ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយប្រហារ​ភេរវកម្ម​នៅ​ទីក្រុង​ឡុ​ង​ដ៍ ​ស្លា.ប់ និង​របួសជា​ច្រើន​នាក់​ជិត​សភា​អង់គ្លេស

7 ឆ្នាំ មុន

មួយ​ឆ្នាំ​ក្រោយ​ការ​វាយប្រហារ​ភេរវកម្ម​នៅ​ទីក្រុង​ព្រុ​ច​សែ​ល ទីក្រុង​ឡុ​ង​ដ៍ កាលពី​ថ្ងៃ​ទី​២២ មីនា រង​ការ​វាយប្រហារ​ភេរវកម្ម​មួយ​ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លា.ប់​យ៉ាងតិច​៤​នាក់ និង​របួស​៤០​នាក់​នៅ​ក្បែរ​សភា

មួយ​ឆ្នាំ​ក្រោយ​ការ​វាយប្រហារ​ភេរវកម្ម​នៅ​ទីក្រុង​ព្រុ​ច​សែ​ល ទីក្រុង​ឡុ​ង​ដ៍ កាលពី​ថ្ងៃ​ទី​២២ មីនា រង​ការ​វាយប្រហារ​ភេរវកម្ម​មួយ​ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៤​នាក់ និង​របួស​៤០​នាក់​នៅ​ក្បែរ​សភា WESTMINSTER ជា​និមិត្តរូប​នៃ​លទ្ធិប្រជាធិបតេយ្យ​អង់គ្លេស ។

ក្នុង​សេចក្តីថ្លែងការណ៍​មួយ លោក MARK ROWLEY មេបញ្ជាការ​កងឯកភាព​ប្រឆាំង​ភេរវកម្ម​អង់គ្លេស​អះអាង​ថា ខ្ញុំ​នឹង​ពុំ​ទាន់​ធ្វើ​អត្ថាធិប្បាយ​នានា​ឡើយ លើ​អត្តសញ្ញាណ​អ្នក​វាយប្រហារ ក៏​ប៉ុន្តែ​យើង​ផ្តោត​លើ​ការ​វាយប្រហារ​ភេរវកម្ម​អ៊ិ​ស្លា​ម​និយម ។

ក្រៅពី​អ្នក​ស្លាប់​៤​នាក់ មនុស្ស​ប្រមាណ​ជា​៤០​នាក់​ទៀត​ក៏​រង​របួស​ដែរ ពេល​បុរស​ស្លៀកពាក់​ខ្មៅ​ម្នាក់​ពាក់​ពុកចង្ការ​នា​ដើម​រសៀល បាន​បើករថយន្ត​របស់​គេ​បំ​បុក​មនុស្ស​ម្នា​លើ​ស្ពាន WESTMINSTER ទល់មុខ BIG BEN មុន​ពេល​ចុះ​ចាក់​សម្លាប់​ប៉ូលិស​ម្នាក់​ពេល​ប៉ុនប៉ង​លុក​ចូល​ក្នុង​សភា ។

យោង​តាម​លទ្ធផល​ដំបូង​ៗ​នៃ​ការ​ស៊ើបអង្កេត​ថា បុរស​នោះ​ហាក់​ធ្វើ​សកម្មភាព​តែ​ម្នាក់ឯង ហើយ​អំពើ​នេះ​នៅ​ពុំ​ទាន់​មាន​ក្រុម​ណា​ប្រកាស​ទទួលខុសត្រូវ​នៅឡើយ ។

លោក ROWLEY អះអាង​ថា ជន​វាយប្រហារ​ក្រោយមក​ត្រូវ​ប៉ូលិស​ម្នាក់​បាញ់​សម្លាប់ ។ ការ​វាយប្រហារ​នេះ​នាំ​ឱ្យ​មាន​ចលាចល​នា​កណ្តាល​ទីក្រុង​ឡុ​ង​ដ៍ ដោយ​បណ្តា អ្នកដំណើរ​រត់​ប្រ​សេក​ប្រសាច ហើយ​មួយ​ចំនួន​រត់​ចូល​មេត្រូ​ដែល​នៅ​ក្បែរ ។ ប៉ូលិស​ត្រូវ​បាន​ដាក់​ពង្រាយ​យ៉ាងច្រើន​ភ្លាម រួច​ទីតាំង​សភា​ត្រូវ​ហ៊ុម​ព័ទ្ធ​ចំណែក​លោកស្រី​នាយក​រដ្ឋមន្ត្រី THERESA MAY ត្រូវ​បាន​ជម្លៀស​ចេញ​យ៉ាង​លឿន ។

ក្នុង​ចំណោម​អ្នក​របួស​មាន​សិស្សសាលា​ជនជាតិ​បារាំង​៣​នាក់ ដែល​កំពុង​ធ្វើ​ដំណើរ​ទៅ​សាលា ក្នុង​នោះ​២​នាក់​របួសធ្ងន់ ។ ជនជាតិ​រូ​ម៉ា​នី​២​នាក់​ក៏​រង​របួស​ដែរ ព្រមទាំង​អ្នកទេសចរ​ជនជាតិ​កូរ៉េ​ខាងត្បូង​៥​នាក់ ។

