ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោព្រៃ​កម្ពុជា​ចាញ់​ខ្លា​ខៀវ​ឥណ្ឌា 2-3 ក្នុង​ជំនួប​មិត្តភាព

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ដែល​មាន​រហស្សនាម​ថា​«​គោព្រៃ​កម្ពុជា​»​បាន​ទទួល​បរាជ័យ​២-៣ ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុមជម្រើសជាតិ​ឥណ្ឌា​ដែល​មាន​រហស្សនាម​ថា

រាជធានី​ភ្នំពេញ ៖ ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ដែល​មាន​រហស្សនាម​ថា​«​គោព្រៃ​កម្ពុជា​»​បាន​ទទួល​បរាជ័យ​២-៣ ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុមជម្រើសជាតិ​ឥណ្ឌា​ដែល​មាន​រហស្សនាម​ថា «​ខ្លា​ខៀវ​ឥណ្ឌា​»​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំពិ​ក នា​ល្ងាច​ថ្ងៃ​ទី​២២ មីនា ។ ទោះបីយ៉ាងណា​ទម្រង់​លេង​ក្រោម​ការ​ដឹកនាំ​លើក​ដំបូង​របស់​គ្រូបង្វឹក​ថ្មី​សញ្ជាតិប្រេ​ស៊ី​ល Leonardo Vitorino​របស់ក្រុម​គោព្រៃ​កម្ពុជា​ទទួល​ការ​ចាប់អារម្មណ៍យ៉ាង​ខ្លាំង​ពី​អ្នកគាំទ្រ​កម្ពុជា​ជា​ពិសេស​អ្នកទស្សនា​ផ្ទាល់​ដែល​មាន​ប្រមាណ​ជាង​៤​ម៉ឺ​ននាក់ ។

ទម្រង់​លេង​របស់​ក្រុម​គោព្រៃ​កម្ពុជា លើក​នេះ​មានការ​ខុស​ប្លែក​យ៉ាង​ខ្លាំង​នៅ​ក្នុងតង់​ទី​១ តាម​រយៈ​ការ​បញ្ជូន​បាល់​ខ្លី​ៗ និង​ការ​ព្យាយាម​ទាញ​កម្លាំង​ក្រុម​ខ្លា​ខៀវ​ឥណ្ឌា​ដែល​មាន​ប្រៀប​ទាំង​មាឌ និងកម្ពស់​ដាច់​ឆ្ងាយ​ជាង ។ ទោះបី​យ៉ាងណា នៅ​នាទី​ទី​៣៦ ខ្សែបម្រើ​របស់ក្រុម​ខ្លា​ខៀវ​ឥណ្ឌា​Eugeneson Lyngdoh ទាត់​បាល់​ចេញពី​ជ្រុង ហើយ​អ្នកចាំទី​អ៊ុំ សេរី​រ័​ត្ន របស់​ក្រុម​គោព្រៃ​កម្ពុជា​ចាប់​បាល់​ក្រឡក​បាន​ផ្ដល់​ឱកាស​ដល់​ខ្សែប្រយុទ្ធ​ក្រុម​ខ្លា​ខៀវ​ឥណ្ឌា Sunil Chhetri ស៊ុត​បាល់​បញ្ចូល​ទី​នាំមុខ​១​គ្រាប់ ។ ប៉ុន្តែ
១​នាទី​ក្រោយមក​គឺ​នៅ​នាទី​ទី​៣៧ កីឡាករប្រាក់ មុន្នី​ឧត្តម និង​សឿ​ត បារាំង របស់ក្រុម​គោព្រៃ​កម្ពុជា សហការ​គ្នា​បាន​យ៉ាង​ល្អ​ដោយ​បាន​អូស​បាល់​ចូល​ទៅ​កាន់​តំបន់​គ្រោះថ្នាក់​រួច​បញ្ជូន​ឲ្យ​ខ្សែប្រយុទ្ធ ឃួ​ន ឡា​បូ​រ៉ា​វី ស៊ុត​បាល់​បញ្ចូល​ទី​ក្រុម​ភ្ញៀវ​តាម​ស្មើ​១-១ ដែល​លទ្ធផល​នេះ​នៅ​រក្សា​រហូត​ដល់​ចប់​តង់​ទី​១​។

