អគ្គលេខាធិការអង្គការសហប្រជាជាតិ លោកបាន គីមូន កាលពីថ្ងៃទី១៦ មីនា កន្លងមក បានអំពាវនាវដល់ភាគីទាំងអស់ក្នុងជម្លោះនៅប្រទេសលីប៊ី ទទួលយកបទឈប់បាញ់គ្នាមួយជាបន្ទាន់ ដោយលោកថ្លែងថា អ្នកដែលជាប់ពាក់ព័ន្ធជាមួយការបង្ក្រាបបាតុករដោយប្រើកម្លាំងយោធាត្រូវតែទទួលខុសត្រូវសម្រាប់តួនាទីរបស់ខ្លួន ។
អ្នកនាំពាក្យរបស់លោកបាន គីមូន លោក Martin Nesirky ថ្លែងប្រាប់អ្នកកាសែតថា ប្រមុខ អ.ស.ប មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបង្ក្រាបរបស់កងកម្លាំងរដ្ឋាភិបាលលោកមូអាម៉ា កាដាហ្វី ប្រឆាំងជនស៊ីវិលនៅភាគខាងកើតប្រទេស ។ លោក Martin ឱ្យដឹងទៀតថា លោកអគ្គលេខាធិការ បាន គីមូន កំពុងទទូចដល់ភាគីមានជម្លោះទាំងអស់នៅប្រទេសលីប៊ី ឱ្យទទួលយកបទឈប់បាញ់គ្នាមួយ ហើយគោរពតាមដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខលេខ១៩៧០ ហើយអ្នកដែលជាប់ពាក់ព័ន្ធជាមួយនឹងការបង្ក្រាបដោយប្រើកម្លាំងប្រឆាំងជនស៊ីវិលត្រូវតែទទួលខុសត្រូវចំពោះតួនាទីរបស់ខ្លួន ។
ជាមួយគ្នានេះ លោកបាន គីមូន បានធ្វើសេចក្តីថ្លែងការណ៍មួយនៅពេលក្រុមប្រឹក្សាសន្តិសុខកំពុងប្រជុំសម្ងាត់បិទទ្វារដើម្បីពិភាក្សាពី បញ្ហតំបន់ហាមហោះហើរសម្រាប់ប្រទេសលីប៊ី ជាវិធានការមួយដែលលើកឡើងដោយសម្ព័ន្ធអារ៉ាប់ ។
លោក Martin ថ្លែងថា លោកអគ្គលេខាធិការបាន គីមូន កំពុងតាមដានយ៉ាងដិតដល់ចំពោះស្ថានការណ៍នៅក្នុងប្រទេសលីប៊ី ហើយក្រុមប្រឹក្សាសន្តិសុខកំពុងពិភាក្សាគ្នារិះរកមធ្យោបាយដើម្បីការពារជនស៊ីវិល ។ លោក Martin ថ្លែងឱ្យដឹងទៀតថា លោកបាន គីមូន បានសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្ត្រីការបរទេសលីប៊ី លោក Mussa Kussa កាលពីល្ងាចថ្ងៃទី១៥ មីនា កន្លងមក ប៉ុន្តែលោក Martin មិនបានឱ្យដឹងពីប្រធានបទនៃការពិភាក្សានោះទេ ។
លោកបាន គីមូន បានទទូចសុំឱ្យភាគីមានជម្លោះនៅប្រទេសលីប៊ី ទទួលយកបទឈប់បាញ់គ្នាក្រោយពីកងទ័ពមានភក្តីភាពចំពោះលោកមូអាម៉ា កាដាហ្វី បើកការវាយប្រហារក្នុងទ្រង់ទ្រាយធំដណ្តើមយកទីក្រុង Misurata ដែលកាន់កាប់ដោយពួកឧទ្ទាមមានចម្ងាយប្រហែល២០០គីឡូម៉ែត្រ ភាគខាងកើតទីក្រុងទ្រីប៉ូលី រដ្ឋធានីលីប៊ី បណ្តាលឱ្យស្លាប់មនុស្ស៥នាក់ទៀត ៕
ចែករំលែកព័តមាននេះ