ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​រឹត​បន្ដឹង​របស់​EU អាច​ប៉ះពាល់​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​ដែរ​ឬទេ ?

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សហគមន៍​អឺរ៉ុប​បាន​ដាក់​កំហិត​ជា​ថ្មី​ក្នុង​ការ​រឹត​បន្តឹង​គុណភាព និង​សុវត្ថិភាព​អង្ករ​ដែល​នាំ​ចូល​ពី​បណ្ដា​ប្រទេស​នានា​បន្ទាប់​ពី​កន្លង​មក​រក​ឃើញ​ថា

រាជធានី​ភ្នំពេញ ៖ សហគមន៍​អឺរ៉ុប​បាន​ដាក់​កំហិត​ជា​ថ្មី​ក្នុង​ការ​រឹត​បន្តឹង​គុណភាព និង​សុវត្ថិភាព​អង្ករ​ដែល​នាំ​ចូល​ពី​បណ្ដា​ប្រទេស​នានា​បន្ទាប់​ពី​កន្លង​មក​រក​ឃើញ​ថា អង្ករ​នាំ​ចូល​មួយ​ចំនួន​មាន​ផ្ទុក​ជាតិពុល Tricyclazole លើស​កំណត់ ហើយ​គ្រោង​នឹង​អនុវត្ត​ចាប់ពី​ខែកក្កដា ឆ្នាំ​នេះ​តទៅ ។ ទោះបី​យ៉ាងណា អ្នកជំនាញ​វិស័យ​ស្រូវ​អង្ករ​កម្ពុជា​យល់​ថា វា​ពុំ​មាន​ឧបសគ្គ ឬ​ផល​ប៉ះពាល់​អ្វី​សម្រាប់​វិស័យ​ស្រូវ​អង្ករ​របស់​កម្ពុជា​ទេ តែ​កម្ពុជា​គួរ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ទៅ​លើ​ការ​ប្រើប្រាស់​ថ្នាក់​គីមី ។

លោក​ឧកញ៉ា សុង សា​រ៉​ន អគ្គនាយក​ក្រុមហ៊ុន​អេ​ម​រុ រាយ​ស៍ មាន​ប្រសាសន៍​ថា ៖ «​ការ​ដាក់​កំហិត​សារធាតុពុល​ក្នុង​អង្ករ​របស់​សហគមន៍​អឺរ៉ុប​នេះ គឺជា​កំហិត​មួយ​ថ្មី ប៉ុន្តែ​វា​មិន​ប៉ះពាល់​ដល់​វិស័យ​ស្រូវ​អង្ករ​យើង​ទេ គ្រាន់តែ​កម្ពុជា​ប្រុង​ប្រយ័ត្ន​ខ្ពស់​ក្នុង​ការ​អនុញ្ញាត​ឲ្យ​នាំ​ចូល​សារធាតុ​គីមី ឬ​ជាតិពុល​ផ្សេង​ៗ​មក​ប្រើប្រាស់​លើ​ស្រូវ និង​កុំ​បន្ធូរ​ឲ្យ​ប្រើប្រាស់​ថ្នាំ​នេះ​នៅ​កម្ពុជា » ។

លោក​ឧកញ៉ា​បញ្ជាក់​ថា ៖ « យើង​គ្មាន​ការ​ព្រួយបារម្ភ​ទេ​មក​ដល់​ពេល​នេះ ព្រោះ​កម្រិត​ជាតិពុល​នេះ​មាន​តិចតួច​តាម​អ្វី​ដែល​កំណត់​ដោយ​សហគមន៍​អឺរ៉ុប ឬ​គ្មាន​តែ​ម្តង ។ ភាគច្រើន​វា​អត់​មាន អីចឹង​យើង​អត់​ព្រួយបារម្ភ​ទៅ​លើ​ការ​កំហិត​របស់ EU ទេ » ។

ដើម្បី​ទប់ស្កាត់​អ្វី​ដែល​សហគមន៍​អឺរ៉ុប​កំណត់ លោក​អគ្គនាយក​ក្រុមហ៊ុន​រូប​នេះ​លើក​ឡើង​ថា ៖ « មាន​វិធានការ​តែ​មួយ​គត់​ដែល​មាន​ប្រសិទ្ធភាព គឺ​ត្រូវ​ចុះ​ផ្សព្វផ្សាយ​ណែនាំ​ដល់​កសិករ ឬ​សហគមន៍​កសិកម្ម​ធ្វើ​ស្រូវ ដើម្បី​នាំ​ចេញ​ដោយ​ប្រុង​ប្រយ័ត្ន​លើ​ការ​ប្រើប្រាស់​គ្រឿង​ហាមឃាត់​ផ្នែក​កសិកម្ម​ដូច​ជា ជី និង​ថ្នាំ​ផ្សេង​ៗ​ក្តី គឺ​ត្រូវ​ចុះ​អប់រំ​ណែនាំ​ឲ្យ​បាន​ទាន់​ពេលវេលា និង​ធ្វើ​កិច្ចសន្យា​កសិកម្ម​ទិញ​ពី​កសិករ​ឲ្យ​គាត់​មាន​ជំនឿ​ក្នុង​ការ​រកស៊ី » ។

