ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​ទេសចរណ៍​រួមចំណែក​12​ភាគរយ​នៃ​ផលទុនជាតិ​សរុប

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ថ្លែង​ថា កម្ពុជា​ព្យាករ​ថា នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​៥,៤​លាន​នាក់​នៅ​ឆ្នាំ​នេះ និង​រួមចំណែក​១២% នៃ​ផលទុនជាតិ​សរុប​កាលពី​ឆ្នាំ​មុន ។

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ថ្លែង​ថា កម្ពុជា​ព្យាករ​ថា នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​៥,៤​លាន​នាក់​នៅ​ឆ្នាំ​នេះ និង​រួមចំណែក​១២% នៃ​ផលទុនជាតិ​សរុប​កាលពី​ឆ្នាំ​មុន ។

លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​ប្រារព្ធ​ខួប​២១​ឆ្នាំ នៃ​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា (CATA) កាលពី​ចុង​ស​ប្តា​ហ៍​មុន​ថា ក្នុង​ឆ្នាំ​២០១៦​កន្លង​ទៅ​នេះ ចំនួន​ទេសចរ​អន្តរជាតិ​ដែល​មក​ទស្សនា​កម្ពុជា មាន​ជាង​៥,០១​លាន​នាក់ កើនឡើង​ប្រមាណ​៥% ធៀប​នឹង​ឆ្នាំ​២០១៥ និង​រក​ចំណូល​ចូលជាតិ​បាន​ប្រមាណ​ជិត​៣.១១២​លាន​ដុល្លារ​សហរដ្ឋអាមេរិក និង​ចូលរួម​ចំណែក​១១,៩% នៃ​ផលិតផល​ក្នុងស្រុក​សរុប ។

ក្រៅពី​នេះ ភ្ញៀវ​ទេសចរ​ជាតិ​ដែល​ដើរ​កម្សាន្ដ​ក្នុង​ប្រទេស មាន​ប្រមាណ​ជិត​១០,៦៤​លាន​នាក់ កើនឡើង​១០%​ផង​ដែរ ។

លោក ថោ​ង ខុន បន្ត​ថា ដោយឡែក​សម្រាប់​ឆ្នាំ​២០១៧​នេះ កម្ពុជា​រំពឹង​ថា នឹង​ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន​៥,៤​លាន​នាក់ និង​ឆ្នាំ​២០២០ រំពឹង​ថា នឹង​កើនឡើង​រហូត​ដល់​៧​លាន​នាក់ ស្រប​ពេល​វិស័យ​នេះ​បាន​និង​កំពុង​ក្លាយជា​វិស័យ​ចម្បង​មួយ​ក្នុង​ចំណោម​វិស័យ​ធំ​ៗ​ចំនួន​៤ ដែល​អាច​រក​ចំណូល​ចូលជាតិ​ខ្ពស់ និង​ចូលរួម​កាត់​បន្ថយ​ភាព​ក្រីក្រ ។

លោក​មាន​ប្រសាសន៍​ថា ៖ « ការ​រីក​ចម្រើន​វិស័យ​ទេសចរណ៍​ត្រូវ​បាន​គេ​រក​ឃើញ​ថា បាន​ចូលរួម​អភិវឌ្ឍន៍​កំណើន​សេដ្ឋកិច្ចជាតិ និង​លើកកម្ពស់​កម្រិតជីវភាព​រស់នៅ​របស់​ពលរដ្ឋ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង » ។ លោក​បន្ត​ថា ៖ «​បច្ចុប្បន្ន ការ​ប្រកប​អាជីវកម្ម​លើ​ការងារ​ទេសចរណ៍​បាន​កើនឡើង​យ៉ាង​ឆាប់រហ័ស ក្នុង​នោះ​ការី​ទេសចរណ៍ និង​ទីភ្នាក់ងារ​ទេសចរណ៍​ទូ​ទាំង​ប្រទេស គិត​ត្រឹម​ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ សរុប​មាន​ចំនួន​៦៥៥​ក្រុមហ៊ុន ដោយ​មាន​លទ្ធភាព​ផ្តល់​ការងារ​ដោយ​ផ្ទាល់​សរុប​៣.០៣៥​នាក់ ក្នុង​នោះ​មាន​ស្ត្រី​ចំនួន​១.៤៥១​នាក់ » ។

