របាយការណ៍ខ្មៅ ប្រតិកម្មតបរបាយការណ៍សភាអាស៊ានថា នយោបាយកម្ពុជាប្រឈមនឹងវិបត្តិ
រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាចបានប្រតិកម្មតបទៅនឹងរបាយការណ៍របស់សមាជិកអាស៊ានដែលបានព្រមានថា
រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាចបានប្រតិកម្មតបទៅនឹងរបាយការណ៍របស់សមាជិកអាស៊ានដែលបានព្រមានថា
រាជធានីភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាចបានប្រតិកម្មតបទៅនឹងរបាយការណ៍របស់សមាជិកអាស៊ានដែលបានព្រមានថា ប្រព័ន្ធនយោបាយនៅកម្ពុជាកំពុងប្រឈមនឹងវិបត្តិដែលលទ្ធិប្រជាធិបតេយ្យនៃប្រទេលនេះកំពុងផុយស្រួយ ថាជាការដាក់កំហុសមកលើរាជរដ្ឋាភិបាលដែលមិនអាចទទួលយកបាន ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានឲ្យដឹងនៅថ្ងៃទី២១ មីនាថា បណ្តាប្រទេសអាស៊ាន នៅក្នុងរដ្ឋសភាតែងតែមានសមាជិកសភាមកពីគណបក្សប្រឆាំង។ ដើម្បីមានតួនាទីនៅក្នុងសង្គម សមាជិកសភាបក្សប្រឆាំងទាំងនោះ បានរួមគ្នាបង្កើតជាអង្គការសភាអាស៊ានដើម្បីសិទ្ធិមនុស្ស ដើម្បីតាមដាន និងទិតៀនដំណើរការលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅតាមបណ្តាប្រទេសជាសមាជិកអាស៊ាន ។
លោកថា អង្គការសភាអាស៊ានដើម្បីសិទ្ធិមនុស្ស ជាអង្គការឯកជនមួយ ។ នៅក្នុងអង្គការនេះសមាជិកសភាកម្ពុជា ក៏បានចូលរួមដែរដូចជា លោក សុន ឆ័យ លោកជំទាវ មូរ សុខហួរ ជាដើម ។ ដូច្នេះការវាយតម្លៃសន្និដ្ឋានយ៉ាងណានោះគឺជាសិទ្ធិរបស់អង្គការនេះ ប៉ុន្តែការវាយតម្លៃនោះមិនមានទម្ងន់អ្វីមកលើរដ្ឋាភិបាលរបស់ប្រទេសជាសមាជិកអាស៊ានទេ ចាត់ទុកថាជាការបញ្ចេញមតិមួយប៉ុណ្ណោះ ។
យោងតាមរបាយការណ៍របស់សមាជិកសភាអាស៊ានមួយក្រុម ដែលធ្វើការដើម្បីសិទ្ធិមនុស្ស បានចេញរបាយការណ៍របស់ខ្លួនមួយដោយព្រមានពីប្រព័ន្ធនយោបាយកម្ពុជា កំពុងប្រឈមនឹងវិបត្តិភាពស្របច្បាប់ និងគំរាមដល់ភាពអន្តរាយរបស់ប្រទេស ដែលលទ្ធិប្រជាធិបតេយ្យកំពុងតែផុយស្រួយ ។
របាយការណ៍នេះត្រូវបានវិទ្យុអាស៊ីសេរីផ្សាយថា សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) បានចេញផ្សាយកាលពីថ្ងៃទី២០ មីនា ដោយដាក់ចំណងជើងថា «ការវាយប្រហារសមាជិកសភា និងការគំរាមកំហែងស្ថាប័នកម្ពុជា គឺជាសំឡេងជួងមរណៈសម្រាប់ប្រជាធិបតេយ្យនៅកម្ពុជា» ។
