ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រគល់​​ចំលាក់​ព្រះ​វិស្ណុ​ដល់​សារមន្ទីរ​​ជាតិ​រក្សា​ជា​សម្បត្តិ​ជាតិ

13 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ កាល​ពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច​ ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០១១ សារ​មន្ទីរ​ជាតិ​កម្ពុជា​បាន​ទទួល​​រូប​ព្រះ​វិស្ណុ​​ក្នុង​សត​វត្ស​ទី​១១​​ជា​ចំលាក់​​ថ្ម​ភក់​ក្នុង​រចនា​បថ​បា​ពួន​​ទំងន់​៣៩,៨​គីឡូ​ក្រាម​ កំពស់​០,៩០​ម៉ែត្រ​ ទទឹង​០,៤៧​ម៉ែត្រ​។ រូប​ចំលាក់​ព្រះ​វិស្ណុ​នេះ​ប្រជា​ពល​រដ្ឋ​ឈ្មោះ​មួន សាមាន អាយុ​៤១​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​សួន​ ពេញ​ អាយុ​៣៨​ឆ្នាំ លោក​សួន ភឿន​ លោក​វី​តឿ លោក​វី​ សា​វឿន លោក​ឈឹម ឈូក និង​លោក​ណុន ខួច ជីក​ដី​ឃើញ​នៅ

រាជ​ធានី​ភ្នំពេញ​ ៖ កាល​ពី​វេលា​ម៉ោង​៥ និង​៣០​នាទី​ល្ងាច​ ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០១១ សារ​មន្ទីរ​ជាតិ​កម្ពុជា​បាន​ទទួល​​រូប​ព្រះ​វិស្ណុ​​ក្នុង​សត​វត្ស​ទី​១១​​ជា​ចំលាក់​​ថ្ម​ភក់​ក្នុង​រចនា​បថ​បា​ពួន​​ទំងន់​៣៩,៨​គីឡូ​ក្រាម​ កំពស់​០,៩០​ម៉ែត្រ​ ទទឹង​០,៤៧​ម៉ែត្រ​។ រូប​ចំលាក់​ព្រះ​វិស្ណុ​នេះ​ប្រជា​ពល​រដ្ឋ​ឈ្មោះ​មួន សាមាន អាយុ​៤១​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​សួន​ ពេញ​ អាយុ​៣៨​ឆ្នាំ លោក​សួន ភឿន​ លោក​វី​តឿ លោក​វី​ សា​វឿន លោក​ឈឹម ឈូក និង​លោក​ណុន ខួច ជីក​ដី​ឃើញ​នៅ​ក្នុង​វាល​ស្រែ​ក្នុង​ភូមិ​ពង​ទឹក​ ឃុំ​ព្រៃ​រំដេង​ ស្រុក​មេ​សាង ខេត្ត​ព្រៃ​វែង​ កាល​ពី​ថ្ងៃ​​ទី​៣១ ខែ​មករា ឆ្នាំ​២០១១។ រូបនេះ​កប់​នៅក្នុង​ស្រែ​ជំរៅ​៤​តឹក​។

