ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ចិន​នៅ​កម្ពុជា​សង់​ការិយាល័យ​សមាគម​ទាក់ទាញ​វិនិយោគិន​មក​បណ្ដាក់ទុន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​វិនិយោគិន​ទាំងអស់​ដែល​មក​ស្វែងរក​ការ​បណ្ដាក់ទុន​វិនិយោគ​នានា​នៅ​កម្ពុជា ភាគច្រើន​អាច​និយាយ​ភាសា​ចិន​បាន​ដូច​ជា ចិន ម៉ា​ឡេ​ស៊ី សិង្ហ​បុរី ហុងកុង និង​តៃវ៉ាន់​ជាដើម ។ ដូចនេះ ដើម្បី​

រាជធានី​ភ្នំពេញ ៖ ក្នុង​ចំណោម​វិនិយោគិន​ទាំងអស់​ដែល​មក​ស្វែងរក​ការ​បណ្ដាក់ទុន​វិនិយោគ​នានា​នៅ​កម្ពុជា ភាគច្រើន​អាច​និយាយ​ភាសា​ចិន​បាន​ដូច​ជា ចិន ម៉ា​ឡេ​ស៊ី សិង្ហ​បុរី ហុងកុង និង​តៃវ៉ាន់​ជាដើម ។ ដូចនេះ ដើម្បី​សម្រួល​ដល់​ការ​វិនិយោគ​របស់​អ្នក​ទាំងនោះ សមាគម​ខ្មែរ​-​ចិន​នៅ​កម្ពុជា​បាន​សម្រេច​សាងសង់​ការិយាល័យ​សមាគម​ជួយ​សម្រួល​ពួក​គេ​ស្វែងរក​សេវា​នានា​ក្នុង​ការ​បណ្ដាក់ទុន​វិនិយោគ ។

ថ្លែង​នៅ​ក្នុង​ពិធី​បុក​គ្រឹះ​សាងសង់​ការិយាល័យ​សមាគម​ខ្មែរ​-​ចិន ក្នុង​តំបន់​អភិវឌ្ឍន៍​ទីក្រុង​រណប​ជ្រោយចង្វា កាលពី​ថ្ងៃ​ទី​៣០ មីនា លោក​ឧកញ៉ា ឃុន សៀ ប្រធាន​គណៈកម្មការ​រៀបចំ​ការងារ​សាងសង់​ការិយាល័យ​សមាគម​ខ្មែរ​-​ចិន​នៅ​កម្ពុជា ឲ្យ​ដឹង​ថា ការិយាល័យ​សមាគម​ខ្មែរ​-​ចិន​នេះ ទទួល​បានការ​បរិច្ចាគ​ដី​ទំហំ​៣​ពាន់​ម៉ែត្រការ៉េ​ពី​លោក​ឧកញ៉ា ពុង ឃាវ​សែ ប្រធាន​ក្រុមហ៊ុន OCIC សម្រាប់​សាងសង់ ដោយ​ចំណាយ​ទឹកប្រាក់​ប្រមាណ​ជាង​២​លាន​ដុល្លារ​អា​មេ​រិ​ក ។

លោក​បន្ត​ថា ៖ « ការ​សាងសង់​អគារ​ថ្មី​នេះ ត្រូវការ​ថវិកា​ច្រើន​ពី​សមាគម​ខ្មែរ​-​ចិន តែ​ថវិកា​មាន​កម្រិត មិន​អាច​រ៉ាប់រង​បាន​ទាំងស្រុង​នូវ​ការ​ចំណាយ ។ យើងខ្ញុំ​សង្ឃឹមថា សប្បុរសជន​ជិត​ឆ្ងាយ​ទាំងឡាយ​នឹង​ចូលរួម​ឧបត្ថម្ភ​សង់​អគារ​នេះ​ទុកជា​ប្រវត្តិសាស្ត្រ​ឲ្យ​កូនចៅ​ជំនាន់​ក្រោយ​បាន​មើល​ពី​ស្នាដៃ​របស់​យើង » ។

