ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុនចិនបង្ហើបគម្រោងបោះទុនបង្កើតរោងចក្រ និងតម្លើងរថយន្តអគ្គិសនីក្នុងភូមិសាស្ត្រខេត្តកោះកុង 

1 ឆ្នាំ មុន
  • កោះកុង

ខេត្តកោះកុង​៖ ក្រុមហ៊ុន​វិនិយោគ​ធំ​មួយ​របស់​ចិន​បាន​បង្ហាញ​គម្រោង​បោះទុន​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា​ឧស្សាហកម្ម ដោយ​នឹង​បង្កើត​រោងចក្រ និង​តម្លើងរថយន្ត​អគ្គិសនី​ក្នុងភូមិ​សាស្ត្រ​ខេត្តកោះកុង នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ នេះ​បើ​យោង​តាម​រដ្ឋបាល​ខេត្តកោះកុង​។ ក្រុមហ៊ុន​ធំ​របស់​ចិន​ដែល​មានឈ្មោះ​ថា China Matrix Technology…

ខេត្តកោះកុង​៖ ក្រុមហ៊ុន​វិនិយោគ​ធំ​មួយ​របស់​ចិន​បាន​បង្ហាញ​គម្រោង​បោះទុន​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា​ឧស្សាហកម្ម ដោយ​នឹង​បង្កើត​រោងចក្រ និង​តម្លើងរថយន្ត​អគ្គិសនី​ក្នុងភូមិ​សាស្ត្រ​ខេត្តកោះកុង នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ នេះ​បើ​យោង​តាម​រដ្ឋបាល​ខេត្តកោះកុង​។

ក្រុមហ៊ុន​ធំ​របស់​ចិន​ដែល​មានឈ្មោះ​ថា China Matrix Technology Group-Horche Intelligent Automobile បាន​បង្ហាញ​ឱ្យ​ដឹង​នូវ​គោលបំណង​សាងសង់​រោងចក្រ​និង​តម្លើងរថយន្ត​អគ្គិសនី​នៅ​ក្នុង​កិច្ចប្រជុំ​មួយ​របស់​រដ្ឋបាល​ខេត្តកោះកុង ជាមួយ​គណៈប្រតិភូ​វិនិយោគ​ចិន ស្តី​ពី​សក្តានុពល​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា​ឧស្សាហកម្ម ក្នុង​ខេត្តកោះកុង កាលពី​ថ្ងៃ​ទី​២២​ខែតុលា ឆ្នាំ​២០២២​។

នៅ​ក្នុង​កិច្ចប្រជុំ លោក​ជំទាវ មិថុនា ភូ​ថង អភិបាល នៃ​គណៈ​អភិបាលខេត្ត​កោះកុង បាន​បង្ហាញ​នូវ​ក្តី​សោមនស្ស​រីករាយ​ក្រៃ​លែង និង​មាន​មោទនភាព​ដែល​គណៈប្រតិភូ នៃ​ក្រុមហ៊ុន​វិនិយោគ​ចិន ដោយ​មាន​លោក លីវ ឈាន់​ហ្វូ (LIU CHUANFU) អគ្គនាយក​ក្រុមហ៊ុន China Matrix Technology Group-Horche Intelligent Automobile បាន​ចាប់អារម្មណ៍ និង​មាន​គោលបំណង​បោះទុន​វិនិយោគ​លើ​វិស័យ​បច្ចេកវិទ្យា​ឧស្សាហកម្ម ដោយ​នឹង​បង្កើត​រោងចក្រ និង​តម្លើងរថយន្ត​អគ្គិសនី​ក្នុងភូមិ​សាស្ត្រ​ខេត្តកោះកុង នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

លោក​ជំទាវ​បាន​ថ្លែង​ថា កិច្ចប្រជុំ​នេះ គឺជា​ការ​បើកឱកាស​មួយ​សម្រាប់​រដ្ឋបាល​ខេត្តកោះកុង ដើម្បី​កសាង​ទំនាក់ ទំនង​ល្អ​ប្រសើរ និង​ដើម្បី​អាច​ឱ្យ​ក្រុមហ៊ុន​វិនិយោគ​ចិន​បាន​ឈ្វេងយល់​ពី​គោលនយោបាយ កិច្ច​សហប្រតិបត្តិការ​ដីធ្លី ធនធានមនុស្ស និង​សក្តានុពល​នានា​ពាក់ព័ន្ធ​នឹង​វិស័យ​បច្ចេកវិទ្យា ឧស្សាហកម្ម រថយន្ត​អគ្គិសនី​ក្នុង​ខេត្តកោះកុង​។

ព្រម​ជាមួយ​គ្នា​នោះ អភិបាលខេត្ត​កោះកុង​ក៏​បាន​ជម្រាប​ទៅ​ភាគី​ចិន​ថា​ទឹកដី​ខេត្តកោះកុង​គឺ​មាន ភូមិសាស្ត្រ និង​អំណោយផល​សក្តានុពល​វិនិយោគ​ជា​ច្រើន ដូច​ជា កោះកុង​ជា​ខេត្ត​មួយ​ក្នុង​ចំណោម​រាជធានី ខេត្ត ទាំង​២៥​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​មាន​ព្រំប្រទល់​ខាងកើត​ជាប់​នឹង​ខេត្ត​ព្រះ​សីហ​នុ និង​ខេត្តកំពង់ស្ពឺ​ខាងលិច​និង​ខាងត្បូង​ជាប់​នឹង​ឈូង សមុទ្រ និង​ព្រះរាជាណាចក្រ​ថៃ​ឡង់​ដ៍ និង​ខាងជើង​ជាប់​ខេត្តពោធិ៍សាត់​។ ប្រជាជន​នៅ​ខេត្តកោះកុង​ប្រមាណ ៥៥,៥% ជា​កសិករ​រស់នៅ​ពឹងផ្អែក​លើ​វិស័យ​កសិកម្ម​ដែល​ជា​វិស័យ​ចម្បង ក្នុង​ការ​ទ្រទ្រង់​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​។ ក្រៅពី​វិស័យ​កសិកម្ម នៅ​មាន​វិស័យ​ផ្សេង​ៗ​ទៀត​ដូច​ជា​វិស័យ​ឧស្សាហកម្ម ០,៣% វិស័យ​សេវាកម្ម ៤៤,២% ក្នុង​នោះ​កម្លាំង ពលកម្ម​ដែល​ជា​កម្មករ កម្មការិនី បំរើ​ក្នុង​រោងចក្រ សហគ្រាស និង​វិស័យ​ឯកជន​មាន​ប្រមាណ ១៥,១% នៃ​ប្រជាជន​សរុប​។