លោក​ឧកញ៉ា ហ៊ុន ឡាក់ អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា មាន​ប្រសាសន៍​ថា កន្លង​មក​ខាង​ក្រសួងកសិកម្ម និង​សហព័ន្ធ​ស្រូវ​អង្ករ​ក៏​បាន​ផ្សព្វផ្សាយ​ផង​ដែរ​ទៅ​ដល់​តំណាង​សាខា​នៅ​តាម​បណ្តា​ខេត្ត​ឲ្យ​យល់​ពី​រឿង​នេះ យកចិត្តទុកដាក់ និង​ប្រុង​ប្រយ័ត្ន​ខ្ពស់​នឹង​អ្វី​ដែល​សហគមន៍​អឺរ៉ុប​បាន​កំហិត និង​ចាប់ផ្តើម​អនុវត្ត​ពី​ខែកក្កដា ខាង​មុខ ។

លោក​ឧកញ៉ា​បន្ត​ថា ៖ « ថ្មី​ៗ​នេះ យើង​បាន​បញ្ចូល​សំណាក​អង្ករ​បី​ប្រភេទ​មាន អង្ក​រស​ធម្មតា អង្ករ​សែន​ក្រអូប និង​អង្ករ​ពពួក​ផ្លា​ម្លិះ ទៅ​ពិនិត្យ​នៅ​ស្ថាប័ន​ជំនាញ​របស់​បរទេស ដែល​មាន​តំណាង​នៅ​កម្ពុជា ក្នុង​ការ​ចេញ​វិញ្ញាបនបត្រ​នូវ​ពពួក​ជាតិ​គីមី និង​សត្វល្អិត ហើយ​លទ្ធផល​បង្ហាញ​ថា សំណាក​អង្ករ​ទាំង​បី​ប្រភេទ​នេះ​អត់​មាន​ផ្ទុក​សារធាតុ​គីមី​នេះ​ទេ ប៉ុន្តែ​មិន​សំដៅ​ថា នៅ​ទូ​ទាំង​ប្រទេស​អត់​មាន​ដែរ យើង​ត្រូវ​មាន​វិធានការ​បង្ការ និង​ចៀសវាង​នូវ​ការ​កើតឡើង » ។

លោក​ឧកញ៉ា​យល់​ថា ៖ « បើ​កើត​មាន វា​មិនមែន​ទូទៅ​ទេ គឺ​ដោយ​តំបន់ និង​រោង​ម៉ាស៊ីន​កែ​ច្នៃ​ស្រូវ​ពិនិត្យ​ឃើញ​ថា មាន​សារធាតុ​គីមី​លើស​កម្រិត​ដែល​គេ​ហាម ។

ជាក់ស្តែង អង្ករ​មុន​ពេល​វេច​ខ្ចប់​នាំ​ចេញ​ទៅ​បរទេស គឺ​មាន​ស្ថាប័ន​ជំនាញ​ត្រួតពិនិត្យ ហើយ​បើ​មាន​អ្វី​ស្ថិត​ក្នុង​កម្រិតស្តង់ដា​នៃ​លក្ខខណ្ឌ​កិច្ចព្រមព្រៀង​រវាង​អ្នកទិញ​និង​អ្នកលក់ គេ​នឹង​ចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ជូន ហើយ​វិញ្ញាបនបត្រ​នោះ យើង​អាច​ប្រើ​ជា​ផ្លូវការ​ដើម្បី​នាំ​ចេញ​ទំនិញ​ទៅ​ប្រទេស​ទទួល​ទិញ » ។