លោក​ឧកញ៉ា ពុង ឃាវ​សែ ប្រធាន​សមាគម​ខ្មែរ​-​ចិន​នៅ​កម្ពុជា ឲ្យ​ដឹង​ថា រយៈពេល​ជាង​២០​ឆ្នាំ​នៃ​ការ​បង្កើត​សមាគម​នេះ​នៅ​កម្ពុជា សមាជិក​ទាំងអស់​បាន​ចូលរួម​ចំណែក​ជា​ច្រើន​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា ដូច​ជា ការ​ដាក់​ទុន​វិនិយោគ​លើ​វិស័យ​ផ្សេង​ៗ​ជាដើម ។ លោក​ឧកញ៉ា​មាន​ប្រសាសន៍​ថា ៖ « នៅ​ថ្ងៃនេះ​ដែរ គឺជា​ភស្តុ​តាង​បញ្ជាក់​មួយទៀត​ថា សមាគម​ខ្មែរ​-​ចិន​នឹង​ចូលរួម​ជំរុញ​សេដ្ឋកិច្ច​កម្ពុជា​ឲ្យ​រីក​ចម្រើន​បន្ថែម​ទៀត តាម​រយៈ​ការ​បង្កើត​ការិយាល័យ​សម្រាប់​ឲ្យ​បងប្អូន​ចិន​ដែល​ទើបនឹង​មក​ដល់​កម្ពុជា ហើយ​ស្វែងរក​ការ​វិនិយោគ​នានា ក្នុង​នោះ សមាគម​នឹង​បង្កើត​ឲ្យ​នាយកដ្ឋាន​ជំរុញ​សេដ្ឋកិច្ច និង​សម្រប​សម្រួលការ​វិនិយោគ​ចំពោះ​វិនិយោគិន​ដែល​និយាយ​ភាសា​ចិន ដូច​ជា មក​ពី​ម៉ា​ឡេ​ស៊ី សិង្ហ​បុរី ចិន តៃវ៉ាន់ ហុងកុង និង​ម៉ា​កាវ​ជាដើម »  ។

លោក Xiong Bo ឯកអគ្គរដ្ឋទូត​ចិន ប្រចាំ​កម្ពុជា ដែល​ចូលរួម​ក្នុង​ពិធី​នោះ​ដែរ​ឲ្យ​ដឹង​ថា ជនជាតិ​ចិន​នៅ​កម្ពុជា និង​បងប្អូន​កូនកាត់​ចិន​-​កម្ពុជា បាន​ចូលរួម​យ៉ាង​សំខាន់​ក្នុង​ការ​ក្លាយជា​កម្លាំង​ស្នូល​មួយ​ទ្រទ្រង់​សេដ្ឋកិច្ច​កម្ពុជា​ឲ្យ​អភិវឌ្ឍន៍​ទៅ​មុខ ។ លោក​ថា ៖ «​បច្ចុប្បន្ន​នេះ ប្រទេស​ចិន និង​កម្ពុជា​បាន​និង​កំពុង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ត​ភ្ជាប់​សេដ្ឋកិច្ច​តាម​យុទ្ធសាស្ត្រ​រៀង​ៗ​ខ្លួន ដើម្បី​ឲ្យ​ប្រទេស​ទាំង​ពីរ​កាន់តែ​ជិត​ស្និទ្ធ​នឹង​គ្នា » ។

លោក​ជំទាវ ម៉ែ​ន សំ​អន ឧបនាយក រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​រដ្ឋសភា ព្រឹទ្ធសភា និង​អធិការកិច្ច មាន​ប្រសាសន៍​ថា បងប្អូន​ខ្មែរ​-​ចិន រួម​ទាំង​បងប្អូន​ខ្មែរ​ខ្សែស្រឡាយ​ចិន និង​បងប្អូន​ខ្មែរ​ដើម​កំណើត​ចិន គឺជា​អ្នក​ពូកែ​ធ្វើ​ជំនួញ និង​វិនិយោគ​ដ៏​ឆ្លាត​វៃ បាន​ក្លាយជា​ធនធាន​ដ៏​សំខាន់​រួមចំណែក​យ៉ាង​ធំធេង​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​កម្ពុជា ។

លោក​ជំទាវ​បន្ត​ថា ៖ «​ប្រទេស​ចិន គឺជា​ដៃគូ​អភិវឌ្ឍន៍​ដ៏​សំខាន់​របស់​កម្ពុជា​លើ​គ្រប់​វិស័យ ដែល​មិន​អាច​កាត់​ផ្ដាច់​បាន​ពី​ការ​ជួយ​ឧបត្ថម្ភ​របស់​មហាមិត្ត​ចិន​ឡើយ ។ តាម​រយៈ​យុទ្ធសាស្ត្រ​ខ្សែក្រវាត់​មួយ ផ្លូវ​មួយ​របស់​រដ្ឋាភិបាល​ចិន កម្ពុជា​នឹង​ទទួល​បាន​ផលប្រយោជន៍​កាន់តែ​ធំធេង​ថែម​ទៀត​ពី​ទំនាក់ទំនង​មិត្តភាព​ជា​ប្រពៃណី​កម្ពុជា​-​ចិន » ៕