របាយការណ៍នេះចេញផ្សាយបន្ទាប់ពីក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) មួយក្រុមដែលរួមមាន សមាជិកសភាមកពីប្រទេសម៉ាឡេស៊ី និងសមាជិកសភាហ្វ៊ីលីពីនផង បានបញ្ចប់បេសកកម្មស្វែងរកការពិតមួយនៅប្រទេសកម្ពុជា។ របាយការណ៍នេះចងក្រង និងវិភាគលើរលកវាយប្រហារសមាជិកសភាកាលពីពេលថ្មីៗ រួមទាំងការធ្វើទុក្ខបុកម្នេញតាមផ្លូវតុលាការ ការរំលោភនីតិវិធីជុំវិញអភ័យឯកសិទ្ធិសភា និងការរំលោភបំពានលើរូបរាងកាយ ។
លោកយូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) នាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) ជាវាគ្មិនមួយរូបនៅក្នុងពិធីសម្ពោធរបាយការណ៍នេះបានថ្លែងថា នេះជាសំឡេងរបស់អាស៊ានអំពីគ្រោះថ្នាក់នៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាវាមានសារសំខាន់ណាស់ដែលត្រូវមានសំឡេងអាស៊ានក្នុងការជជែកអំពីការបំផ្លាញលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលមានការវាយប្រហារជាថ្មីទៀតសំដៅទៅលើសមាជិកសភាមកពីគណបក្សប្រឆាំង ក្រុមអង្គការសង្គមស៊ីវិល សារព័ត៌មានឯករាជ្យ អ្នកការពារសិទ្ធិមនុស្ស ព្រមទាំងបណ្ដាក្រុមនិងអង្គការដែលព្យាយាមការពារសិទ្ធិរបស់ពួកគេ ដូចជាសិទ្ធិដីធ្លីជាដើម ។
លោកបានបញ្ជាក់ថា៖ «ខ្ញុំបាននិយាយថា ក្នុងកម្រិតនេះ កម្ពុជាកំពុងស្ថិតនៅលើវិថីឆ្ពោះទៅកាន់របបលទ្ធិប្រជាធិបតេយ្យតាមរបៀបដឹកនាំរបស់លោក ស៊ូ ហារតូ នៃប្រទេសឥណ្ឌូណេស៊ី ឬក៏ស្រដៀងនឹងរបៀបដឹកនាំដែលមានគណបក្សតែមួយ ដូចយើងឃើញមាននៅប្រទេសវៀតណាម និងឡាវអ៊ីចឹង»។ ការអនុម័តវិសោធនកម្មច្បាប់កាលពីប៉ុន្មានសប្ដាហ៍មុននេះ ពោលគឺវិសោធនកម្មច្បាប់ស្ដីពីគណបក្សនយោបាយដែលត្រូវបានលើកឡើងក្នុងរបាយការណ៍នេះ ។ ការធ្វើវិសោធនកម្មច្បាប់នោះ មានឥទ្ធិពលក្នុងការរំលាយគណបក្សនយោបាយ ប្រសិនបើមេដឹកនាំនៃគណបក្សនោះត្រូវបានគេរកឃើញថា បានប្រព្រឹត្តបទល្មើស ។ វាជារឿងអាក្រក់ណាស់ដែលកម្ពុជា មកចម្លងយករបៀបដឹកនាំបែបយោធាកាលពីមុនពីទីនោះទៅប្រើនៅប្រទេសរបស់ខ្លួន ។
មន្ដ្រីរាជរដ្ឋាភិបាលកម្ពុជា បានមានប្រតិកម្មថា របាយការណ៍នេះហាក់កំពុងព្យាយាមឱ្យអន្ដរជាតិមើលមកកម្ពុជាថា មានភាពខ្មៅងងឹត តែការពិតមិនដូចអ្វីដែលគេបាននិយាយនោះទេ ។ កម្ពុជាកំពុងឈានទៅរកការបោះឆ្នោតជាលក្ខណៈប្រជាធិបតេយ្យនាពេលខាងមុខនេះជាបន្ដបន្ទាប់ ។ បច្ចុប្បន្នសម្រាប់ប្រជាពលរដ្ឋកម្ពុជា ក៏បានបង្ហាញនូវការភ្ញាក់ផ្អើលដែរ ដែលការវាយតម្លៃមួយនេះ ហាក់ដូចជាកំពុងធ្វើឱ្យកម្ពុជារងគ្រោះទាំងអយុត្ដិធម៌ដោយសារការវាយតម្លៃដ៏ខ្មៅងងឹតនេះ ៕
ចែករំលែកព័តមាននេះ