ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​គោព្រៃ​កម្ពុជា​អាច​កាច់​បំបាក់​ចង្កូមខ្លា​ខៀវ​ឥណ្ឌា​បាន​ឬទេ​នៅ​ល្ងាច​នេះ ?

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​សល់​តែ​ប៉ុន្មាន​ម៉ោង​ទៀត​ប៉ុណ្ណោះ ក្រុម​ជម្រើសជាតិ​កម្ពុជា​ដែល​មាន​រហស្សនាម​ថា​«​គោព្រៃ​កម្ពុជា​»​នឹង​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​ទទួលភ្ញៀវ​ក្រុម​ជម្រើសជាតិ​ឥណ្ឌា ដែល

រាជធានី​ភ្នំពេញ ៖ នៅ​សល់​តែ​ប៉ុន្មាន​ម៉ោង​ទៀត​ប៉ុណ្ណោះ ក្រុម​ជម្រើសជាតិ​កម្ពុជា​ដែល​មាន​រហស្សនាម​ថា​«​គោព្រៃ​កម្ពុជា​»​នឹង​បើកទ្វារ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​ទទួលភ្ញៀវ​ក្រុម​ជម្រើសជាតិ​ឥណ្ឌា ដែល​មាន​រហស្សនាម​ថា «​ខ្លា​ខៀវ​ឥណ្ឌា​»​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២២ មីនា នេះ ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ​CLEAR ដែល​មានការ​ផ្សាយ​បន្ត​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​BTV-News ផង​ដែរ​។

យោង​តាម​ប្រវត្តិ​ប្រកួត​ក្រុម​ទាំង​ពីរ​ធ្លាប់​ជួប​គ្នា​ចំនួន​៣​លើក​រួច​មក​ហើយ ក្នុង​នោះ​ក្រុម​គោព្រៃ​កម្ពុជា​ឈ្នះ​១ ចាញ់​២ ហើយ​លើក​ចុង​ក្រោយ​ចាញ់​ក្រុម​ខ្លា​ខៀវ​ឥណ្ឌា ៦-០ ក្នុង​ជំនួប​ដណ្ដើម​ពាន​នេ​រុ​ហ៍ កាលពី​ឆ្នាំ​២០០៧ ។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តី​ពី​ជំនួប​មិត្តភាព​រវាង​ក្រុម​គោព្រៃ​កម្ពុជា និង​ក្រុម​ខ្លា​ខៀវ​ឥណ្ឌា កាលពី​ព្រឹក​ថ្ងៃ​ទី​២១ មីនា ម្សិលមិញ​នេះ លោក S.Constantine គ្រូបង្វឹក​ក្រុម​ខ្លា​ខៀវ​ឥណ្ឌា​បាន​ថ្លែង​ថា មូលហេតុ​ដែល​ឥណ្ឌា​រើស​កម្ពុជា ជា​គូប្រកួត ព្រោះ​ជឿ​ថា កម្ពុជា​មាន​កីឡាករ​ដែល​មាន​សមត្ថភាព​ក្នុង​ការ​ជួយ​ឥណ្ឌា​ឱ្យ​បាន​សម​ជើង​ប្រកួត​មុន​ពេល​ជួប​ក្រុម​ជម្រើសជាតិ​មី​យ៉ា​ន់​ម៉ា ។ ម្យ៉ាង​កម្ពុជា​មាន​របប​អាហារ និង​អាកាសធាតុ​ប្រហាក់ប្រហែល​គ្នា​នឹង​ប្រទេស​មី​យ៉ា​ន់​ម៉ា​ផង​ដែរ ។ ដូច្នេះ​ក្រោយ​ការ​ប្រកួត​មិត្តភាព​នេះ ក្រុម​ជម្រើសជាតិ​ឥណ្ឌា​នឹង​បន្ត​ហាត់​សមនៅ​កម្ពុជា​២​ថ្ងៃ​ទៀត ដើម្បី​ត្រៀម​តិច​និក​ថ្មី​សម្រាប់​ប្រយុទ្ធ​នឹង​ក្រុម​មី​យ៉ា​ន់​ម៉ា ។ គ្រូបង្វឹក​ជម្រើសជាតិ​ឥណ្ឌា​ថ្លែង​ទៀត​ថា គ្រូបង្វឹក​ថ្មី​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា​នឹង​មាន​សមត្ថភាព​បង្កើត​ទម្រង់​លេង​ល្អ​ៗ​ឱ្យ​ក្រុម​កម្ពុជា មិន​ខាន ។ លោក​ជូនពរ​ឱ្យ​ក្រុម​កម្ពុជា​ជួប​តែ​ភាព​ជោគជ័យ ប៉ុន្តែ​លើកលែង​ថ្ងៃស្អែក (​ថ្ងៃនេះ​) ចោល ព្រោះ​ឥណ្ឌា​មកនេះ​គឺ​ដើម្បី​ឈ្នះ មិនមែន​មក​ដើម្បី​ចាញ់​ទេ ។

