ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​ខ្លា​ដែល​ជិត​ផុត​ពូជ​ក្នុង​ចំណោម​ខ្លា​ទាំង​3​ប្រភេទ

7 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ ទោះបី​វិស័យ​ព្រៃឈើ​នៅ​តំបន់​ភូមិភាគ​ឦសាន​បាន​រង​នូវ​ការ​កា.ប់​បំផ្លាញ និង​បាត់បង់​រាល់ថ្ងៃ​យ៉ាងណា​គេ​សង្កេត​ឃើញ​ថា វត្តមាន​របស់​សត្វ​ខ្លា​នៅ​តែ​ស្ថិត​ក្នុង​របាយ​ការ​ណ៏តាម​ដាន​​របស់​ក្រុម​មន្ត្រី​ជំនាញ

ខេត្តមណ្ឌលគិរី ៖ ទោះបី​វិស័យ​ព្រៃឈើ​នៅ​តំបន់​ភូមិភាគ​ឦសាន​បាន​រង​នូវ​ការ​កាប់​បំផ្លាញ និង​បាត់បង់​រាល់ថ្ងៃ​យ៉ាងណា​គេ​សង្កេត​ឃើញ​ថា វត្តមាន​របស់​សត្វ​ខ្លា​នៅ​តែ​ស្ថិត​ក្នុង​របាយ​ការ​ណ៏តាម​ដាន​​របស់​ក្រុម​មន្ត្រី​ជំនាញ​ដែល​កំពុង​ធ្វើ​សកម្មភាព​អភិរក្ស​សត្វ​ខ្លា ចុង​ក្រោយ​ដែល​មាននៅ​ក្នុង​ប្រទេស​កម្ពុជា ខណៈ​ពួក​វា​បាន​រង​នូវ​ការ​គំរាមកំហែង​ពី​ព្រានព្រៃ​ជា​រៀងរាល់ថ្ងៃ ។ មន្ត្រី​អភិរក្ស​ជីវចម្រុះ​​នៅ​ខេត្តមណ្ឌលគិរី​បាន​ឲ្យ​ដឹង​ថា  មាន​សត្វ​ខ្លា ប្រមាណ​ជាង​មួយ​រយ​ក្បាល​កំពុង​រស់នៅ​ក្នុង​ព្រៃ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ដែល​មាន​ផ្ទៃដី​លាតសន្ធឹង​ប្រមាណ​ជាង​37​ម៉ឺន​ហិ​កតា ជាប់​នឹង​ព្រំប្រទល់​​ខេត្តរតនគិរី ហើយ​ពពួកសត្វ​ខ្លា​ទាំងនេះ​ត្រូវ​បាន​មន្ត្រី​ជំនាញ​សន្និដ្ឋាន​ថា នៅ​សល់​សត្វ​ខ្លា​តែ​2​ប្រភេទ​ប៉ុណ្ណោះ​កំពុង​រស់នៅ​ក្នុង​ព្រៃ​ខេត្តមណ្ឌលគិរី​ក្នុង​ចំណោម​សត្វ​ខ្លា​3​ប្រភេទ ។

យោង​លើ​ការ​តាមដាន​តាម​រយៈ​កាមេរ៉ា​បង្កប់​ក្នុង​ព្រៃ និង​ការ​ល្បាត​ប្រទះ​ឃើញ​របស់​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ស្រែ​ពក​ថា ក្នុង​ឆ្នាំ​2014-2015​គឺ​មាន​សត្វ​ខ្លា​ប្រមាណ​120​ក្បាល រស់នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ដោយ​សត្វ​ខ្លា​ទាំងនោះ​គឺជា​ប្រភេទ​សត្វ​ខ្លារខិន និង​ខ្លាត្រី ចំណែក​សត្វ​ខ្លាធំ​វិញ​គឺ​គេ​បានឃើញ​វា​ក្នុង​ព្រៃ​ខេត្តមណ្ឌលគិរី​លើក​ចុង​ក្រោយ​កាលពី​10​ឆ្នាំ​មុន ហើយ​បន្ទាប់​ពី​នោះ​មក​គេ​មិន​ធ្លាប់​ប្រទះ​ឃើញ​វត្តមាន​សត្វ​ខ្លាធំ​ទៀត​ទេ​ក្នុង​ព្រៃ​ខេត្តមណ្ឌលគិរី​ដោយ​មន្ត្រី​ជំនាញ​សន្និដ្ឋាន​ថា សត្វ​ខ្លាធំ​វា​អាច​ប្រឈម​នឹង​ការ​ផុត​ពូជ​បាត់​ទៅ​ហើយ ។