ក្រោយ​ពី​ជីក​ឃើញ​ចំលាក់​បុរាណ​​ដ៏​ល្អ​ប្រណីត​នេះពី​​ដំបូង​ប្រជា​ពល​រដ្ឋ​ក្នុង​ភូមិ​ប្រុង​នាំ​យក​ទៅ​​តំកល់​នៅ​ក្នុង​ទី​អារាម​ដើម្បី​ទុក​គោរព​បូជា​ ប៉ុន្តែ​ដោយ​មាន​ស្មារតី​ចង់​អភិរក្ស​​ឱ្យ​គង់​វង្ស​សំរាប់​កូន​ចៅ​ខ្មែរ​ជំនាន់​ក្រោយ​បាន​ឃើញ​បាន​ស្គាល់ បាន​សិក្សា​ស្រាវ​ជ្រាវ​បន្ត​ និង​ដើម្បី​​ទាក់​ទាញ​ភ្ញៀវ​ទេស​ចរ​អន្តរ​ជាតិ​ឱ្យ​​ចូល​មកកម្ពុជា​​កាន់​តែ​ច្រើន​ឡើង​ទើប​សំរេច​យក​ប្រគល់​ឱ្យ​សារមន្ទីរ​ជាតិ​វិញ​​។ លោក​មួន សាមាន ជា​តំណាង​ប្រជា​ពល​រដ្ឋ​ដែល​រក​ឃើញ​រូប​ព្រះ​វិស្ណុ​មាន​ប្រសាសន៍​ថា ពួក​គាត់​រស់​នៅ​ក្នុង​ភូមិ​ព្រៃ​រំដេង​ ឃុំ​ព្រៃ​រំដេង ស្រុក​មេសាង​ តែ​បាន​បើក​គោ​យន្ត​ទៅ​កាន់​ភូមិ​ពង​ទឹក​ឃុំ​ព្រៃ​រំដេង ស្រុក​មេសាង ​ចំងាយ​ប្រមាណ​​៣​គីឡូ​ម៉ែត្រ​ពី​ភូមិ​ពួក​គាត់រស់​នៅ​​ដើម្បី​ជីក​យក​​ដី​មក​ដាក់​នៅ​ផ្ទះ ។ ពេល​ជីកដី​ស្រាប់​តែ​ប្រទះ​​ឃើញ​រូប​ចំលាក់ព្រះ​វិស្ណុ ​ហើយ​ផ្តល់​ដំណឹង​ទៅ​​មន្ទីរ​វប្ប​ធម៌​ និង​វិចិត្រ​សិល្បៈ​ខេត្ត​ព្រៃ​វែង​ និង​មាន​សមត្ថ​កិច្ច​​ទៅ​ជួយ​យាម​កាម​ផង។​

នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ​ ឆ្នាំ​២០១១ លោក​ប្រាក់​ សុណ្ណារ៉ា អគ្គ​នាយក​រងនៃ​អគ្គ​នាយក​ដ្ឋាន​​បេតិក​ភណ្ឌ​បាន​អញ្ជើញ​​ទៅ​នាំ​យក​វត្ថុ​បុរាណ​នេះ​យក​ទៅ​កាន់​សារ​មន្ទីរជាតិ​​កម្ពុជា​​ដើម្បី​រក្សា​ទុក​ឱ្យ​មាន​សុវត្ថិ​ភាព​ល្អ​។ នៅ​ក្នុង​ពិធី​ប្រគល់​ និង​ទទួល​មាន​ប្រជា​ពល​រដ្ឋជា​​អ្នក​រក​ឃើញ​ ព្រម​ទាំង​​លោក​ប្រាក់​ សុណ្ណា​រ៉ា ​លោក​កែប សុវណ្ណ ប្រធាន​ស្តី​ទី​​នាយក​ដ្ឋាន​សារ​មន្ទីរ​ជាតិ​ និង​លោក​ឈួន សារ៉េត អនុ​ប្រធាន​ ព្រម​ទាំង​មន្ត្រី​ជំនាញ​ជា​ច្រើន​រូប​​ទៀត​។ រូប​ព្រះ​វិស្ណុ​នេះ​ខូច​ខាត​ដោយ​ឆែប​បាត់​ត្រចៀក​ឆ្វេង​ ទង​ត្រចៀក​ស្តាំ​សឹក​រេច​រឹល ​ផ្ទៃ​មុខ​ ដៃ​ឆ្វេង​ ស្តាំ​ខាង​មុខ​មាន​ត្រឹម​កួយ​ដៃ​ ដៃ​ស្តាំ​ឆ្វេង​ខាង​ក្រោយ​មាន​ត្រឹម​ក​ដៃ​ និង​ជើង​ទាំង​២​ត្រឹម​ក្បាល​ជង្គង់​។ ក្នុង​ពិធី​ទទួល​នោះ​ លោក​ប្រាក់​ សុណ្ណា​រ៉ា និង​លោក​កែប សុវណ្ណ បាន​ថ្លែង​អំណរ​គុណ​ចំពោះ​ប្រជា​ពល​រដ្ឋ​ដែល​មាន​ស្មារតី​ស្រឡាញ់​សិល្បៈ​ចំលាក់​បុរាណ ហើយ​​ប្រគល់​ជូន​សារ​មន្ទីរ​ជាតិ​​ថែ​រក្សា​ទុក​ ៕