ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេដ្ឋារចនាសម្ព័ន្ធ​អង្គរ​សង្ក្រាន្ត​កំពុង​សកម្ម​រៀបចំ​ឱ្យ​រួចរាល់

6 ឆ្នាំ មុន

ខេត្តសៀមរាប​៖ «​សំណង់​ភូមិ​ខ្ញុំ​» ស្ថិត​នៅ​ពី​ខាងជើង​ប្រាសាទបាយ័ន ជា​ផ្នែក​មួយ​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ឆ្នាំរកា អដ្ឋស័ក ព​.​ស​២៥៦០ ឆ្នាំ​២០១៧ ជា​លើក​ទី​៥ នៅ​ខេត្តសៀមរាប រៀបចំ

ខេត្តសៀមរាប​៖ «​សំណង់​ភូមិ​ខ្ញុំ​» ស្ថិត​នៅ​ពី​ខាងជើង​ប្រាសាទបាយ័ន ជា​ផ្នែក​មួយ​នៃ​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ឆ្នាំរកា អដ្ឋស័ក ព​.​ស​២៥៦០ ឆ្នាំ​២០១៧ ជា​លើក​ទី​៥ នៅ​ខេត្តសៀមរាប រៀបចំ​បាន​ជាង​៧០%​ហើយ ។ «​សំណង់​ភូមិ​ខ្ញុំ​»​គឺជា​សំណង់​និមិត្ត​កម្ម​សម័យកាល​បច្ចុប្បន្ន ដែល​មាន​ឥទ្ធិពល​អាច​ផ្តល់​ឱកាស​ឱ្យ​អ្នកចូលរួម​រីករាយ​សប្បាយ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ថ្មី​បាន​ឈ្វេងយល់​អំពី​ប្រពៃណី វប្បធម៌​នៃ​ការ​រស់នៅ​របស់​ដូនតា​ខ្មែរ សម័យកាល​មុន ។

លោក​សោម រតនា ប្រធាន​ក្រុមការងារ​ទំនាក់ទំនង​សាធារណៈ​នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត បាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែមីនា ឆ្នាំ​២០១៧ ថា សំណង់​និមិត្ត​កម្ម​ភូមិ​ខ្ញុំ  ស្ថិត​នៅ​ខាងជើង​ប្រាសាទបាយ័ន ចាប់ផ្តើម​សាងសង់​កាលពី​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០១៧ ហើយ​គ្រោង​ឱ្យ​រួចរាល់​ជា​ស្ថាពរ​មុន​១​ស​ប្តា​ហ៍​នៃ​ការ​ចូល​មក​ដល់​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ថ្ងៃ​ទី​១៤ ខែមេសា​។ កិច្ចការ​ទាំងនេះ​ដាក់បន្ទុក​ទទួលខុសត្រូវ សាងសង់​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា ។

សំណង់​នានា​ដែល​មាននៅ​ក្នុង​និមិត្ត​ដ្ឋា​ន​ភូមិ​ខ្ញុំ​រួម​មាន​៖ ផ្ទះ​សេដ្ឋី លំនៅ​ឋាន​ប្រពៃណី​អ្នកនេសាទ ផ្ទះ​ព្នង  រោង​សិប្បកម្ម ឆាក​សម្តែង​សិល្បៈ ផ្ទះ​លំហែកាយ​របស់​មន្ត្រី​អ្នកមុខអ្នកការ​នា​សម័យ​ដើម​, ល្ខោនខោល​សម្តែង​ជា​លើក​ទី​១, របាំ​ព្រះរាជ​ទ្រព្យ​ខ្មែរ សម្តែង​ដឹកនាំ​ដោយ​សម្តេចព្រះរៀម​បុប្ផា​ទេវី​, មានការ​តាំង​ពងមាន់​យក្ស​, ចាប៉ី​ដង​វែង​យក្ស ដែល​ដាក់​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ។ ក្រៅពី​នេះ​តុបតែង​លម្អ​នៅ​តាម​កន្លែង​ផ្សេង​ៗ​មួយ​ចំនួន​ទៀត និង​មាន​តូប​ផ្សារ​លក់ដូរ​ជាដើម ។

ចំណែក​ផ្ទះ​កូនកំលោះ​-​ក្រមុំ​នៃ​ជនជាតិភាគតិច​(​គ្រឹ​ង​) នឹង​នាំ​ពី​ខេត្ត​រតនគីរី កសាង​នៅ​ក្នុង​«​ភូមិ​ខ្ញុំ​» ហើយ​ជនជាតិ​គ្រឹ​ង​ប្រមាណ​ជាង​១០​នាក់ នឹង​មាន​វត្តមាន​បង្ហាញ​ពី​ប្រពៃណី​រស់នៅ​របស់​ពួក​គេ នៅ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ផង​ដែរ ។

នេះ​គឺជា​លើ​ទី​៥​ហើយ​ដែល​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា សហការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា និង​អាជ្ញាធរ​ពាក់ព័ន្ធ រៀបចំ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នៅ​លើ​ទឹកដី​ដ៏​ពិសិដ្ឋ​នៃ​ខេត្តសៀមរាប ។ មរតក​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ​នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ទាំង​៤លើក​កន្លង​ទៅ​បាន​ញ៉ាំង​ឱ្យ​ព្រឹត្តិការណ៍​នេះ បន្ត​សម្រេច​បាន​គោលដៅ ចម្បង​ៗ​ជា​ច្រើន  ។ ព្រឹត្តិការណ៍​នេះ​ផ្តល់​ឱកាស​ឱ្យ​កម្ពុជា​បាន​ផ្សព្វផ្សាយ និង​លើកតម្កើង​ពី​អរិយធម៌ វប្បធម៌ ព្រមទាំង​ស្នាដៃ​ដ៏​វិសេសវិសាល​របស់​ខ្លួន​ទៅ​លើ​ឆាក​អន្តរជាតិ ។​   
ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ២០១៧ រៀបចំ​ជា​ថ្មី​ម្តងទៀត​ដោយ​ផ្អែក​ទៅ​លើ​ភាព​ជោគជ័យ​ដ៏​ត្រចះត្រចង់​នា​បណ្តា​ឆ្នាំ​កន្លង​ទៅ ៕