ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នារី​ម្នាក់​លាតត្រដាង​ជីវិត ពេល​រត់​ចេញពីផ្ទះ​8​ឆ្នាំ ទីបំផុត​រត់​ឱ្យ​ប៉ូលិស​ជួយ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​បាន​បង្ហាញ​នូវ​ការ​ស្តាយក្រោយ ចំពោះ​ទ​ង្វើ​របស់​ខ្លួន​ដោយសារ​តែ​ខឹង​ម្តាយ​អត់ឱ្យ​លុយ​ចាយ ក៏​បាន​រត់​ចេញពីផ្ទះ

រាជធានី​ភ្នំពេញ ៖ នារី​វ័យក្មេង​ម្នាក់​បាន​បង្ហាញ​នូវ​ការ​ស្តាយក្រោយ ចំពោះ​ទ​ង្វើ​របស់​ខ្លួន​ដោយសារ​តែ​ខឹង​ម្តាយ​អត់ឱ្យ​លុយ​ចាយ ក៏​បាន​រត់​ចេញពីផ្ទះ ដែល​រហូត​មក​ដល់​ពេល​នេះ​មានមាន​រយៈពេល​៨​ឆ្នាំ​ហើយ រស់នៅ​ដោយ​ផ្ញើខ្លួន​ប្រាណ​ជាមួយ​មិត្ត​ភ​ក្កិ និង​ចុង​ក្រោយ​ចាញ់បោក​បុរស​ម្នាក់​តាម​ទូរ​សព្ទ័ យក​នាង​ទៅ​បង្ខាំង​ទុក​ក្នុងផ្ទះ​សំណាក់ ។

ដោយសារ​តែ​ដឹងខ្លួន​ទាន់​ពេល​នាង​នៅ​ជាមួយ​បុរស​នោះ​បាន​២​យប់ ក៏​បាន​ប្រើ​ល្បិច​ចេញពី​ក្នុង​បន្ទប់​ផ្ទះសំណាក់​ដោយ​នាង​ធ្វើ​ជា​បបួល​បុរស​នោះ​ឱ្យ​ជូន​នាង​ទៅ​ច្រៀង​ខារ៉ាអូខេ​លេង ។ បាន​ដូច​ចិត្ត បុរស​នោះ​ក៏​ឌុ​ប​នាង​តាម​ម៉ូតូ​ក្នុង​បំណង​ទៅ​ច្រៀង​ខារ៉ាអូខេ តែ​ពេល​ធ្វើ​ដំណើរ​ដល់​គល់​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ឃើញ​ប៉​លិ​ស​នៅ​ជុំ​ៗ ក៏​បាន​លោត​ចុះ​ពីលើ​ម៉ូតូ​រត់​ឱ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ និង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៣ មីនា នៅ​ចំណុច​ក្រោម​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ។

នារី​រូប​នេះ​ប្រាប់​ថា​នាង​ឈ្មោះ កង ទី ហៅ​នី​តា អាយុ​២៣​ឆ្នាំ ស្នាក់​នៅ​មិន​ពិតប្រាកដ និង មានស្រុក​កំណើត នៅ​ភូមិ​ក្ដី​តា​កុយ ឃុំ​វាល​ស្បូវ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល តែ​ពេល​នេះ​បាន​កាត់​ចូល​ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​ហើយ ។

នាង​បាន​រៀបរាប់​ទាំង​ទឹកភ្នែក​ឱ្យ​សមត្ថកិច្ច​ដឹង​ថា រូប​នាង​បាន​ចាក​ចេញពីផ្ទះ​តាំង​តែ​ពី​ឆ្នាំ​២០០៩​មក​ម្ល៉េះ គិត​រហូត​មក​ដល់​បច្ចុប្បន្ន​មាន​រយៈពេល​៨​ឆ្នាំ​ហើយ ដោយសារ​តែ​ខឹង​ម្ដាយ​ធ្វើបាប​មិន​ឱ្យប្រាក់​ចាយ ។ បន្ទាប់​ពី​ចាក​ចេញពីផ្ទះ​មក នាង​បាន​ទៅ​ជួល​ផ្ទះ​ស្នាក់​នៅ​ម្ដុំ​ផ្សារ​សូ​រិ​យា ។ ការ​រស់នៅ​របស់​នាង​មិន​បាន​ទៅ​ធ្វើ​ការងារ​អ្វី​នោះ​ទេ គឺ​រស់នៅ​ពឹងផ្អែក​ទៅ​លើ​ការ​សុំ​ប្រាក់​ចាយ​ពី​មិត្តភក្ដិ​របស់​នាង​យក​មក​ចាយ ព្រោះ​ពី​មុន​នាង​ធ្លាប់​ឱ្យ​លុយ​មិត្ត​ភ​ក្កិ​ចាយ​ដែរ ។

នាង​រៀបរាប់​ទៀត​ថា លុះ​ក្រោយមក នាង​បាន​ស្គាល់​បុរស​ម្នាក់​នៅ​ក្រៅប្រទេស តាម​រយៈ​បណ្ដាញ​សង្គម និង​បាន​ទាក់ទង​គ្នា ហើយ​បុរស​នោះ​តែង​បាន​ផ្ញើ​លុយ​ឱ្យ​នាង​សម្រាប់​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​ហូរហែ​រដែរ ។