លោកស្រី ឆាយ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា ថ្លែង​ថា កម្ពុជា​រីក​ចម្រើន​លើ​វិស័យ​ទេសចរណ៍​យ៉ាង​ខ្លាំង​ក្នុង​រយៈពេល​២​ទសវត្សរ៍​ចុង​ក្រោយ​នេះ ។ ការ​មក​ដល់​របស់​ភ្ញៀវ​ទេសចរ​មាន​កំណើន​យ៉ាង​លឿន​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ដែល​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ទេសចរណ៍​នានា​កើន​ពី​ជាង​២០០ ដល់​ជាង​៦៥៥​ក្រុមហ៊ុន ។
លោកស្រី​បន្ត​ថា ៖ « ក្រុមហ៊ុន​ទាំងនោះ​រីក​ចម្រើន និង​មាន​សកម្មភាព​យ៉ាង​មមាញឹក ព្រោះ​ការ​ពង្រីក​ទីផ្សារ​ទេសចរណ៍​របស់​កម្ពុជា និង​ការ​មក​ដល់​របស់​ភ្ញៀវ​កើនឡើង » ។ លោកស្រី​បន្ត​ថា ៖ « ការ​រីក​ចម្រើន​របស់​វិស័យ​នេះ បាន​និង​កំពុង​រួមចំណែក​យ៉ាង​សំខាន់ ជា​ពិសេស ធ្វើ​ឲ្យ​អ្នក​ផ្តល់​សេវាកម្ម​កាន់តែ​ពង្រឹង​បាន​នូវ​គុណភាព​សេវាកម្ម​របស់​ខ្លួន » ។

លោក ហូ វ​ណ្ឌី អគ្គលេខាធិការ​សមាគម​សម្ព័ន្ធ​ទេសចរណ៍​ជាតិ​កម្ពុជា ថ្លែង​ថា វិស័យ​ទេសចរណ៍​ពិតជា​រួមចំណែក​យ៉ាង​សំខាន់​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ និង​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ ព្រោះ​ពេល​ភ្ញៀវ​ទេសចរ​ទៅ​ដល់​ទីណា លំហូរ​សាច់ប្រាក់​នឹង​ចូល​ដល់​កន្លែង​នោះ តំបន់​នោះ​នឹង​មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស ហើយ​ប្រជាពលរដ្ឋ​នឹង​ទទួលផល​ប្រយោជន៍​ដោយ​ផ្ទាល់ និង​ប្រយោល​ផង​ដែរ ។

លោក​ថ្លែង​ថា ៖ « វិស័យ​ទេសចរណ៍​នាំមុខ​គេ​ក្នុង​ការ​អភិវឌ្ឍ​នៅ​តំបន់​ណាមួយ ព្រោះ​កំណើន​ភ្ញៀវ និង​ការ​ទៅ​ដល់​របស់​ភ្ញៀវ​នៅ​ទីណា តំបន់​នោះ​នឹង​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស​»​។ លោក​បន្ត​ថា ៖ « បើ​សួរ​ខ្ញុំ​ថា បាន​ចំណូល​ប៉ុន្មាន​ពី​វិស័យ​នេះ គឺ​គ្មាន​អ្នក​ណា​ដឹង​ពិតប្រាកដ​ទេ ប៉ុន្តែ​តួលេខ​កន្លង​មក ជា​អ្វី​ដែល​កម្ពុជា​បាន​គណនា​ពី​រយៈពេល​នៃ​ការ​ស្នាក់​នៅ​របស់​ភ្ញៀវ ចំនួន​ភ្ញៀវ និង​ការ​ចំណាយ​របស់​ពួក​គេ » ។

យោង​តាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍​បញ្ជាក់​ថា ក្នុង​រយៈពេល​ពីរ​ខែ​ដើមឆ្នាំ​នេះ កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាង​១​លាន​៨​ម៉ឺន​នាក់ ក្នុង​នោះ​ភ្ញៀវ​ទេសចរ​ចិន​មាន​ចំនួន​១៧២.៤៣៨​នាក់ កើនឡើង​១៦% ៕