ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បក្ស​ប្រឆាំង​ដកថយ ព្រម​ដក​ពាក្យស្លោក​ជា​ផ្លូវការ និង​ក្បាលម៉ាស៊ីន​បក្ស​រក្សា​នៅ​ដដែល

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក កឹ​ម សុខា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ផ្ញើ​លិខិត​ចំនួន​ពីរ​ច្បាប់​ផ្សេង​គ្នា​ទៅ​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី

រាជធានី​ភ្នំពេញ ៖ លោក កឹ​ម សុខា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ផ្ញើ​លិខិត​ចំនួន​ពីរ​ច្បាប់​ផ្សេង​គ្នា​ទៅ​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ អំពី​ការ​សម្រេច​ដក​ចំណងជើង​គោលនយោបាយ​ជា អាទិភាព​ទាំង​៥​ចំណុច​ដែល​បាន​បង្ក​ភាព​ចម្រូងចម្រាស​គឺ «​ដូរ​មេឃុំ​បម្រើ​បក្ស​ដាក់​មេឃុំ​បម្រើ​រាស្ដ្រ​» កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ​។

យោង​តាម​លិខិត​របស់​លោក កឹ​ម សុខា បាន​លើកយក​កម្មវត្ថុ​ស្តី​ពី​ការ​ជូនដំណឹង​ការ​ដក​ចំណងជើង​ចេញពី​គោលនយោបាយ​អាទិភាព​៥​ចំណុច សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧  ។

លោក​បញ្ជាក់​ថា ​៖ «​យោង​តាម​មាត្រា ២៦​ថ្មី​នៃ​ច្បាប់​ស្តី​ពី​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​លិខិត​ជូនដំណឹង​របស់​ក្រសួងមហាផ្ទៃ​ចុះ​ថ្ងៃ​ទី​២២ ខែមីនា ឆ្នាំ​២០១៧ និង​លិខិត​លេខ​៥៧២​នោះ ខ្ញុំ​សូម​ជម្រាប​ជូន​សម្តេច​ក្រឡាហោម​នូវ​សេចក្តីសម្រេច​ដាក់​នូវ​ចំណងជើង «​ដូរ​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ​» ចេញពី​គោលនយោបាយ​អាទិភាព​៥​ចំណុច​របស់​គណបក្ស​សង្គ្រោះ​ជាតិ សម្រាប់​ការ​បោះ​ឆ្នោត ឃុំ សង្កាត់ អាណត្តិ​ទី​៤ ឆ្នាំ​២០១៧​ខាង​មុខ​នេះ​» ។

លោក​ថា គោលនយោបាយ​អាទិភាព​៥​ចំណុច​របស់​គណបក្ស​សង្គ្រោះ​ជាតិ​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​ឃុំ សង្កាត់ អាណត្តិ​ទី​៤​មាន ៖
១-​ពង្រឹង​សិទ្ធិ​អំណាច​ប្រជាពលរដ្ឋ
២-​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ និង​ការ​អភិវឌ្ឍ
៣-​សេវា​សាធារណៈ
៤-​សន្តិសុខ
៥-​វិមជ្ឈការ (​គោលនយោបាយ​ថ្នាក់​ជាតិ​សម្រាប់​ឃុំ​សង្កាត់​) ។

ចំណែក​លិខិត​មួយ​ច្បាប់​ទៀត​របស់​លោក កឹ​ម សុខា ក៏​បាន​ឲ្យ​ដឹង​ពី​សមាសភាព​ក្បាលម៉ាស៊ីន​ថ្មី ដែល​គណៈកម្មាធិការ​នាយក​គណបក្ស​បាន​សម្រេច​ជា​ថ្មី​ផង​ដែរ ។
លោក​បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​សូម​ជម្រាប​សម្តេច​ក្រឡាហោម​មេត្តា​ជ្រាប​ថា គណៈកម្មាធិការ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ បាន​បើក​កិច្ចប្រជុំ​នៅ​រសៀល​ថ្ងៃ​ទី​២ ខែមេសា ឆ្នាំ​២០១៧ ហើយ​បាន​សម្តែង​ការ​អបអរសាទរ​ជា​ថ្មី​ម្តងទៀត​ដល់​រូប​ខ្ញុំ​ជា​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ រហូត​ដល់​ចប់​អាណត្តិ​ជំនួស​លោក សម រ​ង្ស៊ី ដែល​បាន​លាឈប់​ពី​ប្រធាន​បក្ស ស្រប​តាម​ប្រការ​៤៧​ថ្មី​នៃ​លក្ខន្តិកៈ​គណបក្ស គណៈកម្មាធិការ​នាយក​បាន​សម្រេច​ជា​ឯកច្ឆ័ន្ទ​នៃ​សមាជិក​វត្តមាន​ផ្តល់​ការ​គាំទ្រ​ជា​ថ្មី​ម្តងទៀត​ដល់​សមាសភាព​អនុប្រធាន​គណបក្ស គឺ​លោក ប៉ុ​ល ហំ​ម លោកស្រី មូរ សុខ​ហួរ និង​លោក អេ​ង ឆៃ​អ៊ា​ង ស្រប​តាម​ប្រការ​៤៧​ថ្មី នៃ​លក្ខន្តិកៈ​គណបក្ស​» ។

លោក​បន្ថែម​ថា សមាសភាព​ប្រធាន និង​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ដូច​ជា ៖
១-​លោក កឹ​ម សុខា ជា​ប្រធាន​គណបក្ស
២-​លោក ប៉ុ​ល ហំ​ម ជា​អនុប្រធាន
៣-​លោកស្រី មូរ សុខ​ហួរ ជា​អនុប្រធាន 
៤-​លោក អេ​ង ឆៃ​អ៊ា​ង  ជា​អនុប្រធាន 

យ៉ាងណា​ក្តី​ការ​ផ្ញើ​លិខិត​របស់​មេ​បក្ស​ប្រឆាំង​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រសួងមហាផ្ទៃ​បាន​លើក​ឡើង​ថា ការ​ធ្វើ​សមាជ​វិសាមញ្ញ​កាលពី​ថ្ងៃ​ទី​២ ខែមីនា ដើម្បី​ជ្រើសរើស​ក្បាលម៉ាស៊ីន​ថ្មី​កន្លង​មក​នោះ​គឺ​ខុស​នឹង​លក្ខន្តិកៈ​គណបក្ស​របស់​ខ្លួន ហើយ​ថា​នឹង​មាន​វិធានការ​ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ ប្រសិនបើ​មិន​គោរព​តាម ។
សម្រាប់​លិខិត​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ដាក់​ទៅ​កាន់​ក្រសួងមហាផ្ទៃ​នោះ មិន​ទាន់​មានការ​ឆ្លើយ​តប​យ៉ាងណា​ពី​ក្រសួង​នោះ​ទេ រហូត​មក​ដល់​ពេល​នេះ ៕