ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋា​ភិ​បាល​លោក​ហ្សេ​បា​បូ​ហាម​ការ​ហោះ​ហើរ​ និង​ចុះ​ចត​របស់​យន្ត​ហោះ និង​ឧទ្ធម្ភាគ​ចក្រ​ក្នុង​ដែន​ដី​កូត​ឌី​វ័រ

15 ឆ្នាំ មុន

រដ្ឋា​ភិ​បាល​របស់​ប្រធានា​ធិបតី​ចប់​អាណត្តិ​កូតឌី​វ័រ​ តែ​ពុំ​ព្រម​ចាក​ចេញ​ពី​អំណាច​ លោក​ឡូ​រ៉ង់ ហេ្ស​បា​បូ បាន​សំរេច​កាល​ពី​ថ្ងៃ​ទី​៩ មីនា ហាម​ឃាត់​សកម្ម​ភាព​របស់​​យន្ត​ហោះ ឬ​ឧទ្ធម្ភាគ​ចក្រ​នៃ​ប្រតិ​បត្តិ​ការ​​អ.ស.ប​ នៅ​កូត​ឌី​វ័រ ONUCI និង​កង​កម្លាំង​ LICORNE របស់​បារាំង​​ហោះ​ហើរ​ ឬ​ចុះ​ចត​ក្នុង​ដែន​ដី​កូតឌី​វ័រ​។

អនុ​ក្រិត្យ​អន្តរ​ក្រសួង​មួយ​អាន​​តាម​ទូរ​ទស្សន៍​រដ្ឋ​គូស​បញ្ជាក់​ថា​ យន្ត​ហោះ​ ឬ​ឧទ្ធម្ភា​ចក្រ​​របស់ ONUCI និង​របស់​ LICORNE ត្រូវ​ហាម​ឃាត់​មិន​ឱ្យ​ហោះ​ហើរ និង​​​ចុះ​ចត​លើ​ដែន​ដី​​កូត​ឌី​វ័រ​។ យោង​តាម​ក្រសួង​ដឹក​ជញ្ជូន​ ក្រសួង​មហា​ផ្ទៃ​ និង​ក្រសួង​ឧបករណ៍​របស់​រដ្ឋា​ភិ​បាល​លោក​ហ្សេបា​បូ ដែល​ជា​អ្នក​ចុះ​ហត្ថ​លេខា​លើ​ឯ​កសារ​នេះ​ថា គោល​បំណង​​នៃ​ការ​បញ្ឈប់​​នោះ គឺ​ដើម្បី​ថែ​រក្សា​បូរណ​ភាព​ដែន​ដី​ជាតិ​ និង​សន្តិ​សុខ​។ រាល់​ការ​ហោះ​ហើរ ឬ​ចុះ​ចត​ត្រូវ​សុំ​ការ​អនុ​ញ្ញាត​ជា​មុន​​ពី​​រដ្ឋ​មន្ត្រី​ដឹក​ជញ្ជូន​។

ONUCI  និង​កង​កម្លាំង​ LICORNE បារាំង​ជា​ផ្លូវ​ការ​ទទួល​បន្ទុក​ថែ​រក្សា​សន្តិ​ភាព​នៅ​កូត​ឌីវ័រ​។ ចាប់​តាំង​ពី ផ្ទុះ​វិបត្តិ​ក្រោយ​ការ​បោះ​ឆ្នោត​មក​ ONUCI បាន​រៀប​ចំ​ការ​ល្បាត​តាម​​ជើង​គោក និង​ជើង​​អាកាស​ក្នុង​ប្រទេស​នេះ​ដើម្បី​ការ​ពារ​ប្រជា​ជន​ស៊ីវិល​។ កង​កម្លាំង​អ.ស.ប​នា​ពេល​ថ្មីៗ​នេះ​បាន​ពង្រឹង​សមត្ថ​ភាព​នៃ​ការ​បញ្ចេញ​ប្រតិ​កម្ម​ជាមួយ​នឹង​ការ​ទទួល​បាន​ឧទ្ធម្ភាគ​ចក្រ​ប្រយុទ្ធ​ធុន MI-24 ចំនួន​៣​គ្រឿង​។
ក្រុម​លោក​ហ្សេ​បា​បូ បាន​ចោទ​ប្រកាន់​កង​កម្លាំងអ​.ស.ប​ និង​កង​កម្លាំង LICORNE ថា បាន​រួម​ដៃ​ជាមួយ​កង​កម្លាំង​នៃ​កង​ទ័ព​ថ្មី ​(អតីត​ពួក​ឧទ្ទាម​) គាំទ្រ​ក្រុម​លោក​អាឡាស​សាន​អ៊ូ​អាតា​រ៉ា ហើយ​ស្នើ​ឱ្យ​កង​កម្លាំង​ទាំង​នេះ​ដក​ចេញ​ពី​កូត​ឌី​វ័រ ៕