ឈាន​ចូល​ដល់​តង់​ទី​២ ក្រុម​ខ្លា​ខៀវ​ឥណ្ឌា​ដែល​ស្រែក​ឃ្លាន​ជ័យជម្នះ​ខ្លាំង​បាន​ចាប់ផ្តើម​លេង​សម្រុក​រហូត​រក​គ្រាប់​បាល់​បាន​២​គ្រាប់​បន្តបន្ទាប់​ពោល​គឺ​នៅ​នាទី​ទី​៥០ ដែល​រកបាន​ដោយ​កីឡាករ​Eje.Lalpekhlua និង​នៅ​នាទី​ទី​៥៤​រកបាន​ដោយ​កីឡាករ Sandesh Jhingan ។ ប៉ុន្តែ​នៅ​នាទី​ទី​៦២ ក្រុម​គោព្រៃ​កម្ពុជា បាន​កាត់​បន្ថយ​គម្លាត​នាំមុខ​របស់​ក្រុម​ខ្លា​ខៀវ​ឥណ្ឌា ដោយ​កីឡាករទិ​ត្យ ឌី​ណា បាន​បញ្ជូន​បាល់​ទៅ​ឲ្យ​កីឡាករចាន់ វឌ្ឍនាកា ស៊ុត​បញ្ចូល​ទី​គូប្រកួតក្នុង​ចម្ងាយ​ប្រមាណ​២០​ម៉ែត្រ​ធ្វើ​ឱ្យ​មាន​សំឡេង​អបអរ​ពី​អ្នកគាំទ្រ​យ៉ាង​កងរំពង​។

បន្ទាប់​ពី​នោះ​មក​ក្រុម​គោព្រៃ​កម្ពុជា​មានឱកាស​វាយបក​តាម​ស្មើ​ដែរ​ប៉ុន្តែ​ធ្វើ​មិនបាន​សម្រេច​ដែល​នាំ​ឲ្យ​ចប់​ការ​ប្រកួតត្រូវ​ចាញ់​ក្រុម​ខ្លា​ខៀវ​ឥណ្ឌា​២-៣​ទាំង​សោកស្ដាយ ។
នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​ក្រោយចប់​ការ​ប្រកួត លោក Leonardo Vitorino​គ្រូបង្វឹក​ថ្មី​របស់​ក្រុម​គោព្រៃកម្ពុជា បាន​សម្ដែង​នូវ​ការ​សោកស្ដាយ​យ៉ាងខ្លាំង​ចំពោះ​ការ​បរាជ័យ​របស់​ក្រុម​គោព្រៃកម្ពុជា​លើក​នេះ ជា​ពិសេស​មិន​បាន​បំពេញចិត្ត​អ្នកគាំទ្រ​កម្ពុជា​ដែល​មាន​ចំនួន​រាប់​ម៉ឺន​នាក់ដែល​ប្រាថ្នា​ចង់​ឃើញ​ជ័យជម្នះ​លើ​ក្រុម​ជម្រើសជាតិ​ឥណ្ឌា ក្រោម​ការ​ដឹកនាំ​របស់​គ្រូបង្វឹកថ្មី ។ ទោះបី​យ៉ាងណា អ្នកគាំទ្រ​ភាគច្រើន​បានសម្ដែង​ការ​ពេញចិត្ត​ចំពោះ​ទម្រង់​លេង​ដ៏​ល្អរបស់​ក្រុម​ជម្រើសជាតិ​កម្ពុជា ដែល​មានឱកាស​ស៊ុត​បាល់​បញ្ចូល​ទី​ក្រុម​ភ្ញៀវ​ច្រើន ដែរ​គ្រាន់តែ​គ្មាន​សំណាង​ប៉ុណ្ណោះ ។

ចំណែក​លោក Stephen Constantine គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ឥណ្ឌា​បាន​ថ្លែង​ថា លោក​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នឹង​ទម្រង់​លេងដ៏​ល្អ​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា​ក្រោម
ការ​ដឹកនាំ​របស់​គ្រូបង្វឹក​ថ្មី​ធ្វើ​ឱ្យ​ក្រុម​លោកយកឈ្នះ​ដោយ​តឹងតែង​បំផុត ។ តាម​រយៈការ​ប្រកួត​លើក​នេះ​លោក​ហ៊ាន​វាយតម្លៃ​ថា ក្រុម​ជម្រើសជាតិ​កម្ពុជា​មិនយូរ​មិនឆាប់
នឹង​ក្លាយជា​ក្រុម​ខ្លាំង​មួយ​មិន​ខាន ៕