រាជធានីភ្នំពេញ ៖ ក្មេងស្រីម្នាក់បានធ្វើឲ្យស្ត្រីជាម្ដាយពិបាកចិត្តយ៉ាងខ្លាំង ដោយសារតែនាងមិនស្ដាប់បង្គាប់ ចេះតែដើរលេងទាំងយប់ទាំងថ្ងៃ ចំណែកម្ដាយបានខំធ្វើការរកលុយ ដើម្បីចិញ្ចឹមនាង និងប្អូនជីដូនមួយរបស់នាង២នាក់ទៀត ហើយដោយសារតែនាងគិតតែពីដើរលេងនោះ ទើបគាត់ជាម្ដាយបានណែនាំ ស្ដីប្រដៅ ដើម្បីឲ្យនាងល្អ តែនាងមិនត្រឹមតែមិនស្ដាប់តាមប៉ុណ្ណោះទេ។ ផ្ទុយទៅវិញបានឈ្លោះប្រកែកជាមួយម្ដាយថែមទៀត ទើបត្រូវម្ដាយវាយនឹងខ្សែភ្លើង ព្រោះតែអត់ទ្រាំមិនបាន តែអ្វីដែលនឹកស្មានមិនដល់នោះ គឺក្រោយពេលត្រូវម្ដាយវាយរួច នាងមិនត្រឹមតែមិនកែខ្លួននោះទេ បែរជាលួចរត់ចេញពីបាត់ទាំងយប់ ហើយម្ដាយបានតាមរកគ្រប់ទីកន្លែងដែលនាងធ្លាប់ទៅ ប៉ុន្តែរកមិនឃើញទាល់តែសោះ ទើបគាត់បានកាន់រូបថតមួយកូនស្រីមួយសន្លឹកធ្វើដំណើរទៅកាន់ប៉ុស្ដិ៍ចោមចៅ ដើម្បីដាក់ពាក្យ បណ្ដឹងកាលពីវេលាម៉ោង១រសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៧ សុំឲ្យនគរបាលជួយអន្តរាគមន៍ស្វែងរកកូនស្រីគាត់ បន្ទាប់ពីបាត់នាង១យប់និង១ថ្ងៃ។
ស្ត្រីជាម្ដាយបានប្រាប់នគរបាលថា គាត់ឈ្មោះ សូយ នឿន អាយុ៣៦ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ស្នាក់នៅក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងមានស្រុកកំណើតភូមិត្រពាំងស្រែ ឃុំមេសាង ស្រុកមេសាង ខេត្តព្រៃវែង។ ចំណែកកូនស្រីដែលបាត់ទៅនោះឈ្មោះផាន ធារី អាយុ១៤ឆ្នាំ ជាសិស្សថ្នាក់ទី៥ សាលាបឋមសិក្សាជម្ពូវ័ន ស្នាក់នៅជាមួយគាត់នៅភូមិកើតហេតុខាងលើ។
គាត់បានបន្តទៀតថា គាត់ជាស្រីមេម៉ាយ ហើយសព្វថ្ងៃបានរស់នៅជាមួយកូនស្រីខាងលើ រួមជាមួយក្មួយ២នាក់ទៀត មិនតែប៉ុណ្ណោះគាត់គឺជាអ្នករ៉ាប់រងក្នុងការចិញ្ចឹមពួកគេ ដោយបានធ្វើជាកម្មការិនីរោងចក្រកាត់ ទោះឈឺក៏មិនហ៊ានសម្រាកឡើយ ព្រោះដើម្បីតែកូនបានរៀនសូត្រនឹងគេ ទោះបីជាលំបាកយ៉ាងណា ក៏គាត់ខំតស៊ូមិនរាថយដែរ។ ប៉ុន្តែអ្វីដែលធ្វើឲ្យគាត់ខកចិត្តខ្លាំងនោះ គឺកូនស្រីម្នាក់នេះ មិនស្ដាប់បង្គាប់គាត់ឡើយ នាងបានដើរលេងសេពគប់ជាមួយមិត្តភក្ដិមិនល្អ ដែលជាក្ដីបារម្ភមួយសម្រាប់គាត់ដែលជាមេគ្រួសារ ហើយទោះជាគាត់ស្ដីប្រដៅស្ទើរសឹកមាត់ទៅហើយ ក៏នាងមិនព្រមស្ដាប់តាមដែរ។
ប្រភពដដែលបានបន្តទៀតថា ដោយឡែកនៅវេលាម៉ោង៦ល្ងាច ថ្ងៃទី២៣ មីនា ២០១៧ គាត់បានស្ដី បន្ទោសរឿងកូនស្រីដើរលេងច្រើន មិនសូវនៅផ្ទះ ហើយគាត់ក៏ណែនាំនាងឱ្យឈប់ដើរតទៅទៀត ព្រោះខ្លាចកូនដើរផ្លូចខុស មានបញ្ហាដល់ខ្លួន និងខូចកិត្តិយសគ្រួសារ ស្រាប់តែនាងមិនព្រមយកត្រចៀកស្ដាប់តាមឡើយ។ មិនតែប៉ុណ្ណោះនាងបានតមាត់ និងឈ្លោះប្រកែកជាមួយគាត់ថែមទៀត។ ដែលជាហេតុធ្វើឲ្យគាត់ខឹង ក៏បានទាញខ្សែភ្លើងវាយ២ទៅ៣ខ្សែភ្លើងតែម្ដង ព្រោះទប់ចិត្តមិនបាននឹងកូនហ៊ានតមាត់បែបនេះ ប៉ុន្តែមិនបានគិតដល់ថា កូនស្រីចិត្តធំជាងប៉ែតទាល់តែសោះ។ អ្វីដែលនឹកស្មានមិនដល់នោះ គឺបន្ទាប់ពីវាយរួច ស្រាប់តែកូនស្រីគាត់បានលួចរត់ចេញពីផ្ទះបាត់ស្រមោល មិនដឹងថា នាងទៅទីណាមកណាឡើយ ជាហេតុធ្វើឲ្យគាត់ជាម្ដាយមានការព្រួយបារម្ភយ៉ាងខ្លាំង និងបានតាមរកគ្រប់ទីកន្លែងដែលនាងធ្លាប់ទៅកន្លងមក តែមិនបានឃើញឡើយ។ប ន្ទាប់មកគាត់បានខលរក ប៉ុន្តែខលមិនចូលទៀត ព្រោះនាងបិទទូរស័ព្ទ ទើបធ្វើឲ្យគាត់មានការព្រួយបារម្ភយ៉ាងខ្លាំង ក៏បានកាន់រូបថតកូនមួយសន្លឹកធ្វើដំណើរទៅកាន់ប៉ុស្ដិ៍នគរបាលចោមចៅ ដើម្បីឲ្យនគរបាលជួយស្វែងរកកូនស្រីគាត់ផង៕
ចែករំលែកព័តមាននេះ