ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆាំ្ន​2016 ប្រៃសណីយ៍​កម្ពុជា​រក​ចំណូល​បាន​ជាង​9​លាន​ដុល្លារ​អា​មេ​រិ​ក

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ប្រៃសណីយ៍​កម្ពុជា ដែល​ស្ថិត​នៅ​ក្រោម​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដែល​មាន​តួនាទី​ជា​អ្នក​ផ្ដល់​សេវា​សាធារណៈ​ដល់​ប្រជាពលរដ្ឋ​ទៅ​លើ​បញ្ញើ និង​ការ​ដឹក​ជញ្ជូន បាន​ឲ្យ​ដឹង​ថា

រាជធានី​ភ្នំពេញ ៖ ប្រៃសណីយ៍​កម្ពុជា ដែល​ស្ថិត​នៅ​ក្រោម​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ដែល​មាន​តួនាទី​ជា​អ្នក​ផ្ដល់​សេវា​សាធារណៈ​ដល់​ប្រជាពលរដ្ឋ​ទៅ​លើ​បញ្ញើ និង​ការ​ដឹក​ជញ្ជូន បាន​ឲ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០១៦​កន្លង​ទៅ ខ្លួន​រក​ចំណូល​សរុប​បាន​ចំនួន​៩.៤៧៦.២០៧​ដុល្លារ​អា​មេ​រិ​ក លើស​ផែនការ​គ្រោងទុក​ដែល​ធ្លាប់​រំពឹង​ថា ទទួល​បាន​ត្រឹមតែ​៥.៧៦០.៣២៧​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ ។

ទោះបី​យ៉ាងណា បើ​តាម​របាយការណ៍​របស់​ប្រៃសណីយ៍​កម្ពុជា បានឱ្យ​ដឹង​ថា ចំណាយ​ផ្សេង​ៗ​ក្នុង​ឆ្នាំ​២០១៦​របស់​ប្រៃសណីយ៍​កម្ពុជា​សរុប​អស់​ទឹកប្រាក់​ប្រមាណ​៨.៨៨៩.៧២៦​ដុល្លារ​អា​មេ​រិ​ក ។ សម្រាប់​ប្រាក់​ចំណេញ​របស់​ប្រៃសណីយ៍​កម្ពុជា មុន​បង់ពន្ធ​ក្នុង​ឆ្នាំ​២០១៦​មាន​ចំនួន​៥៨៦.៤៨១​ដុល្លារ​អា​មេ​រិ​ក កើនឡើង​១៩៥,៥%​ដែល​មានទឹក​ចំនួន​១៩៨.៤៦៤​ដុល្លារ​អា​មេ​រិ​ក ។

នៅ​ក្នុង​ពិធី​បូក​សរុប​លទ្ធផល​ការងារ​របស់​ប្រៃសណីយ៍​កម្ពុជា កាលពី​ថ្ងៃ​ទី​៣ មេ​សា ម្សិលមិញ លោក​អោ​ក បូ​រ៉ា អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា បាន​មាន​ប្រសាសន៍​ថា​បច្ចុប្បន្ន​នេះ​សេវាកម្ម​របស់​ប្រៃសណីយ៍​កម្ពុជា បាន​ពង្រីក​ដល់​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ក៏​ត្រៀម​ពង្រីក​សាខា​ជា​បន្តបន្ទាប់​ទៀត ដើម្បី​ឱ្យ​បាន​កាន់តែ​ជិត​ប្រជាពលរដ្ឋ​តែ​ម្ដង ។

លោក​មាន​ប្រសាសន៍​ថា ៖« កន្លង​មក​យើង​បាន​បើក​រួច​មក​ហើយ​នូវ​សេវាកម្ម​របស់​ប្រៃសណីយ៍​កម្ពុជា​នៅ​ផ្សារ​ទំនើប​អុ​ី​អន​ម៉​ល ហើយ​នៅ​ឆ្នាំ​នេះ យើង​នឹង​បើក​សាខា​នៅ​តាម​ផ្សារ​ធំ​ៗ​ជា​ច្រើន​ទៀត ដូច​ជា​ផ្សារ​ធំ​ថ្មី ផ្សារ​អូ​ឡាំ​ពិ​ក និង​ផ្សារ​អូរ​ឫស្សី​ជាដើម​» ។  លោក​បន្ត​ថា សព្វ​ថ្ងៃនេះ ប្រៃសណីយ៍​កម្ពុជា ថ្វី​ដ្បិតតែ​ជា​សហគ្រាស​សាធារណៈ តែ​មាន​ដៃគូ​ប្រកួតប្រជែង​ជា​សហគ្រាស​ឯកជន​ជាង​២០​ក្រុមហ៊ុន ដូច​ជា​ក្រុមហ៊ុន DHL , UPS , U Express ជាដើម ក៏​ប៉ុន្តែ​បរិមាណ​បញ្ញើ​តាម​ប្រៃសណីយ៍​កម្ពុជា នៅ​តែ​ឈរ​លើ​លំដាប់ថ្នាក់​លេខ​១​ដដែល​ក្នុង​ចំណោម​ក្រុមហ៊ុន​ធ្វើ​សេវាកម្ម​ដូច​គ្នា​ទៅ​នឹង​ប្រៃសណីយ៍​កម្ពុជា​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ។