ទន្ទឹម​នឹង​នោះ​វិស័យ​រ៉ែ និង​ថាមពល បាន​ផ្ដល់​ភាព​ទូលំទូលាយ ដល់​អ្នក​វិនិយោគ​ទាំងឡាយ ដើម្បី​អភិវឌ្ឍ​វា​រី​អគ្គិសនី​ខ្នាត​តូច និង​ជម្រុញ​ការ​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ប្រកបដោយ គុណភាព​ខ្ពស់​ស្រប​តាម​ស្តង់ដា​អន្តរជាតិ​មាន​តម្លៃ​ថោក​សមរម្យ និង​មាន​សេវាកម្ម​ទំនើប​គ្របដណ្តប់​ទូ​ទាំង​ខេត្ត ដូច​ខាងក្រោម​៖ ១. វា​រី​អគ្គិសនី ស្ទឹង​ឫស្សី​ជ្រុំ​ក្រោម មាន​អានុភាព​តម្លើង ៣៣៨​មេ​ហ្គា​វ៉ា​ត់​, ២. វា​រី​អគ្គិសនី​គិរី​រម្យ​៣ មាន​អានុភាព​តម្លើង ១៨​មេ​ហ្គា​វ៉ា​ត់ និង​ទី ៣. វា​រី​អគ្គិសនី​ស្ទឹង​តាត​មាន​អានុភាព​តម្លើង ២៤៦​មេ​ហ្គា​វ៉ា​ត់​។

បើ​តាម​លោក​ជំទាវ មិថុនា ភូ​ថង បានឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០២១ ខេត្ត​មាន​ឧស្សាហកម្ម​ធុន​ធំ​ចំនួន ០៧​រោងចក្រ សហគ្រាស មាន​ចំនួន​កម្មករ និ​យោ​ជិ​ក​ចំនួន​១០,៨៤៣​នាក់ ដែល​ក្នុង​នោះ​មាន​រោងចក្រ​តំឡើងរថយន្ត បង្គុំ​ខ្សែភ្លើង គ្រឿង​អេ​ឡិច​ត្រូ​និ​ច វាយនភ័ណ្ឌ​កាត់ដេរ សំលៀក​បំពាក់ សម្ភារ​កីឡា​…….​។​ល​។ សហគ្រាស​ធុន​តូច មធ្យម និង​សិប្បកម្ម ដែល​មាន​ចំនួន​៧៥៥ មូលដ្ឋាន​។ ខេត្តកោះកុង​ក៏​បាន​នឹង​កំពុងធ្វើការ​ទំនាក់ទំនង និង​បន្ត​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ខេត្ត​ត្រា​ត ប្រទេស​ថៃ ក្នុង​ការ​បង្កើន​បរិយាកាស​កក់ក្ដៅ​សម្រាប់​ការ​ធ្វើ​អាជីវកម្ម រវាង​ប្រទេស​ទាំង​ពីរ​។ បន្ថែម​លើស​នេះ​ទៀត ខេត្ត​បាន​ពង្រីក​ទំនាក់ទំនង​របស់​ខ្លួន​ជាមួយ​ខេត្ត​កា​ម៉ៅ និង​ខេត្ត​គៀន​យ៉ាង​នៃ​ប្រទេស​វៀតណាម និង​ខេត្ត​ជី​លី​ន ខេត្ត​យូ​ណា​ន នៃ​ប្រទេស​ចិន​។

ជំទាវ មិថុនា ភូ​ថង បាន​បន្ត​ថា លោក​ជំទាវ​សង្ឃឹម​យ៉ាង​មុតមាំ​ថា គណៈប្រតិភូ​ក្រុមហ៊ុន​ចិន និង​រដ្ឋបាល ខេត្ត អាច​នឹង​ឈ្វេងយល់​ពី​គ្នា​កាន់តែ​ល្អ​ប្រសើរ និង​កសាង​ទំនាក់ទំនង កិច្ច​សហប្រតិបត្តិការ និង​អាច​បង្កើត​បាន​នូវ​កាលានុវត្តភាព​វិនិយោគ ក្នុង​ខេត្តកោះកុង លើ​វិស័យ​បច្ចេកវិទ្យា​រថយន្ត​អគ្គិសនី ដែល​ជា​ការ​រួមចំណែក​អនុវត្ត​គោលនយោបាយ “​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ​” របស់​រដ្ឋាភិបាល​ចិន និង​ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ដំណាក់កាល ប្រែប្រួល​ថ្មី និង​សម្រេច​ឱ្យ​បាន​បាន​នូវ​ចក្ខុវិស័យ​ក្នុង​ការ​ប្រែក្លាយ​កម្ពុជា​ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​ត្រឹម​ឆ្នាំ​២០៥០៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