ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តុលាការ​កំពូល​លើក​ពេលកាត់ទោស​ឧក្រិដ្ឋជន​ហេង ពៅ សំណុំរឿង​ដុល្លារ​ក្លែងក្លាយ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​២២ ខែមីនា ចៅក្រម​តុលាការ​កំពូល​បាន​លើកយក​សំណុំ​រឿង​បណ្តឹងសាទុក្ខ​របស់​អតីត​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ទី​២២ ខែមីនា ចៅក្រម​តុលាការ​កំពូល​បាន​លើកយក​សំណុំ​រឿង​បណ្តឹងសាទុក្ខ​របស់​អតីត​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ហេង ពៅ លើ​ករណី​បង្ខាំង​មនុស្ស​ខុសច្បាប់ និង​បទ​រក្សា​ទុក​លុយ​ដុល្លារ​អា​មេ​រិ​ក​ក្លែងក្លាយ ។ ប៉ុន្តែ​តុលាការ​បានលើក​ពេល​ជម្រះក្តី ដោយសារ​តែ​ជនជាប់ចោទមិន​ព្រម​ទទួលយក​មេធាវី​ដែល​តុលាការ​ផ្តល់​ឲ្យ​ការពារ​ក្តី ហើយ​ចង់រក​មេធាវី​ដោយ​ខ្លួនឯង ។ សវនាការ​នេះ ដឹកនាំ​ដោយ​លោកស្រី គិ​ម ស​ត្ថា​វី ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ និង​លោក ច័ន្ទ តារា​រស្មី ជា​តំណាង​មហាអយ្យការ ។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១៥ ខែមីនា អ្នកទោស​ឈ្មោះ ហេង ពៅ ត្រូវ​បាន​បញ្ជូន​មក​តុលាការ​កំពូល​ម្តង​រួច​ហើយ ដើម្បី​ជំនុំជម្រះ​លើ​បណ្តឹងសាទុក្ខ​របស់​ខ្លួន​ក្នុង​ករណី​បង្ខាំង​មនុស្ស​ខុសច្បាប់​។ សវ​នាវ​ការ​រឿង​បង្ខាំង​មនុស្ស​ខុសច្បាប់​នេះ ក៏​ត្រូវ​បាន​លើក​ពេល​វិញ​ដែរ ដោយសារ​ជនជាប់ចោទ​មិន​មាន​មេធាវី​ការពារ​ក្តី ។

ចំពោះ​ការ​ដែល​តុលាការ​កំពូល​បើក​សវនាការ​នា​ពេល​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលាឧទ្ធរណ៍ បាន​សម្រេច​ដូច​គ្នា​ផ្តន្ទាទោស​ជនជាប់ចោទ ហេង ពៅ ដាក់​ពន្ធនាគារ​រយៈពេល​១៤​ឆ្នាំ​ក្នុង​សំណុំរឿង​នេះ តែ​ជនជាប់ចោទ​មិន​សុខចិត្ត ក៏​បាន​ប្តឹង​សាទុក្ខ​មក​តុលាការ​កំពូល​ទៀត ក្រោយ​ពី​សាលាឧទ្ធរណ៍​បាន​តម្កល់​ការ​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ទុកជា​បានការ​ដដែល ។

ជនជាប់ចោទ ហេង ពៅ ត្រូវ​បាន​ចោទ​ពី​បទ​រក្សា​ទុក​ប្រាក់​ដុល្លារ​ក្លែងក្លាយ ប្រព្រឹត្ត​នៅផ្ទះ​លេខ​៩ ភូមិ​តា​ខ្មៅ ស្រុក​តា​ខ្មៅ  បច្ចុប្បន្ន​ក្រុង​តា​ខ្មៅ  ខេត្តកណ្ដាល កាលពី​ថ្ងៃ​ទី​៣១ ខែកក្កដា ឆ្នាំ​២០០៦ ៕