លោក​ថា ៖« ចំណូល​ប្រៃសណីយ៍​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​២០១៦​កន្លង​ទៅ​នេះ មាន​ប្រមាណ​ជាង​៩​លាន​ដុល្លារ​អា​មេ​រិ​ក បើ​ធៀប​នឹង​ឆ្នាំ ២០១៥ មាន​កំណើន​ប្រមាណ​៧៥% ដែល​រក​ចំណូល​បាន​តែ​ជាង​៥​លាន​ដុល្លារ​កន្លះ​ប៉ុណ្ណោះ ដូចនេះ​ហើយ​ទើប​ប្រៃសណីយ៍​កម្ពុជា​ត្រូវការ​ពង្រីក​សេវា​បន្ថែម​ទៀត » ។

លោក​អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា បាន​បន្ថែម​ថា នៅ​ក្នុង​ឆ្នាំ​២០១៧​នេះ​តទៅ ក្រៅពី​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​បញ្ញើ​ទាំង​ជាង​២០​ហើយ​នោះ ប្រៃសណីយ៍​កម្ពុជា​នឹង​ចាប់ផ្ដើម​ប្រកួតប្រជែង​ជាមួយ​ក្រុមហ៊ុន​រថយន្ដក្រុង និង​តាក់ស៊ី​មួយ​ចំនួន​ផង​ដែរ ហើយ​សង្ឃឹមថា នឹង​ទទួល​បានការ​គាំទ្រ​ពី​អតិថិជន ។

លោក​បូ​រ៉ា​បន្ថែម​ថា ៖ « យើង​ជឿជាក់​ថា​ដំណើរការ​ប្រកួតប្រជែង​នឹង​ទទួល​បាន​ជោគជ័យ ព្រោះ​យើង​ដឹង​ស្រាប់​ហើយ​ថា ការ​ដឹក​ជញ្ជូន​តាម​តាក់ស៊ី និង​រថយន្ដក្រុង មិន​មាន​ស្ថិរភាព​ប៉ុន្មាន​នោះ​ទេ តែ​សម្រាប់​ប្រៃសណីយ៍​កម្ពុជា​វិញ​បច្ចុប្បន្ន​នេះ មាន​ស្នាក់​ការ ការិយាល័យ​ត្រឹមត្រូវ ។

ម្យ៉ាងទៀត​ពេល​នេះ ប្រៃសណីយ៍​កម្ពុជា ក៏​មាន​រថយន្ត​ដឹក​ទាំង​អ្នកដំណើរ និង​ទំនិញ​ជាង​១០​គ្រឿង​ផង​ដែរ ហើយ​ក៏​ត្រៀម​បន្ថែម​រថយន្ត​ចំនួន​៦​គ្រឿង​ទៀត​ដើម្បី​ដឹក​ទាំង​អ្នកដំណើរ​និង​បញ្ញើ ឱ្យ​បាន​គ្រប់​ខេត្ត​នៅ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា » ។

លោក​អោ​ក បូ​រ៉ា បញ្ជាក់​ថា ក្នុង​ករណី​ប្រៃសណីយ៍​កម្ពុជា​រក​ចំណូល​បាន​កាន់តែ​ច្រើន​នោះ ស្ថាប័ន​នេះ​នឹង​ត្រូវ​គិតគូរ​បន្ថែម​ទៀត ដល់​បុគ្គលិក និយោជិត​ដែល​កំពុង​បម្រើ​ការងារ​។ ជា​ទូទៅ បុគ្គលិក​តែង​ទទួល​បាន​ប្រាក់ខែ​ទី​១៣​រៀង​រាល់​ឆ្នាំ តែ​បើសិនជា​មាន​ចំណូល​ច្រើន និង​ទទួល​ប្រាក់​ចំណេញ​ច្រើន នោះ​ប្រៃសណីយ៍​កម្ពុជា នឹង​ដាក់​សំណើ​ទៅ​ក្រសួង​ពាក់ព័ន្ធ​នានា​ដើម្បី​ស្នើ​សុំ​បន្ថែម​ប្រាក់ខែ​ទី​១៤​សម្រាប់​បុគ្គលិក​និយោជិត ដើម្បី​ឱ្យ​ពួក​គាត់​មាន​ទឹកចិត្ត​ក្នុង​ការ​បំពេញការងារ​កាន់តែ​បាន​ល្អ​ថែម​ទៀត ៕