ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​ទើបតែ​អនុញ្ញាត​ឱ្យ​កម្ពុជា​នាំ​ផលិតផល​កសិកម្ម​ទៅ​ទីផ្សារ​បាន​4​មុខ​ប៉ុណ្ណោះ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កន្លង​មក រដ្ឋាភិបាល​ចិន​បាន​អនុញ្ញាត​ឲ្យ​កម្ពុជា​នាំ​ផលិតផល​កសិកម្ម​ជាង​២០០​មុខ​ទៅ​ទីផ្សារ​របស់​ខ្លួន ប៉ុន្តែ​គិត​មក​ទល់​ពេល​នេះ អគ្គនាយកដ្ឋាន​រដ្ឋបាល​ច​ត្តា​ឡី​ស័ក​ចិន

រាជធានី​ភ្នំពេញ ៖ កន្លង​មក រដ្ឋាភិបាល​ចិន​បាន​អនុញ្ញាត​ឲ្យ​កម្ពុជា​នាំ​ផលិតផល​កសិកម្ម​ជាង​២០០​មុខ​ទៅ​ទីផ្សារ​របស់​ខ្លួន ប៉ុន្តែ​គិត​មក​ទល់​ពេល​នេះ អគ្គនាយកដ្ឋាន​រដ្ឋបាល​ច​ត្តា​ឡី​ស័ក​ចិន (​ការ​ត្រួតពិនិត្យ​ទៅ​លើ​សុវត្ថិភាព​ចំណីអាហារ​) ទើប​អនុញ្ញាត​ឲ្យ​កម្ពុជា​នាំ​ចូល​ជា​ផ្លូវការ​បាន​តែ​៤​មុខ​ប៉ុណ្ណោះ ។ នេះ​បើ​យោង​តាម​មន្ត្រីជាន់ខ្ពស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ។

ថ្លែងប្រាប់​សារព័ត៌មាន​កោះសន្ដិភាព លោក វេ​ង សា​ខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​លើក​ឡើង​ថា ដោយសារ​វិស័យ​ឯកជន​នៅ​កម្ពុជា​មិន​ទាន់​បាន​បោះទុន​វិនិយោគ​ពេញលេញ​នូវ​សង្វា​ក់​ផលិតកម្ម​វេច​ខ្ចប់​ផលិតផល​កសិកម្ម​ប្រកបដោយ​អនាម័យ​នៅឡើយ និង​គ្មាន​ការ​ជឿជាក់​ពី​គេ ជា​ហេតុ​ធ្វើ​ឲ្យ​មុខទំនិញ​មួយ​ចំនួន​មិន​ត្រូវ​បាន​អនុញ្ញាត ។ ចំណែក​ទំនិញ​ទាំង​៤​មុខ​ដែល​គេ​អនុញ្ញាត​រួម​មាន អង្ករ ចុងអង្ករ ពោត និង​ដំឡូង​មី ។

លោក​រដ្ឋមន្ត្រី​ថ្លែង​ថា ៖ « ថ្មី​ៗ​នេះ បើ​ទោះបីជា​រដ្ឋាភិបាល​ទាំង​ពីរ​បាន​ឯកភាព​គ្នា​នាំ​ចេញ​អង្ករ​ទៅ​ប្រទេស​ចិន ចំនួន​២០​ម៉ឺន​តោន រួម​នឹង​ពិធីសារ​ដែល​ចុះហត្ថលេខា​ហើយ​ក្តី ក៏​អគ្គនាយកដ្ឋាន​ច​ត្តា​ឡី​ស័ក​ចិន ទាមទារ​ចុះ​មក​ពិនិត្យ​តាម​រោង​ម៉ាស៊ីន​ស្រូវ​នៅ​កម្ពុជា ដើម្បី​ឈ្វេងយល់​ពី​ការ​រក្សា​ទុកដាក់ វិធីសាស្ត្រ​នៃ​ការ​កិន​អង្ករ ការ​ច្រក​វេច​ខ្ចប់ រួម​ជាមួយ​រាល់​កំណត់​ត្រា​តាមដាន​គុណភាព​ផង​ដែរ » ។

លោក​រដ្ឋមន្ត្រី​បន្ត​ថា តាម​ការ​វាយតម្លៃ​រួម​គ្នា​កន្លង​មក ភាគី​ចិន​ទទួលយក​ក្រុមហ៊ុន​កិន​អង្ករ​កម្ពុជា​ចំនួន​តែ​២៦​ទេ ដែល​អាច​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន​បាន ។ ទន្ទឹម​នឹង​នេះ ប្រសិនបើ​មាន​ក្រុមហ៊ុន​ផ្សេង​ពី​២៦​នេះ មាន​បំណង​ចង់​នាំ​ចេញ​ទៅ​កាន់​ប្រទេស​ចិន​នោះ អគ្គនាយកដ្ឋាន​ច​ត្តា​ឡី​ស័ក​ចិន​មិន​អនុញ្ញាត​ឲ្យ​ចូល​ទៅ​ក្នុង​ទឹកដី​ចិន​ឡើយ នេះ​ជា​ច្បាប់​របស់​ប្រទេស​ចិន ។ ជាមួយ​គ្នា​នេះ ក៏​មាន​បណ្តា​ប្រទេស​មួយ​ចំនួន​កំពុង​ដើរ​តាម​កន្លង​របស់​ចិន​ដែរ ។

លោក​រដ្ឋមន្ត្រី​ថ្លែង​ថា ៖ « ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ កំពុង​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​នេះ​ខ្លាំង​ណាស់ ដើម្បី​បញ្ចៀស​ផល​ប៉ះពាល់​សេដ្ឋកិច្ច​កម្ពុ​ជានា​ពេល​អនាគត​។ ដោយឡែក ប្រទេស​ក្នុង​តំបន់​អាស៊ាន​កំពុង​ចាត់វិធានការ​នេះ​ជា​បណ្តើរ​ៗ​ហើយ ក្រោយ​ពី​មាន​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​កសិកម្ម​អាស៊ាន នា​ខែតុលា ឆ្នាំ​២០១៦​កន្លង​ទៅ នៅ​ប្រទេស​សិង្ហ​បុរី​។ អាស្រ័យ​ហេតុនេះ ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម រួម​ជាមួយ​វិស័យ​ឯកជន ជា​ពិសេស SME ត្រូវ​យកចិត្តទុកដាក់​លើ​បញ្ហា​នេះ​ឲ្យ​មែនទែន ដើម្បី​បញ្ចៀស​បាន​នូវ​ការ​បាត់បង់​ទីផ្សារ​របស់​កសិករ​នា​ពេល​ខាង​មុខ » ៕