នៅ​មុខ​និវេសនដ្ឋាន​របស់​លោកស្រី នាយក​រដ្ឋមន្ត្រី​អង់គ្លេស ដែល​ស្លៀកពាក់​កាន់ទុក្ខ​ពណ៌​ខ្មៅ បាន​បរិហារ​ថា នេះ​ជា​ការ​វាយប្រហារ​ភេរវកម្ម​យ៉ាង​កំសាក​មួយ ។  ក្រោយ​ចេញពី​កិច្ចប្រជុំ​អន្តរក្រសួង​មួយ លោកស្រី​នាយក​រដ្ឋមន្ត្រី​មាន​ប្រសាសន៍​ថា ភេរវ​ករ​បាន​ជ្រើសរើស​កន្លែង​វាយប្រហារ​នៅ​ចំ​កណ្តាល​រាជធានី​របស់​យើង ដែល​មាន​មនុស្ស​ម្នា​គ្រប់​ជាតិ​សាសន៍ គ្រប់​សាសនា និង​វប្បធម៌​ដែល​លើកគ្នា​ដើម្បី​រំលឹក​ពី​បណ្តា​តម្លៃ​នៃ​សេរីភាព​លទ្ធិប្រជាធិបតេយ្យ និង​សេរីភាព​នៃ​ការ​បញ្ចេញមតិ ។ ទោះបី​យ៉ាងនេះ​ក្តី កម្លាំង​របស់​ពួក​មារ​នឹង​ពុំ​អាច​បំបែកបំបាក់​យើង​បាន​ឡើយ ។

ពេល​មានការ​វាយប្រហារ​បណ្តា​សមាជិក​សភា​ស្ថិត​នៅ​ខាងក្នុង​សភា និង​នៅ WESTMINSTER ABBEY ដែល​នៅ​ក្បែរ​មុន​ពេល​អាច​ជម្លៀស​ចេញ​នា​វេលា​ល្ងាច ។ ចំណែក​លោកស្រី THERESA MAY បាន​ចាកចេញ​យ៉ាង​លឿន​ចេញពី​សភា​ជា​កន្លែង​លោកស្រី​ថ្លែង​នៅ​មុខ​បណ្តា​សមាជិក​សភា​តាម​រថយន្ត​ផ្លូវការ ។

ទីក្រុង​ឡុ​ង​ដ៍​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ គេច​ផុត​ពី​ការ​វាយប្រហារ​ភេរវកម្ម​ទ្រង់ទ្រាយ​ធំ ។ ប៉ុន្តែ​ប៉ូលិស​អង់គ្លេស​ប្រកាស​កាលពីដើម​ខែមីនា​ថា ភ្នាក់ងារ​សន្តិសុខ​បាន​កម្ទេច​ការ​ប៉ុនប៉ង​វាយប្រហារ​ភេរវកម្ម​ចំនួន​១៣ ចាប់តាំងពី​ខែមិថុនា ឆ្នាំ​២០១៣​មក ។

សង្កាត់ WESTMINSTER នា​ពាក់កណ្តាល​ថ្ងៃជា​កន្លែង​មួយ​មាន​មនុស្ស​ច្រើន​កុះករ​បំផុត​នៃ​ទីក្រុង​ឡុ​ង​ដ៍ បណ្តា​អ្នកទេសចរ​មក​ពី​ពិភពលោក​ទាំងមូល​មក​ទស្សនា BIG BEN។ ពិសេស​បំផុត​នា​ថ្ងៃ​ទី​២២ មីនា នេះ​ជា​ថ្ងៃ​ដែល​លោកស្រី​នាយក​រដ្ឋមន្ត្រី​មក​ថ្លែង​នៅ​មុខ​សភា ។ គឺ​នា​ឱកាស​នោះ ហើយ​កើត​មានការ​វាយប្រហារ​ភេរវកម្ម​មួយ​លើ​ស្ពាន WESTMINSTER និង​ក្នុង​បរិវេណ​សភា​អង់គ្លេស ។

នា​ដើម​រសៀល​រថយន្ត 4X4 ពណ៌​ប្រផេះ​មួយ​ធុន HYUNDAI បាន​បើក​កាត់​ស្ពាន WESTMINSTER ហើយ​បើក​ឆាប​មក​ផ្លូវ​សម្រាប់​អ្នក​ដើរ​បុក​រះ​មនុស្ស​ម្នា ។ រថយន្ត​នេះ​បន្ទាប់​មក​បើក​ឆ្ពោះ​មក​កាន់​សភា​បុករ​បងសំណាញ់​ដែក​របស់​សភា​នៅ WESTMINSTER បណ្តាល​ឱ្យ​មនុស្ស​ច្រើន​នាក់​ទៀត​រង​របួស ក្នុង​នោះ​មាន​ប៉ូលិស​កំពុង​យាម​ផង ។ កាន់​កាំបិត​២ អ្នក​បើករថយន្ត​នេះ​អាច​ចូល​ក្នុង​បរិវេណ​សភា ហើយ​ចាក់​សម្លាប់​ប៉ូលិស​ម្នាក់ ។ ពេល​រូបគេ​ស្ទុះ​ទៅ​វាយប្រហារ​ប៉ូលិស​ម្នាក់​ទៀត ក៏​ត្រូវ​ប៉ូលិស​ស្លៀកពាក់​ស៊ី​វិល​ម្នាក់​បាញ់​ស្លាប់ ៕