ចំណែក​លោក Leonardo Vitorino គ្រូបង្វឹក​ថ្មី​របស់​ក្រុម​គោព្រៃ​កម្ពុជា​មិន​បាន​ឆ្លើយ​តប​អ្វី​ទៅ​កាន់​សម្តី​ខាងលើ​នេះ​ទេ លោក​គ្រាន់តែ​មាន​ប្រសាសន៍​ថា កូនក្រុម​របស់​លោក​បានត្រៀមខ្លួន​រួចរាល់​ហើយ​សម្រាប់​អ្នកគាំទ្រ​ទាំងអស់​គ្នា ។ ឥណ្ឌា​ជា​ក្រុម​ខ្លាំង​ប៉ុន្តែ​កម្ពុជា​ក៏​មិនអន់​ដែរ​ព្រោះ​មាន​កីឡាករ​ល្អ​ៗ​ដែល​អាចលេង​បាន ហើយ​បើ​លេង​ជា​ក្រុម​បាន​ល្អនោះ ក្រុម​គោព្រៃ​កម្ពុជា​នឹង​មានឱកាស​ធ្វើ​ឱ្យ​អ្នកគាំទ្រ​សប្បាយចិត្ត​មិន​ខាន ។ លោក​ក៏​បាន​លើក​ឡើង​ពី​ចាន់ វឌ្ឍនាកា ផង​ដែរ​ថា ជា​កីឡាករ​មាន​សមត្ថភាព​និង​នៅ​ក្មេង​ថែម​ទៀត អាច​ចូល​លេង​នៅ​លី​គ​កំពូល​ជប៉ុន​បាន មិន​ត្រឹម​លេង​នៅ​លី​គ​ទី​៣​នោះ​ទេ ។ គាត់​ជា​កីឡាករ​តែង​មាន​មោទនភាព​ក្នុង​ការ​ស្លៀកពាក់​ឯកសណ្ឋាន​ជម្រើសជាតិ​កម្ពុជា ទើប​លោក​ហៅ​គាត់​ឱ្យ​ត្រឡប់​មក​វិញ ។

ដោយឡែក​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​ប្រកាស​ថា សំបុត្រ​ប្រភេទ​១​តម្លៃ​១​ម៉ឺន​រៀល សម្រាប់​ចូល​ទស្សនាការ​ប្រកួត​រវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា និង​ក្រុម​ជម្រើសជាតិ​ឥណ្ឌា បាន​លក់​អស់ហើយ នៅ​សល់​តែ​សំបុត្រ​ប្រភេទ​២​តម្លៃ​៥​ពាន់​រៀល​ប៉ុណ្ណោះ ។ ដូច្នេះ​អ្នកគាំទ្រ សូមរួសរាន់​មក​ទិញ​ឲ្យ​បាន​ទាន់​ពេលវេលា ចៀសវាង​ការ​អត់​សំបុត្រ​ចូល​ទស្សនា ប្ដូរ​ទៅ​ជា​ការ​ផ្លោះ​របង​ដូច​ពេល​កន្លង​ទៅ ៕