សហគមន៍​អឺរ៉ុប​បាន​ទិញ​អង្ករ​ពី​កម្ពុជា​ប្រហែល​ជិត​ពាក់កណ្តាល​នៃ​បរិមាណ​អង្ករ​ដែល​កម្ពុជា​នាំ​ចេញ​សរុប​ក្នុង​មួយ​ឆ្នាំ​ៗ ។ ដូច្នេះ នៅ​ពេល​សហគមន៍​អឺរ៉ុប​រឹត​បន្តឹង​នូវ​សារធាតុ Tricyclazole នេះ កម្ពុជា​ត្រូវ​យកចិត្តទុកដាក់ ជំរុញ​អប់រំ​ណែនាំ និង​បង្ការ​ទប់ស្កាត់​កុំ​ឲ្យ​មាន​បញ្ហា​បែប​នេះ​កើតឡើង​ចំពោះ​វិស័យ​ស្រូវ​អង្ករ​កម្ពុជា ដែល​ជា​ឧបសគ្គ​ក្នុង​ការ​នាំ​អង្ករ​ចេញ​ទៅ​សហគមន៍​អឺរ៉ុប ។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម លោក​បណ្ឌិត ហ៊ាន វណ្ណ​ហន ថ្លែង​ថា ៖ «​ឆ្លើយ​តប​នឹង​ការ​ដាក់​កំហិត​ថ្មី​ក្នុង​ការ​រឹត​បន្តឹង​គុណភាព ពិសេស​សុវត្ថិភាព​អង្ករ​នាំ​ចូល​ទៅ​កាន់​សហគមន៍​អឺរ៉ុប មិន​ឲ្យ​មាន​សំណល់​ជាតិពុល Tricyclazole ក្នុង​កម្រិត​កំណត់​អតិបរិមារ​លើស​ពី​០,០១​ក្រាម​ក្នុង​១​គីឡូក្រាម​អង្ករ (០,០១ pmm) ដែល​ពី​មុន​មាន​ដល់​ទៅ ១pmm ឬ​១​មី​លី​ក្រាម​ក្នុង​១​គីឡូក្រាម​នោះ អគ្គនាយកដ្ឋាន​កសិកម្ម ដែល​ជា​សេនាធិការ​បច្ចេកទេស​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ចាត់ការ​បង្កើត​ក្រុមការងារ​បន្ទាន់​មួយ​ដើម្បី​សិក្សា និង​លើក​វិធានការ​បន្ទាន់​ក្នុង​ការ​បញ្ចៀស​បញ្ហា ក៏​ដូច​ជា​ការពារ​ទីផ្សារ​អង្ករ​របស់​កសិករ​កម្ពុជា​នៅ​សហគមន៍​អឺរ៉ុប (​ទិស​ដៅ​នាំ​ចេញ​អង្ករ​កម្ពុជា​ដ៏​ធំ​ទាំង​៨ ក្នុង​ចំណោម​ទិស​ដៅ​ធំ​បំផុត​ទាំង​១០) » ។

យោង​តាម​របាយការណ៍​របស់​លេខាធិការដ្ឋាន​ច្រក​ចេញចូល​តែ​មួយ​សម្រាប់​បំពេញបែបបទ​នាំ​ចេញ​អង្ករ​បង្ហាញ​ថា ក្នុង​រយៈពេល​២​ខែ​ដើមឆ្នាំ​២០១៧​នេះ កម្ពុជា​នាំ​ចេញ​អង្ករ​ទៅ​បរទេស​សរុប​មាន​ចំនួន​ជាង​១០​ម៉ឺន​តោន កើនឡើង​ជាង​១៤% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​មុន ។

របាយការណ៍​បញ្ជាក់​ថា ប្រភេទ​អង្ករ​ដែល​កម្ពុជា​បាន​នាំ​ចេញ​ក្នុង​រយៈពេល​២​ខែ​ដើមឆ្នាំ​នេះ​គឺ អង្ករ​ចម្រុះ​មាន​ជាង​៣,៥​ម៉ឺន​តោន​, នាង​ម្លិះ​ស​២៨៣​តោន​, សូ​មាលី​២៦៣​តោន​, ផ្ការំដួល ឬ​ផ្កាម្លិះ​ស​២,៤​ម៉ឺន​តោន​, សរីរាង្គ​ជាង​២​ពាន់​តោន​, ភ្លឺ​២៤​តោន​, អង្ករ​ចម្រុះ​គ្រាប់​វែង​ជាង​៣,៥​ម៉ឺន​តោន​, ប្រណីត​គ្រាប់​វែង​ជាង​២​ពាន់​តោន​, អង្ករ​ចំហុយ​គ្រាប់​វែង​ជាង​៨​ពាន់​តោន ។ ចំណែក​ប្រទេស​ដែល​កម្ពុជា​នាំ​ចូល​ច្រើន​មាន បារាំង​, ប៉ូ​ឡូញ​, អង់គ្លេស​, ហូ​ឡង់​, បែ​ល​ហ្ស៊ិក​, ឆែក​, អីុ​តា​លី​, អា​ល្លឺ​ម៉​ង់ និង​អេ​ស្ប៉ា​ញ ៕