រាជធានីភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុកាលពីថ្ងៃទី២៥ មីនា វេលាម៉ោង១៣និង២០នាទី ដោយសារត្រូវរថយន្ត១គ្រឿងបុកនៅលើផ្លូវទំនប់កប់ស្រូវភូមិត្រពាំងរាំង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ រថយន្តមួយគ្រឿងនេះម៉ាកកាមរីពណ៌ស ពាក់ស្លាកលេខឧត្តរមានជ័យ 2A-0029 បើកបរដោយឈ្មោះសោម វិសាល ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅស្រុកសំរោង ខេត្តឧត្តរមានជ័យ ជាមន្ត្រីអគ្គិសនី និងជាអ្នកលក់គ្រឿងអគ្គិសនី ស្នាក់នៅសង្កាត់ចោមចៅ ខណ្ឌដង្កោ ចំណែកបុរសដែលស្លាប់ជិះម៉ូតូសង់កូរ៉េ គ្មានស្លាកលេខតែម្នាក់ឯង។
តាមប្រភពព័ត៌មាននិយាយថា បុរសជិះម៉ូតូសង់កូរ៉េដែលស្លាប់ឈ្មោះប៉ោ មង្គល អាយុ៣៨ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនហ្គេន មានស្រុកកំណើតនៅស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ។ បុរសរូបនេះជិះម៉ូតូទៅចូលរួមបុណ្យនៅក្នុងវត្តកប់ស្រូវ លុះពេលទៅដល់ចំណុចខាងលើក៏ត្រូវរថយន្តមួយគ្រឿងនេះដែលធ្វើដំណើរស្របទិសគ្នាបុកចំពីក្រោយ ហើយអូសជាង១០០ម៉ែត្រ ។ ក្រោយកើតហេតុ អ្នកបើកបររថយន្តបានត្រូវអ្នកធ្វើដំណើរដែលឃើញហេតុការណ៍នេះចាប់បញ្ចូនខ្លួនឱ្យប៉ូលិសដើម្បីអនុវត្តតាមច្បាប់ ចំណែកសពជនរងគ្រោះត្រូវបានគ្រួសារនាំយកទៅធ្វើបុណ្យតាមប្រពៃណី ៕


ចែករំលែកព័តមាននេះ