផ្លូវ និង​មនុស្ស​នៅ​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ ពិតជា​យុទ្ធសាស្ត្រ​ដ៏​ល្អ ។

លោក​បណ្ឌិត​បន្ត​ថា ៖ « យុទ្ធសាស្ត្រ​ចតុកោណ​មិន​ត្រឹមត្រូវ​ឥត​ខ្ចោះ​ទេ តែ​ជា​ទស្សនទាន​រួម គឺ​កម្ពុជា​កំពុង​ដើរ​លើ​ផ្លូវ​ត្រឹមត្រូវ ស្រប​ពេល​សកម្មភាព​សេដ្ឋកិច្ច​របស់​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក​មាន​ភាព​សកម្ម បាន​ជំរុញ​អំណោយផល​ដល់​កម្ពុជា » ។ លោក​បន្ត​ថា​៖ « ក្នុង​ពេល​សេដ្ឋកិច្ច​កម្ពុជា​បាន​ចេញដំណើរ​ពី​ធនធាន​តិចតួច កំណើន​សេដ្ឋកិច្ច​កម្ពុជា​ដែល​សម្រេច​បាន​កន្លង​មក​មិនសូវ​ពិបាក​ទេ ប៉ុន្តែ​កម្ពុជា​ពិបាក​នឹង​សម្រេច​បាន​នូវ​កំណើនសេដ្ឋកិច្ច​បែប​នេះ​បន្ត​ទៀត​នា​ពេល​ខាង​មុខ ដោយសារ​សេដ្ឋកិច្ច​កម្ពុជា​កាន់តែ​ធំ និង​ប្រកួតប្រជែង​កាន់តែ​ខ្លាំង » ។

សេដ្ឋវិទូ ម៉ី កល្យាណ បន្ថែម​ថា ៖ «​កម្ពុជា​ត្រូវ​ចាប់ផ្តើម​គិត​ពី​បរិមាណ និង​គុណភាព​នៃ​កំណើន និង​ធ្វើ​យ៉ាងណា​ឲ្យ​មាន​សមធម៌​ក្នុង​សង្គម ហើយ​កម្ពុជា​ត្រូវ​បន្ត​ខិតខំ​បន្ថែម​ទៀត តាម​រយៈ​ការ​ពង្រឹង​ចំណេះដឹង ជំនាញ ប្រសិទ្ធភាព​ស្ថាប័ន ពិសេស​ការ​ធ្វើ​ការងារ​ជា​ក្រុម​ដែល​ប្រព័ន្ធ​ការងារ​បែប​នេះ​មិន​ទាន់​បាន​អនុវត្ត​ប្រសើរ​នៅឡើយ » ។
លំហូរ​ទុន​វិនិយោគ​ពី​បរទេស ឬ​ហៅ​កាត់​ថា F.D.I មក​កម្ពុជា ក្នុង​រយៈពេល​២០​ឆ្នាំ​ចុង​ក្រោយ​ចន្លោះ​ឆ្នាំ​១៩៩៤ ដល់​២០១៤ មាន​ទំហំ​ប្រមាណ​១៩,២​ពាន់​លាន​ដុល្លារ ក្នុង​នោះ​៤៤% គឺជា​ទឹកប្រាក់​វិនិយោគ​របស់​ចិន ។

យោង​តាម​ការ​ព្យាករ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ឲ្យ​ដឹង​ថា កម្ពុជា​នឹង​សម្រេច​បាន​នូវ​កំណើនសេដ្ឋកិច្ច​៧%​នា​ឆ្នាំ​នេះ ជា​ការ​ព្យាករ​ស្របគ្នា​នឹង​មូលនិធិ​រូបិយប័ណ្ណ​អន្តរជាតិ ធនាគារអភិវឌ្ឍន៍អាស៊ី និង​ធនាគារពិភពលោក​ផង​ដែរ ។

ទីប្រឹក្សា​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ជា​អ្នកត្រួសត្រាយ​ផ្លូវ​ប្រទេស​នេះ​ចូល​ក្នុង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក លោក​បណ្ឌិត សុក ស៊ី​ផា​ន់​ណា ថ្លែង​ថា ដោយសារ​តែ​សុខ​សន្តិភាព​រកបាន​ដោយ​សម្តេច​តេ​ជោ​នេះ​ហើយ ទើប​សម្តេច​បាន​ភ្ជាប់​ខ្លួន និង​លោត​ចូល​ក្នុង​ឆាក​អន្តរជាតិ ព្រោះ​ចង់​មិន​ចង់ ប្រទេស​យើង​តូច ទីផ្សារ​តូច ។ ដូច្នេះ ការ​ធ្វើ​សមាហរណកម្ម​តំបន់ និង​លោត​ចូល​ទីផ្សារ​ពិភពលោក​ជា​កត្តា​ធំ​បំផុត ដែល​ឆ្លុះ​បង្ហាញ​ពី​ការ​រីក​ចម្រើន​របស់​កម្ពុជា ក្នុង​រយៈពេល​ជាង​២​ទសវត្សរ៍​នេះ ។

