ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេះ​មួយ ដឹង​មួយ​…

7 ឆ្នាំ មុន

រឿង​ពុក​រលួយ​…​មិនមែន​ជា​រឿង​ធម្មតា​ទេ​…​ហើយ​ក៏​មិនមែន​ជា​រឿង​ងាយស្រួល​កំចាត់​ឡើយ​…​។ សម័យ​ណា​ក៏​ដូច​ជា​សម័យ​ណា​…

រឿង​ពុក​រលួយ​…​មិនមែន​ជា​រឿង​ធម្មតា​ទេ​…​ហើយ​ក៏​មិនមែន​ជា​រឿង​ងាយស្រួល​កំចាត់​ឡើយ​…​។ សម័យ​ណា​ក៏​ដូច​ជា​សម័យ​ណា​…​អំពើ​ពុក​រលួយ​…​ស៊ី​សំណូក​សូកប៉ាន់​វា​កើត​មាន​គ្រប់​សម័យកាល​…​សូ​ម្បី​រក​មន្ត្រី​កាន់​ការងារ​កំចាត់​អំពើពុក​រលួយ​…​ក៏​រក​អត់​បាន​ដែរ​…​។

លើក​រឿង​ពិត​បន្តិច​ទៅ​ចុះ​…​សម័យ​សង្គមរាស្ត្រនិយម​…​សម្តេចព្រះ​ប្រមុខរដ្ឋ​បាន​ចាត់តាំង​សម្តេចក្រុមព្រះ ស៊ីសុវត្ថិ មុនី​រ៉េ​ត ជា​ស្តេច​មា ដឹកនាំ​អង្គភាព​កំចាត់​អំពើ​ពុក​រលួយ​…​។ សង្ឃឹមថានឹង​ជួយ​កំចាត់ ទប់ស្កាត់​មាន​ប្រសិទ្ធភាព ។ ប៉ុន្តែ​សម្តេចក្រុមព្រះ ស៊ី​សុវត្ថិ មុនី​រ៉េ​ត​…​ក្រោយ​ពី​ទទួល​ដំណែង​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ ទ្រង់​លាឈប់​ភ្លាម​…​ព្រោះ​ប៉ះ​ធំ​ៗ​ពេក​ទៅ​មុខ​មិន​រួច​…​បាន​ដកថយ​ភ្លាម ក៏​ចប់​ទៅ​ហោង​…​។

សម័យ​សេនាប្រមុខ លន់ ន​ល់​…​ពុក​រលួយ​កាន់តែ​ធំ​…​ស៊ី​រូង​ផ្ទៃក្នុង​ស្ទើរ​សុះសាច់​…​។ រដ្ឋាភិបាល​សាធារណរដ្ឋ​បាន​តែងតាំង​ឥស្សរជន​ម្នាក់ ឈ្មោះ​លោក​តាន់ បៀ​ង ឱ្យ​កាន់​ដំណែង​បោសសំអាត​អំពើ​ពុក​រលួយ​…​។ លោក តាន់ បៀ​ង កាន់​ដំណែង​នេះ​មិន​ដល់​មួយ​ឆ្នាំ​ទេ​…​ត្រូវ​បាន​ប្រកាស​ដក​ដំណែងភ្លាម​…​។ កាល​ណោះ​ត្រូវ​បាន​អ្នក​សារព័ត៌មាន​ចោទ​ថា «​គីង្គក់​លក់​ថ្នាំ​ស្រែង​» ។ ខ្លួនឯង​កើត​ស្រែង​ពេញ​ខ្លួន​…​ទៅ​ព្យាបាល​ស្រែង​អ្នក​ដទៃ​ម៉េច​ជា​ទៅ ? លោក លន់ ន​ល់ – សិរិ​ម​តះ  ដក​លោក តាន់ បៀ​ង ស្ទើរតែ​២៤​ម៉ោង​…​។ ទីបំផុត​អំពើ​ពុក​រលួយ​អត់​មាន​អ្នក​ទទួល​កំចាត់​បាន​ឡើយ​…​។

