ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ Brexit នឹង​ប៉ះពាល់​ដល់​តម្លៃ​ផ្ទះ និង​អត្រា​ការ​ប្រាក់​ដូច​ម្តេច​ខ្លះ ?

7 ឆ្នាំ មុន

ចក្រភព​អង់គ្លេស ៖ ខណៈ Brexit ចាប់ផ្តើម ចក្រភព​អង់គ្លេស​ក៏​ចាប់ផ្តើម​ដំណើរការ​ចាក​ចេញពី​សហភាព​អឺរ៉ុប​ជា​ផ្លូវការ​ដែរ ។ ទោះបី​យ៉ាងណា វា​មាន​ភាព​មិន​ប្រាកដ​ប្រជា​​ច្រើន​នៅឡើយ​ពី​អនាគត​ថា

ចក្រភព​អង់គ្លេស ៖ ខណៈ Brexit ចាប់ផ្តើម ចក្រភព​អង់គ្លេស​ក៏​ចាប់ផ្តើម​ដំណើរការ​ចាក​ចេញពី​សហភាព​អឺរ៉ុប​ជា​ផ្លូវការ​ដែរ ។ ទោះបី​យ៉ាងណា វា​មាន​ភាព​មិន​ប្រាកដ​ប្រជា​​ច្រើន​នៅឡើយ​ពី​អនាគត​ថា នឹង​មាន​អ្វី​កើតឡើង ។

លោកស្រី​នាយក​រដ្ឋមន្ត្រី Theresa May បាន​ប្រាប់​កាលពី​ថ្ងៃ​ពុធ កន្លង​មក​ថា អ្នក​ដែល​មិន​ប្រាកដប្រជា គួរតែ​មើលទៅ​មុខ​ដោយ​សុទិដ្ឋិនិយម ។

ប៉ុន្តែ​ដោយ​ការ​ចរចា​នេះ​ត្រូវការ​រយៈពេល​២​ឆ្នាំ​ឯណោះ ពួក​យើង​គួរតែ​ងាក​មក​មើល​ថា​តើ​តម្លៃ​ផ្ទះ និង​អត្រា​ការ​ប្រាក់​បាន​ឆ្លើយ​តប​យ៉ាងដូចម្តេច​ខ្លះ តាំងពី​ការ​បោះ​ឆ្នោត​ចាក​ចេញពី EU ក្នុង​ខែមិថុនា​មក ។

អត្រា​ការ​ប្រាក់​នៅ​អង់គ្លេស ឬ​អត្រា​ការ ប្រាក់​គោល គឺ​ត្រូវ​បាន​កំណត់​ដោយ​ធនាគារ ជាតិ​អង់គ្លេស សម្រាប់​ផ្តល់​ប្រាក់​កម្ចី​ដល់​ធនាគារ​ដទៃ និង​ប្រើ​វា​កំណត់​អត្រា​ការ​ប្រាក់​ទូទៅ ។

គណៈកម្មាធិការ​គោលនយោបាយ​រូបិយប័ណ្ណ​របស់​ធនាគារ​នេះ​បាន​កំណត់​អត្រា និង​និយាយ​ថា ពួក​គេ​មិន​ប្រញាប់​បង្កើន​វា​ទេ ប៉ុន្តែ​សេដ្ឋវិទូ​ជា​ច្រើន​និយាយ​ថា ការ​កើនឡើង​យ៉ាង​លឿន​នៃ​អត្រា​អតិផរណា​អាច​នឹង​ដាក់​សម្ពាធ​លើ​ធនាគារ​ឲ្យ​ចេញ​សកម្មភាព និង​បង្កើន​អត្រា​ការ​ប្រាក់ ។

អ្នក​នាង Hannah Maundrell និពន្ធ​នាយក​របស់ money.co.uk និយាយ​ថា គណៈកម្មាធិការ​ដឹង​ថា វា​ប៉ះពាល់​ដល់​ហិរញ្ញវត្ថុ​តាម​គ្រួសារ​ប៉ុណ្ណោះ ហើយ​រាល់​ការ​បង្កើន​ណាមួយ​នឹង​កើន​តែ​បន្តិច តាម​សម្រួល និង​តាម​ពេល​ដែល​ត្រូវ​បាន​កំណត់​ដោយ​ប្រុង​ប្រយ័ត្ន ។