នារី​រូប​នេះ​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​ទាក់ទង​គ្នា​បាន​មួយ​រយៈ​កន្លង​ទើប​នាង​ដឹង​ថា បុរស​នោះ មាន​ប្រពន្ធ​កូន​ហើយ មិន​អាច​ជា​ល្បែង​ស្នេហា​តាម​ចិត្ត​ចង់បាន​ទេ នាង​ក៏​ផ្ដាច់ទំនាក់ទំនង​ជាមួយ​បុរស​ម្នាក់​នោះ​ទៅ ។ ចាប់តាំងពី​ពេល​នោះ​មក​មិត្តភក្តិ​ដែល​ធ្លាប់​ជួយ​ផ្ដល់ លុយកាក់​ឱ្យ​នាង​ចាយ ក៏​ឈប់​ទាក់ទង​ជាមួយ​នាង​ដែរ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​នាង​មិនដឹង​ទៅ​ពឹងពាក់​អ្នក​ណា ។

មុន​ថ្ងៃ​កើតហេតុ​ពីរ​ថ្ងៃ នាង​បាន​ស្គាល់​បុរស​ម្នាក់​ឈ្មោះ​ម៉ា​ប់​តាម​រយៈ​ទូរ​សព្ទ័ ហើយ​ឈ្មោះ​ម៉ា​ប់​នោះ បាន​និយាយ​លួងលោម​នាង​ឱ្យ​នាង​មក​ស្នាក់​នៅ​ជាមួយ​គេ ដោយ​គេ​ជា​អ្នករ៉ាប់រង​ចិញ្ចឹម​នាង ។ ដោយសារ​ខ្លួនឯង​ទ័លច្រក​មិនដឹង​ទៅ​ពឹងពាក់​អ្នក​ណា​ផង​នោះ នាង​ក៏​សម្រេចចិត្ត​ទៅ​ស្នាក់​នៅ​ជាមួយ​ឈ្មោះ​ម៉ា​ប់ នៅ​ក្នុងផ្ទះ​សំណាក់
យីហោ​សម្បត្តិ​ផល ស្ថិត​នៅ​សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួលគោក ។

ពេល​ដែល​ទៅ​ស្នាក់​នៅ​ជាមួយ​បុរស​នោះ​នាង​តែង​ឃើញ​មាន​មនុស្ស​ស្រី​ប្រុស​ចេញចូល​គួរ​ឱ្យ​សង្ស័យ ម្យ៉ាង​ឈ្មោះ​ម៉ា​ប់​ក៏​អាច​មានគំនិត​អាក្រក់​លើ​នាង និង​មិនមែន​ជា​ស្នេហា​ពិត​រវាង​គេ និង​នាង​នោះ​ឡើយ ទើប​នាង​មានគំនិត​ព្យាយាម​ចង់​រត់​ចេញពីផ្ទះ​សំណាក់​នោះ តែ​គ្មាន​ឱកាស ។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា នៅ​យប់​ថ្ងៃ​ទី​ពីរ​ដែល​ជា​យប់​កើតហេតុ រូប​នាង​បាន​ប្រាប់​ឈ្មោះ​ម៉ា​ប់​ថា ចង់ទៅ​ច្រៀង​ខារ៉ាអូខេ​លេង ក៏​ត្រូវ​ឈ្មោះ​ម៉ា​ប់ និង​មិត្ត​ភ​ក្កិ​របស់​គេ​ជា​ច្រើន​នាក់​ទៀត​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​៣​ទៅ​៤​គ្រឿង​ទៅ​ច្រៀង​ខារ៉ាអូខេ តែ​មិនដឹង​ជា​គេ​នាំ​ទៅ​ច្រៀង​នៅ​កន្លែង​ណា​នោះ​ទេ  ។ លុះ​មក​ដល់​ក្រោម​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ដែល​ជា​កន្លែង​ប៉ូលិស​ឈរជើង​នាង​ក៏​បាន​លោត​ចុះ​ពីលើ​ម៉ូតូ រួចរ​ត់ទៅ​រក​នគរបាល​នៅ​គោលដៅ​ក្រោម​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ឱ្យ​ជួយ​អន្តរាគមន៍ ។ ចំណែក​ឈ្មោះ​ម៉ា​ប់​និង​បក្សពួក​ឃើញ​មិន​ស្រួល​បែប​នេះ​បាន​គេចខ្លួន​បាត់​អស់​ដែរ ។

ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ទាក់ទង​ទៅ​ខាង​ប៉ុស្តិ៍​វិទ្យុ​ABC​ឱ្យមក​ទទួល​រូប​នាង​យក​ទៅ​សំរាក​នៅ​កន្លែង​របស់​ខ្លួន ព្រោះ​វិទ្យុ​នេះ​ធ្លាប់​ជួយ​មនុស្ស​ដាច់​សង្វែង​បែប​នេះ​ច្រើន​នាក់​មក​ហើយ ។ មក​ដល់​ថ្ងៃ​២៣ មីនា មិន​ទាន់​ដឹង​ថា នារី​ដែល​បាន​ព្យាយាម​រត់គេច​ពី​ហ្វូង​ខ្លា​នេះ​ជ្រើសរើស​ផ្លូវ​ដើរ​បែប​ណា​តទៅ​ទៀត​ទេ ថា​តើ​នាង​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ឬ​បណ្តែត​ខ្សែជីវិត​ឱ្យ​រសាត់​ដូច​ចក​នេះ​តទៅ​ទៀត ឬ​យ៉ាងណា​នោះ​នៅ​មិន​ទាន់​បានដឹង​ទេ ៕