ខេត្តបាត់ដំបង ៖ ភ្ញៀវទេសចរជនជាតិថៃមួយក្រុម ដែលបានមកដល់ទឹកដីដ៏ចំណាស់នៃអាណាចក្រខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី០១ មេសា បានបញ្ចប់ការទស្សនារយៈពេល៣ថ្ងៃ តាមតំបន់ទេសចរណ៍នានា ដែលពួកគេបានអ៊ួតសរសើរថា តំបន់ទេសចរណ៏ចំនួន៤កន្លែង បានធ្វើឲ្យពួកគេចាប់អារម្មណ៍បំផុត បើទោះជាពួកគេមួយចំនួនធ្លាប់មកទស្សនាច្រើនលើកហើយក្ដី ។
ប្រធានក្រុមការងារទំនាក់ទំនងព្រំដែនខ្មែរ-ថៃ ប្រចាំច្រកទ្វាតំបន់«៤០០» ស្រុកសំឡូត លោកវរសេនីយឯក ស៊ីវ វាសនា ដែលបានដឹកនាំក្រុមគណៈប្រតិភូភ្ញៀវទេសចរថៃបាននិយាយថា ក្រុមភ្ញៀវទេសចរជនជាតិថៃទាំងនេះ មកពីខេត្តត្រាត ខេត្តច័ន្ទបុរី និងមកពីក្រុងថេប ប្រទេសថៃ ។
លោកថា ក្រុមនេះដឹកនាំដោយសមាគមទេសចរណ៍ថៃ ប្រចាំខេត្តត្រាត ហើយបានចូលមកកាន់ទឹកដីកម្ពុជា ក្នុងគោលដៅទស្សនា និងកំសាន្តតាមតំបន់ទេសចរណ៍ចំនួន២ខេត្ត គឺខេត្តបាត់ដំបង និងខេត្តពោធ៍សាត់ក្នុងរយៈពេល៣ថ្ងៃ។ ពួកគេបានផ្ដោតសំខាន់លើតំបន់ទេសចរណ៍បុរាណ និងប្រវត្តិសាស្ត្រចំនួន៤កន្លែង ក្នុងទឹកដីខេត្តបាត់ដំបង ដែលពួកគេជំពាក់ចិត្តស្អិត ស្ទើរតែមិនអាចបំភ្លេចបាន តែពួកគេនឹងធ្វើដំណើរទៅជិះទូកមើលផ្ទៃទឹកបឹងទន្លេសាប១ថ្ងៃ នៅខេត្តពោធិ៍សាត់ជាមុនសិន ទើបវិលត្រឡប់មកទស្សនាតំបន់ទេសចរណ៍ដ៏ល្បីល្បាញ នៅទឹកដីវ័យចំណាស់ខេត្តបាត់ដំបង ។
ចែករំលែកព័តមាននេះ