ជាមួយ​គ្នា​នេះ ប៉ុន្មាន​ខែ​បន្ទាប់​ពី​ចក្រភព​អង់គ្លេស​បោះ​ឆ្នោត​ចាក​ចេញពី EU ការ​លូតលាស់​របស់​តម្លៃ​ផ្ទះ​បាន​អន់​ថយ ប៉ុន្តែ​វា​មិន​ប៉ះពាល់​ធំដុំ​ទេ ។

លោក Simon Collins មក​ពី John Charcol និយាយ​ថា ៖ « ខ្ញុំ​មិន​គិត​ថា ពួក​យើង​នឹង​មើលឃើញ​តម្លៃ​ផ្ទះ​ធ្លាក់​ចុះ​ខ្លាំង​ទេ ។ ទីផ្សារ​ផ្ទះ​របស់​អង់គ្លេស​នៅ​តែ​ត្រូវ​បាន​មើលឃើញ​ថា ជា​ការ​វិនិយោគ​ដ៏​ល្អ » ។

លោក​បន្ត​ថា ៖ « មូល​ហេតុតែ​មួយ​ដែល​អាច​ធ្វើ​ឲ្យ​តម្លៃ​ផ្ទះ​ធ្លាក់​ចុះ​ខ្លាំង​នោះ គឺ​ប្រជាជន​មិន​ទូទាត់​បំណុល​ធនាគារ ដែល​ធ្វើ​ឲ្យ​កើនឡើង​ចំនួន​ផ្ទះ​តម្លៃ​ទាប​ក្នុង​ទីផ្សារ » ។

លោក Russell Quirk ស្ថាបនិក និង​នាយក​ប្រតិបត្តិ​របស់ eMoov និយាយ​ថា​៖  « Brexit គ្មាន​សមត្ថភាព​បង្ក​ផល​ប៉ះពាល់​ដល់ទី​ផ្សារ​អចលនទ្រព្យ​របស់​ចក្រភព​អង់គ្លេស​ទេ​» ។

អ្វី​គួរ​ឲ្យ​ព្រួយបារម្ភ​នោះ គឺ​ទីផ្សារ​អចលនទ្រព្យ​ក្នុង​ទីក្រុង​ឡុ​ង​ដ៍​កណ្តាល​ធ្លាប់​ជួប​វិបត្តិ​ពី​មុន​មក និង​ត្រូវ​បាន​ប៉ះពាល់​ដោយ​ការ​ផ្លាស់​ប្តូរ​ការ​បង់ពន្ធ​លើ​ឯកសារ​ស្របច្បាប់ ។

យ៉ាងណា​ក្តី លោក Jeremy Leaf ភ្នាក់ងារ​អចលនទ្រព្យ​នៅ​ទីក្រុង​ឡុ​ង​ដ៍​ខាងជើង និង​ជា​អតីត​អគ្គនាយក​ផ្នែក​លំនៅ​ឋាន​ក្នុង RICS និយាយ​ថា ៖ « ទីផ្សារ​ផ្ទះ​បាន​នៅ​រឹង​មាំ​ជាង​អ្វី​ដែល​អ្នក​ទាំងអស់​គ្នា​គិត​ទុក ប៉ុន្តែ​ភាព​មិន​ប្រាកដប្រជា​នៅ​តែ​មាន ហើយ​ការ​ទិញ​លក់ ក៏​ធ្លាក់​ចុះ​បន្តិច​ម្តង​ៗ​ផង​ដែរ​តាំងពី​ការ​បោះ​ឆ្នោត​មក » ។

លោក​បន្ត​ថា ៖ « វា​ប៉ះពាល់​ដល់ទី​ផ្សារ​ចៀស​មិន​ផុត​ទេ ដោយ​វា​ធ្វើ​ឲ្យ​តម្លៃ​ធ្លាក់​ចុះ ជា​ពិសេស​នៅ​ទីក្រុង​ឡុ​ង​ដ៍ ដែល​ត្រូវ​បាន​ប៉ះពាល់​ដោយ​ការ​កើនឡើង​នៃ​ពន្ធ​ឯកសារ​ស្របច្បាប់ និង​តម្លៃ​ខ្ពស់​ជា​យូរ​មក​ហើយ » ៕