ប្រធាន​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​និយាយ​ថា សត្វ​ខ្លា​ក្នុង​ព្រៃ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​សព្វ​ថ្ងៃនេះ​គឺ​អាច​មាន​ចំនួន​ថយ​ចុះ​ក្រោម​120​ក្បាល​ព្រោះតែ​ការ​ដាក់​អន្ទាក់ និង​ការ​បរបាញ់​ពី​សំណាក់​ព្រានព្រៃ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក្រុម​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​តែងតែ​ដើរ​ដោះ​អន្ទាក់​ក្នុង​ព្រៃ​បាន​រាប់រយ​អន្ទាក់​ក្នុង​1​ខែ​ៗ និង​បាន​ចាប់​ជនល្មើស​បរបាញ់​សត្វព្រៃ និង​ជួញដូរ​សត្វព្រៃ​យក​មក​ផ្ដន្ទាទោស​ជា​បន្តបន្ទាប់​ផង​ដែរ ។   

របាយ​ការ​ណ៏​របស់​មន្ត្រី​បរិស្ថាន​ខេត្ត​បាន​បញ្ជាក់​ថា បើ​គិតតែ​ចំនួន​សត្វ​ខ្លា​ក្នុង​ដែនជម្រកសត្វព្រៃ​ស្រែ​ពក​គឺ​មាន​ប្រមាណ​ជាង​100​ក្បាល​ប៉ុន្តែ​បើ​គិត​ពី​ចំនួន​សត្វ​ខ្លា​ក្នុង​ព្រៃ​ខេត្តមណ្ឌលគិរី​ទាំងមូល​តែ​ម្ដង​រួម​មាន​ដែនជម្រកសត្វព្រៃ​កែវ​សីមា ដែន​ជម្រក សត្វព្រៃ​ភ្នំ​ព្រិច និង​ដែនជម្រកសត្វព្រៃ​ណាំ​លៀ ពពួកសត្វ​ខ្លា​គឺ​នៅ​មាន​ច្រើន​ជាង​នេះ ។ ហើយ​ប្រភេទ​សត្វ​ដែល​បាត់​វត្តមាន​ពី​ក្នុង​ព្រៃ​ខេត្តមណ្ឌល​​គិរី​ក្រៅពី​សត្វ​ខ្លាធំ គឺ​មាន​ដូច​ជា សត្វ​ក្របីព្រៃ និង​សត្វ​គោព្រៃ ជាដើម ប៉ុន្តែ​ជាមួយ​គ្នា​នេះ​ដែរ​ក៏​នៅ​មាន​សត្វព្រៃ​ជា​ច្រើន​ប្រភេទ​ទៀត​រួម​ទាំង​សត្វ​ដំរី កំពុង​រស់នៅ​យ៉ាង​សុខសាន្ត​ក្នុង​ព្រៃ​នៃ​ខេត្ត​មណ្ឌលគិរី​នេះ​ទោះ​រយៈកាល​កន្លង​មក​ពួក​វា​ត្រូវ​បាន​ក្រុម​ព្រានព្រៃ​បាញ់​សម្លាប់ និង​ដាក់​អន្ទាក់​ក៏​ដោយ ៕