ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាជិក និង​មិនមែន​សមាជិក OPEC ចង់​បន្ត​កិច្ចព្រមព្រៀង​បន្ថយ​ប្រេង​6​ខែ​ទៀត

7 ឆ្នាំ មុន

គណៈរដ្ឋមន្ត្រី​រួម​មក​ពី​ប្រទេស​ជា​សមាជិក​និង​មិនមែន​សមាជិក OPEC នឹង​ត្រួតពិនិត្យ​ថា តើ​ការ​សហការ​ដើម្បី​ដាក់​កម្រិត​លើ​ការ​ផ្គត់ផ្គង់ ប្រេង គួរតែ​បន្ត​៦​ខែ​ទៅ​មុខ​ទៀត​ឬ​យ៉ាងណា ។

គណៈរដ្ឋមន្ត្រី​រួម​មក​ពី​ប្រទេស​ជា​សមាជិក​និង​មិនមែន​សមាជិក OPEC នឹង​ត្រួតពិនិត្យ​ថា តើ​ការ​សហការ​ដើម្បី​ដាក់​កម្រិត​លើ​ការ​ផ្គត់ផ្គង់ ប្រេង គួរតែ​បន្ត​៦​ខែ​ទៅ​មុខ​ទៀត​ឬ​យ៉ាងណា ។

សេចក្តីរាយការណ៍​អំពី​កិច្ចព្រមព្រៀង​មួយ​ឲ្យ​ដឹង​ថា គណៈរដ្ឋមន្ត្រី​ទាំងនោះ​បាន​យល់​ស្រប និង​ស្នើ​ឲ្យ​បន្ត​៦​ខែ​ទៀត ។

ប៉ុន្តែ​សេចក្តីរាយការណ៍​ចុង​ក្រោយ​និយាយ​ថា គណៈរដ្ឋមន្ត្រី​គ្រាន់តែ​ស្នើ​ដល់​ក្រុមបច្ចេកទេស និង​លេខាធិការ​របស់​OPEC ឲ្យ​ត្រួតពិនិត្យ​ឡើង​វិញ​នូវ​ស្ថានភាព​ទីផ្សារ​ប្រេង​និង​ត្រឡប់​ទៅ​ដូច​ដើម​វិញ​នៅ​ខែមេសា ឆ្នាំ​២០១៧ ។

អ្នកវិភាគ​ក្នុង​វិស័យ​ប្រេង​និយាយ​ថា កង្វះខាត​នៃ​ការ​បន្ត​ភ្លាម​ៗ​អាច​នឹង​ប៉ះពាល់​ដល់​តម្លៃ​ប្រេង ។

លោក Harry Tchilinguirian ប្រធាន​ផ្នែក​យុទ្ធសាស្ត្រ​ផលិតផល​ក្នុង BNP Paribas និយាយ​ថា ៖ « ការ​បោះបង់​ចោល​នូវ​សំណើ​បន្ត​ការ​កាត់​បន្ថយ​នេះ អាច​នឹង​មានការ​លក់​ក្នុង​ចំនួន​ច្រើន និង​ធ្វើ​ឲ្យ​តម្លៃ​ប្រេង​កាន់តែ​ធ្លាក់​ចុះ​ទៀត » ។

វា​មិន​ទាន់​ច្បាស់​នៅឡើយ​ទេ​ថា ហេតុ​អ្វី​បានជា​មានការ​ផ្លាស់​ប្តូរ​ពាក្យ​សម្តី ប៉ុន្តែ​ប្រភព​មួយ​ឲ្យ​ដឹង​ថា គណៈរដ្ឋមន្ត្រី​គ្មាន​អំណាច​ស្នើ​បន្ត​ឡើយ ។

លោក Essam al-Marzouq រដ្ឋមន្ត្រី​ប្រេង​របស់​កូ​វ៉ែត ថ្លែង​ថា ៖ « គ្រប់​ប្រទេស​មាន​សិទ្ធិ​សេរីភាព​និយាយ​ថា តើ​ពួក​គេ​គាំទ្រ ឬ​មិន​គាំទ្រ​ការ​បន្ត ។ ពួក​យើង​មិន​អាច​បន្ត​កិច្ចព្រមព្រៀង​នេះ​បាន​ទេ ប្រសិនបើ​គ្មាន​ការ​យល់​ស្រប​ពី​អ្នក​ទាំងអស់​គ្នា » ។ លោក​សង្ឃឹមថា ការ​សម្រេច​ចិត្តនឹង​កើត​មាននៅ​ចុង​ខែមេសា ។

គណៈរដ្ឋមន្ត្រី​ខាងលើ​និយាយ​ថា ពួក​គេ​បាន​កត់សម្គាល់​ពី​កត្តា​មួយ​ចំនួន​ដូច​ជា ភាព​អន់​ថយ​នៃ​តម្រូវការ​តាម​រដូវ​កាល ការ​ជួសជុល​កន្លែង​កែ​ច្នៃ​ប្រេង និង​ការ​ផ្គត់ផ្គង់​របស់​ប្រទេស​មិនមែន​សមាជិក OPEC កើនឡើង​ជាដើម ។

ពួក​គេ​បាន​ស្នើ​ដល់​លេខាធិការ OPEC ឲ្យ​ត្រួតពិនិត្យ​សា​ជា​ថ្មី​លើ​ស្ថានភាព​ទីផ្សារ​ប្រេង និង​ផ្តល់​យោបល់​ក្នុង​ខែមេសា ទាក់ទិន​នឹង​ការ​បន្ត​កិច្ចព្រមព្រៀង​នេះ ។

សេចក្តីថ្លែងការណ៍​បន្ត​ថា ៖ « នេះ​បញ្ជាក់​ជា​ថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​របស់ OPEC និង​ប្រទេស​មិនមែន​ជា​សមាជិក OPEC ដែល​ចូលរួម​ឲ្យ​បន្ត​សហការ​គ្នា​ទៀត » ។

លោក Alexander Novak រដ្ឋមន្ត្រី​ថាមពល​រុ​ស្ស៊ី ថ្លែង​ថា ៖ « វា​លឿន​នៅឡើយ​ក្នុង​ការ​និយាយ​ថា នឹង​បន្ត​ឬ​អត់ ប៉ុន្តែ​កិច្ចព្រមព្រៀង​នេះ​កំពុង​តែ​ដំណើរការ​បាន​ល្អ ហើយ​គ្រប់​ប្រទេស​ពិតជា​ប្តេជ្ញា​ថា នឹង​សហការ​១០០%​ផង​ដែរ » ។

លោកស្រី Ellen Wald អ្នក​ប្រឹក្សា​យោបល់​វិស័យ​ថាមពល​ពិភពលោក និយាយ​ថា ៖ « ខ្ញុំ​គិត​ថា ទីផ្សារ​នឹង​ត្រូវ​បាន​ប៉ះពាល់​ដោយសារ​តែ​គ្មាន​ទិស​ដៅ​ច្បាស់លាស់​ក្នុង​ការ​បន្ត​កិច្ចព្រមព្រៀង​នេះ » ៕