ទិន្នផលស្វាយកែវរមៀតមានហាងឆេងល្អជាងដំឡូងមីនៅខេត្តប៉ៃលិន
ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋបានលើកឡើងថា ផលផ្លែស្វាយកែវរមៀត ពិតជាមានហាងឆេងល្អ ពោលគឺមានទីផ្សារល្អប្រសើរជាងដំណាំពោត ដំឡូងមី ខណៈឈ្មួញមួយចំនួនកំពុងសម្រុកទិញ
ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋបានលើកឡើងថា ផលផ្លែស្វាយកែវរមៀត ពិតជាមានហាងឆេងល្អ ពោលគឺមានទីផ្សារល្អប្រសើរជាងដំណាំពោត ដំឡូងមី ខណៈឈ្មួញមួយចំនួនកំពុងសម្រុកទិញ
ខេត្តប៉ៃលិន ៖ ប្រជាពលរដ្ឋបានលើកឡើងថា ផលផ្លែស្វាយកែវរមៀត ពិតជាមានហាងឆេងល្អ ពោលគឺមានទីផ្សារល្អប្រសើរជាងដំណាំពោត ដំឡូងមី ខណៈឈ្មួញមួយចំនួនកំពុងសម្រុកទិញផ្លែស្វាយទាំងនេះ ដឹកតាមរថយន្តយកទៅលក់នៅប្រទេសថៃ និងតាមទីផ្សារនានាក្នុងខេត្តប៉ៃលិន បាត់ដំបង ពោធិ៍សាត់ និងរហូតដល់រាជធានីភ្នំពេញផងដែរ ។ លើសពីនេះ បច្ចុប្បន្នដំណាំផ្លែស្វាយកែវរមៀត ត្រូវបានម្ចាស់ចម្ការកំពុងប្រមូលផលក្នុង១ឆ្នាំរហូតដល់ចំនួន៣ដង ដោយដាក់អ៊័រម៉ូនបញ្ជាឱ្យផ្លែចំនួន២ដង និងផ្លែតាមរដូវកាល១ដង ។
ជាក់ស្តែងកាលពីថ្ងៃទី២៨ មីនា កសិករម្នាក់ឈ្មោះ ជុង ចំណាន ភេទប្រុស អាយុ៦០ឆ្នាំ បានប្រមូលផលស្វាយមួយកន្លែងស្ថិតនៅក្នុងចម្ការភូមិកូនខ្លុង សង្កាត់អូរតាវៅ ក្រុងប៉ៃលិន ។
តាមលោក ភឿន ហៅតាស្វិត អាយុ៤៧ឆ្នាំ ជាឈ្មួញមកពីខេត្តបាត់ដំបង បានរៀបរាប់ឱ្យដឹងថា ស្វាយកែវរមៀតបច្ចុប្បន្នមានហាងឆេងល្អជាងពោត និងដំឡូងមី ដោយផ្លែស្វាយកែវរមៀតមួយគីឡូក្រាមខាងលោកទិញថ្លៃពី៧ទៅ៨បាត (ប្រាក់ថៃ) ហើយយកទៅលក់បន្តបានថ្លៃក្នុង១គីឡូក្រាមពី៩ទៅ១០បាត ជួនកាលបាន១៥បាត ។
លោកបន្តទៀតថា ជារៀងរាល់ថ្ងៃ ឱ្យតែដល់រដូវប្រមូលផលស្វាយ ខាងលើលោកតែងតែជួលកម្មករនៅតាមភូមិមកបេះផ្លែស្វាយក្នុងចម្ការប្រជាកសិករជាច្រើនកន្លែង ដោយក្នុង១ថ្ងៃ ម្នាក់ៗទទួលបានចំនួន៣ម៉ឺនរៀល ។ ការបេះផ្លែស្វាយនេះក្នុង១ថ្ងៃអាចបានចំនួន១០ទៅ១៥តោន ច្រកថង់ដាក់ចូលក្នុងកញ្ឆេ រួចដឹកតាមរថយន្តរបស់ខ្លួនយកទៅលក់ចែកចាយតែម្តង ។ លោកបញ្ជាក់ថា ការរកស៊ីជួញដូរផ្លែស្វាយនេះ មិនមានការខាតបង់អ្វីនោះទេ បើខាងថៃអត់ទិញទេ លោកដឹកយកទៅលក់តាមទីផ្សារខ្មែរនៅតាមខេត្តផ្សេងៗក្នុងប្រទេសកម្ពុជា ។
ចំណែកម្ចាស់ចម្ការស្វាយបានឱ្យដឹងថា នៅក្នុងចម្ការរបស់គាត់ដាំដើមស្វាយកែវរមៀតជាច្រើនឆ្នាំមកហើយ និងទទួលបានផល៣ទៅ៤ឆ្នាំមកហើយដែរ ដោយបេះម្តងៗម៉ៅលក់ឱ្យឈ្មួញបេះខ្លួនឯងក្នុង១គីឡូក្រាមថ្លៃពី៦ទៅ៧បាត (ប្រាក់ថៃ) ហើយបើផ្លែធំៗក៏លក់បានថ្លៃលើសនេះដែរ។ គាត់បញ្ជាក់ទៀតថា ការដាំស្វាយនេះមិនខាតដូចជាដំណាំដំឡូងមីនោះទេ ព្រោះអីហាងឆេងគ្រាន់បើជាងមុន ខណៈដំឡូងមី កាន់តែធ្លាក់ថ្លៃទៅៗ ដោយសារតែភ្លៀងជោកជាំខ្លាំងពេក ត្រូវក្រុមឈ្មួញបន្ថោកតម្លៃ ។
ទោះជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋមិនដឹងជា ត្រូវដាំដំណាំអ្វី ទុកដំណាំអ្វីនោះទេ ខណៈដាំពោត ពេលប្រមូលផល បែរជាតម្លៃធ្លាក់ចុះ លុះក្រោយមកឃើញដំឡូងមីឡើងថ្លៃ ពួកគាត់នាំគ្នាដាំដំឡូងមី នៅពេលទទួលបានផលស្រាប់តែលក់ថោក សងជំពាក់បំណុលគេមិនគ្រប់ ។ មើលទៅពួកគាត់មួយចំនួនប្រហែលជាយកដីខ្លះទៅដាំដំណាំស្វាយ និងដំណាំតាង៉ែន ហៅមៀនប៉ៃលិនម្តងវិញ ដោយបោះបង់ចោលការដាំពោត និងដំឡូងមីទុកមួយឡែកសិន ៕
ចែករំលែកព័តមាននេះ