ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ចំណាស់​ម្នាក់​ជាប់​ចោទ​ពី​បទ​ទទួល​ផល​អាជីវ​កម្ម​ផ្លូវ​​ភេទ

15 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ស្ត្រី​​ចំណាស់​​ជា​ជន​ជាតិ​វៀត​ណាម​ជាប់​ចោទ​ពី​បទ​ពាក់​ព័ន្ធ​ករណី​សញ្ចារ​កម្ម​ ត្រូវ​បាន​សមត្ថ​កិច្ច​​​ជំនាញ​ការិយា​ល័យ​​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការ​ពារ​អនីតិ​ជន​ សហ​ការ​ជា​មួយ​អង្គ​ការ​បេសក​កម្ម​​យុត្តិ​ធម៌​​អន្តរ​ជាតិ (IJM) ដោយ​មាន​ការ​ចូល​រួម​ពី​លោក​ក្រឡា​បញ្ជី​អយ្យ​ការ​អម​សាលា​ដំបូង​ខេត្ត​បន្ទាយ​មាន​ជ័យ​ ចាប់​ឃាត់​ខ្លួន​ កាល​ពីវេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​២៨ មីនា ឆ្នាំ​២០១១​នៅ​ចំណុច​ភូមិ​ក្បាល​ស្ពាន​ សង្កាត់​​ប៉ោយ​ប៉ែត ​ក្រុង​ប៉ោយ​ប៉ែត ។

​លោក​វរ​សេនីយ៍​​ទោ សិទ្ធ ឡោះ នាយ​ការិយា​ល័យ​​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស និង​ការ​ពារ​អនីតិ​ជន ​បាន​ឱ្យ​ដឹង​ថា ដោយ​មាន​បទ​បញ្ជា​ពី​លោក​ឧត្តម​សេនីយ៍​ត្រី ខេង ស៊ុម ​ស្នង​ការ​នគរ​បាល​ខេត្ត និង​ដោយ​មាន​ការ​អនុ​ញ្ញាត​ពី​លោក​ឡុង ​ជាប ព្រះ​រាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​ឱ្យ​ស៊ើប​អង្កេត​បឋម​​​លើ​ករណី​សង្ស័យ​​ប្រកប​អាជីវ​កម្ម​ផ្លូវ​ភេទ (សញ្ចារ​កម្ម) ចុះ​ថ្ងៃ​ទី​២២ មីនា ឆ្នាំ​២០១១។ ​​​ជា​​លទ្ធ​ផល​​នៅ​ថ្ងៃ​​ទី​២៨ មីនា ឆ្នាំ​២០១១ វេលា​ម៉ោង​៥​ល្ងាច កម្លាំង​ជំនាញ​បាន​សហ​ការ​ជា​មួយ​អង្គ​ការ​បេសក​​កម្ម​​យុត្តិ​ធម៌​​អន្តរ​ជាតិ (IJM) និង​មាន​ការ​ចូល​រួម​ពី​លោក​ក្រឡា​បញ្ជី​អយ្យ​ការ​អម​សាលា​ដំបូង​ខេត្ត​ផង​នោះ បាន​ចាប់​ឃាត់​ខ្លួន​ស្ត្រីចំណាស់​​ម្នាក់​ជា​ជន​ជាតិ​វៀត​ណាម ឈ្មោះ​កែវ​ នី ហៅ​យាយ​អ៊ុក ឬ​ហ្វៀង ធី អ៊ុក​យីង​ អាយុ​៦០​ឆ្នាំ នៅ​ចំណុច​​ភូមិ​ក្បាល​ស្ពាន​ សង្កាត់​​ប៉ោយ​ប៉ែត ​ក្រុង​ប៉ោយ​ប៉ែត។ ក្នុង​កិច្ច​ប្រតិ​បត្តិ​ការ​ខាង​លើ​នេះ សមត្ថ​កិច្ច​បាន​​​រំដោះ​ស្ត្រី​រក​ស៊ីផ្លូវ​ភេទ​ចំនួន​២​នាក់ ម្នាក់​​​អាយុ​១៧​ឆ្នាំ ​និង​ម្នាក់​ទៀត​​អាយុ​១៩​ឆ្នាំ ដែល​ត្រូវ​ជា​ចៅ​ស្ត្រី​ជាប់​ចោទ ។

​លោក​នាយ​ការិយា​ល័យ​បាន​បន្ត​ទៀត​ថា ​ផ្អែក​​តាម​ចម្លើយ​របស់​ស្ត្រីទាំង​២​នាក់​បាន​ឱ្យ​សមត្ថ​កិច្ច​​ដឹង​ថា រាល់​លុយ​កាក់​ដែល​ពួក​ខ្លួន​បាន​ពី​ការ​​ដេក​រួម​ភេទ​ជា​មួយ​​ភ្ញៀវ​ត្រូវ​យាយ​កែវ នី ហៅ​យាយ​អ៊ុក ឬ​ហ្វៀង ​ធីអ៊ុក​យីង យក​ទៅ​សង​ថ្លៃ​ជំពាក់​បំណុល​គេ​​​​ កាល​រក​ស៊ី​លក់​ខោ​អាវ​ខាត។ ​លោក​វរ​សេនីយ៍​ឯក ពូន សានិត ស្នង​ការ​រង​​ជា​ប្រធាន​ការិយា​ល័យ​កណ្តាល​នគរ​បាល​​យុត្តិ​ធម៌​​បាន​បន្ត​ឱ្យ​ដឹង​ដែរ​ថា ​ឆ្លង​តាម​ការ​ស្រាវ​ជ្រាវ​យ៉ាង​ល្អិត​ល្អន់ និង​ការ​បំភ្លឺ​​ពី​ជន​រង​គ្រោះ​អាច​ឱ្យ​សមត្ថ​កិច្ច​សន្និ​ដ្ឋាន​បាន​ថា ជន​សង្ស័យ​ឈ្មោះ​កែវ​ នី ហៅ​យាយ​អ៊ុក ឬ​ហ្វៀង​ ធី​អ៊ុក​យីង ​ពិត​ជា​ទទួល​ផល​ពី​ការ​ប្រកប​អាជីវ​កម្ម​ផ្លូវ​ភេទ និង​មាន​ការ​គ្រប់​គ្រង​លើ​ស្ត្រី​ទាំង​២​នាក់​ប្រាកដ​មែន ។ បច្ចុ​ប្បន្ន​​ជន​សង្ស័យ​​រូប​នេះ​ត្រូវ​បាន​កម្លាំង​ការិយា​ល័យ​ជំនាញ​រៀប​ចំ​​សំណុំ​រឿង​បញ្ជូន​​ទៅ​សាលា​ដំបូង​ខេត្ត​ចាត់​ការ​តាម​ផ្លូវ​ច្បាប់ ។ ចំពោះ​ស្ត្រី​រង​គ្រោះ​ទាំង​ពីរ​នាក់​ប្រគល់​​ទៅ​ឱ្យ​ម​ន្ទីរ​សង្គម​កិច្ច​ខេត្ត​បន្ទាយ​មាន​ជ័យ សហ​ការ​ជា​មួយ​អង្គ​ការ​​បេសក​កម្ម​​យុត្តិ​ធម៌​អន្តរ​ជាតិ​ ដើម្បី​ជួយ​​បណ្តុះ​បណ្តាល​ផ្នែក​​សេវា​ផ្សេងៗ​ ៕