លោក​បណ្ឌិត សុក ស៊ី​ផា​ន់​ណា បន្ត​ថា ពិភពលោក​បាន​ទទួលស្គាល់​កម្ពុជា​មាន​ស្នាដៃ​កំណើនសេដ្ឋកិច្ច ដែល​ចេញ​មក​ពី​គោលនយោបាយ​សមាហរណកម្ម​ក្នុង​តំបន់ និង​ពិភពលោក ។ ជាក់ស្តែង សម្តេច​បាន​រុញ​ឲ្យ​កម្ពុជា​ចូល​ក្នុង​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ក្នុង​ឆ្នាំ​២០០៤ និង​សមាហរណកម្ម​ស៊ីជម្រៅ​ក្នុង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ដែល​កត្តា​ទាំង​ពីរ​នេះ​ធ្វើ​ឲ្យ​វិនិយោគិន​ចូល​មក​កម្ពុជា ដោយសារ​កម្ពុជា​មាន​សុខ​សន្តិភាព ហើយ​គោរព​បាន​តាម​និន្នាការ​ពិភពលោក និង​មាន​រោងចក្រ​មក​ច្រើន ដោយសារ​គេ​ឃើញ​ថា កម្ពុជា​មាន​ទីផ្សារ​លក់​នៅ​លើ​ឆាក​អន្តរជាតិ​គ្រប់គ្រាន់ ។

លោក​បណ្ឌិត​បន្ត​ថា ៖ « ការ​ធ្វើ​សមាហរណកម្ម​បាន​ធ្វើ​ឲ្យ​កម្ពុជា​ចូលរួម​ក្នុង​សង្វា​ក់​ផលិតកម្ម​ពិភពលោក ជាទី​ផ្សារ​ដែល​បាន​ផ្តល់​ដល់​កម្ពុជា ។ អីចឹង​បើ​យើង​ធ្វើ​សមាហរណ​កម្ម​តំបន់ ដែល​ផ្តល់​លទ្ធភាព​ឲ្យ​យើង​ចូលរួម​ក្នុង​សង្វា​ក់​ផលិតកម្ម​ពិភពលោក ក្នុង​ការ​ដំឡើង​ឡាន អេ​ឡិច​ត្រូ​និក និង​កាត់ដេរ​ជាដើម ប៉ុន្តែ​បើ​យើង​អត់​ទីផ្សារ ក៏​យើង​មិន​អាច​លក់​ឲ្យ​ទីផ្សារ​ប្រទេស​ជិតខាង​ទេ ទីផ្សារ​របស់​យើង​គឺ​ទីផ្សារ​ប្រទេស​អ្នកមាន​ដូច​ជា អា​មេ​រិ​ក សហគមន៍​អឺរ៉ុប និង​ជប៉ុន​ជាដើម » ។

លោក​បណ្ឌិត សុក ស៊ី​ផា​ន់​ណា បន្ត​ថា ប្រទេស​កម្ពុជា​មាន​អំណោយផល​ច្រើន​សម្រាប់​ការ​អភិវឌ្ឍ ដោយ​មាន​ប្រជាជន​វ័យក្មេង​ច្រើន កម្លាំង​ពលកម្ម​ថោក ឧត្តមភាព​ប្រកួត​ប្រជែង​ច្រើន​ខាង​ធនធានធម្មជាតិ ដែល​មាន​ចម្ការ​កៅស៊ូ​រាប់​ម៉ឺន​ហិ​កតា និង​កំពុង​ចាប់ផ្តើម​ចៀរ​ជ័រ មាន​លទ្ធភាព​ស្វាគមន៍​វិនិយោគិន​មាន​បច្ចេកវិទ្យា​ខ្ពស់​កែ​ច្នៃ​ផលិតផល​របស់​យើង​។ បើ​និយាយ​ពី​កសិកម្ម​ក៏​ដូច​គ្នា​ដែរ កម្ពុជា​បាន​នាំ​អង្ករ​ចេញ ដំឡូង​មី​ដាំ​បាន​ច្រើន និង​ម្រេច​ជាដើម សុទ្ធតែ​មាន​កាលានុវត្តភាព​ខ្ពស់​ក្នុង​ការ​អភិវឌ្ឍ ។

លោក​បណ្ឌិត​បន្ត​ថា ៖ « នៅ​ពេល​អនាគត បើ​កម្ពុជា​រក្សា​បាន​កំណើនសេដ្ឋកិច្ច​៧​ទៅ​៨% វា​មហា​អស្ចារ្យ​ហើយ ព្រោះ​ប្រទេស​យើង​តូច មិន​អាច​លោត​ផ្លោះ​ដូច​ប្រទេស​ធំ​មាន​ធនធាន​ច្រើន​ទេ ហើយ​អ្វី​ដែល​សម្តេច​នាយក​រដ្ឋមន្ត្រី រុញ​កម្ពុជា ឲ្យ​ក្លាយជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ វា​សមរម្យ មាន​កិ​តិ្ត​យស រស់​មាន​ន័យ​ល្អ​ហើយ ។ ដូច្នេះ តួនាទី​សម្តេច​នៅ​ទី​ខ្ពស់ ប៉ុន្តែ​ប្រជាពលរដ្ឋ សហគ្រាស និយោជក ពួក​គាត់​ត្រូវ​យល់ ធ្វើ​យ៉ាងម៉េច​រួមដៃគ្នា​ឲ្យ​ប្រទេស​យើង​មាន​ស្ថិរភាព​សង្គម ព្រោះ​ការ​រកស៊ី គ្មាន​រឿង​អ្វី​ធំ​ជាង​អ​ស្ថិរភាព​សង្គម​ទេ ។ ដូច្នេះ ទាំងអស់​គ្នា​ត្រូវ​រួមដៃគ្នា​ធ្វើ​យ៉ាងណា ការពារ​ឆ្នាំងបាយ​របស់​យើង​កុំ​ឲ្យ​បែក » ៕