សម័យ​ខ្មែរក្រហម ប៉ុ​ល ពត កើត​មាន​អំពើ​ពុក​រលួយ​ខ្លាំង​ដូច​សម័យ​មុន​ៗ​ដែរ​…​។ គឺ​ពុក​រលួយ​រឿង​លួច​ស៊ី​ម៉ា​ឆ្អែត​…​។ ប្រធាន​ក្រុម ប្រធាន​កង ប្រធាន​សហករណ៍​មួយ​ៗ​ធាត់​ដូចជ្រូក​…​។ ប្រជាជន​មូលដ្ឋាន​អត់ឃ្លាន​គ្រប់​គ្នា​…​ពួក​មេ​ៗ​សម្ងំ​ស៊ី​ចាក់ច្រាស់​…​គេ​និយាយ​ថា​…​ស៊ី​ចង​មុង ។

មក​ដល់​សម័យកាល​នេះ​…​ចាត់​ទុក​ថា មានសំណាង​ជាង​សម័យ​មុន​ៗ…​ចាត់​ទុក​ថា​មាន​«​អ្នកក្លាហាន​»​ហ៊ាន​បោសសំអាត​…​ហ៊ាន​កំចាត់​អំពើ​ពុក​រលួយ​គួរ​ឱ្យ​កត់សម្គាល់​…​។

បញ្ញវ័ន្ត​មួយ​រូប​…​លោក​ទេស​រដ្ឋមន្ត្រី ឱម យ៉ិ​ន​ទៀង ដឹកនាំ​អង្គភាព​កំចាត់​អំពើ​ពុក​រលួយ​កន្លង​មក​…​បាន​បេះ​តាម​ស្ថាប័ន​មួយ​ៗ…​មាន​ស្ថាប័ន​តុលាការ​…​ស្ថាប័ន​ប៉ូលិស​…​ស្ថាប័ន​គយ​និង​រដ្ឋាករ​…​ស្ថាប័ន​ពន្ធដារ​…​ស្ថាប័ន​មេធាវី​…​។​ល​។ បេះ​បាន​បុគ្គល​មួយ​ៗ…​ធ្វើ​ឱ្យ​រញ្ជួយ​ញាប់​ញ័រ​…​ធ្វើ​ឱ្យ​កក្រើក​…​ប្រៀប​ដូច​ចាប់​មាន់​មួយ​អា​រក​បន្លាច​ហ្វូង​ស្វា​ទាំងឡាយ​…​។

យ៉ាង​ហោច​ណាស់​…​បាន​ជួយ​ទប់ស្កាត់​នូវ​អំពើ​ពុក​រលួយ​ទាំងឡាយ​…​ទប់​មិន​ឱ្យ​រលេះរលួយ​…​ទោះបី​ពុក​ក្តី ក៏​នៅ​ត្រឹម​ពុក​ដែរ​…​មិន​ឱ្យ​ឈាន​ទៅ​ដល់​ថ្នាក់​រលួយ​ស្អុយ​ឡើយ​…​គឺ​បេះ​មួយ ដឹង​មួយ​…​។

អង្គភាព​ដែល​«​ទប់​»​បាន​ប៉ុណ្ណេះ​…​បើ​ប្រៀប​ទៅ​សង្គម​មុន​ៗ…​អាច​ចាត់ទុកជា​ប្រវត្តិសាស្ត្រ​ប្រចាំ​រាជរដ្ឋាភិបាល​…​ប្រចាំ​បក្ស​កាន់​អំណាច​យូរ​បាន​យ៉ាង​ប្រសើរ​បំផុត​…​។ ប្រ​សិន​គ្មាន​កណ្តាប់ដៃ​ដែក​…​គ្មាន​មនសិការ​ជាតិ​របស់​មេ​អង្គភាព​…​របស់​មេដឹកនាំ​រួម​ផ្សំ​លាយ​បញ្ចូល​គ្នា​ទេ​…​អំពើ​ពុក​រលួយ​នឹង​ស៊ី​រូង​រលំរលាយ​សង្គម​ឆាប់​មិន​ខាន​…​។

អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​…​បើ​ប្រៀបធៀប​ទៅ​សង្គម​មុន​ៗ…​ដំណើរការ​បាន​ប៉ុណ្ណេះ​…​ចាត់​ទុក​ថា​«​ខ្លាំង​»​ហើយ​…​។ ចាត់​ទុក​ជឿជាក់​លើ​បក្ស​កាន់​អំណាច​យូរ​បាន​ហើយ​…​ដែល​«​គេ​»​ពី​សម័យ​មុន​«​ធ្វើ​មិនបាន​»…​ធ្វើ​បាន​ប៉ុណ្ណេះ​មិន​ងាយ​រកបាន​ទេ !
              អា​ឡេវ