ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មការិនី​រោងចក្រ​កាត់ដេរ ដួល​សន្លប់​បន្តបន្ទាប់​50​នាក់ ការ​ដួល​សន្លប់​ជាប់​គ្នា​3​ថ្ងៃ​ហើយ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្មការិនី​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​យីហោ​«​ធៀន​ស៊ុ​ង​» ស្ថិត​នៅ​ក្នុង​បុរី​ប៊ុ​ន ហួរ ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ

រាជធានី​ភ្នំពេញ ៖ កម្មការិនី​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​យីហោ​«​ធៀន​ស៊ុ​ង​» ស្ថិត​នៅ​ក្នុង​បុរី​ប៊ុ​ន ហួរ ភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​បន្ត​ដួលសន្លប់​ជាង​៥០​នាក់​ទៀត កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២០ ខែមីនា ហើយ​ត្រូវ​បាន​ខាង​តំណាង​រោងចក្រ​ដឹក​បញ្ជូន​ទៅ​កាន់​គ្លីនិក​ឯកជន ដើម្បី​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ ។

រីឯ​អ្នក​ដែល​មិន​ដួល​សន្លប់ ត្រូវ​បាន​ថៅកែ​បង្ខំ​ឲ្យ​នៅ​ធ្វើការ​បន្ត​ទៀត ហើយ​រហូត​ដល់​វេលា​រសៀល​ថ្ងៃ​ដដែល ដោយសារ​ពេល​កំពុងធ្វើការ​មានកម្ម​ការិនី​សន្លប់​បន្ត​ទៀត ហើយ​ថៅកែ​នៅ​មិន​ព្រម​ឲ្យ​កម្មករ​ចេញ​ទៀត​នោះ ទើប​អាជ្ញាធរ​ខណ្ឌ​ពោធិ៍​សែន​ជ័យ បញ្ជា​ឲ្យ​អាជ្ញាធរ​សង្កាត់ចោម​ចៅ ចុះ​ទៅ​ផ្អាក​សកម្មភាព​រោងចក្រ​នោះ​ជា​បណ្ដោះអាសន្ន​សិន ដើម្បី​កុំ​ឲ្យ​មាន​អ្នក​ដួល​សន្លប់​បន្ត​ទៀត ព្រោះតែ​រោងចក្រ​នេះ​មាន​កម្មករ​ដួល​សន្លប់​៣​ថ្ងៃ​ជាប់​ៗ​គ្នា​មក​ហើយ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា នេះ​ជា​លើក​ទី​៣​ហើយ​ដែល​កម្មករ​នៅ​រោងចក្រ​នេះ​បាន​ដួល​សន្លប់ ។ កាលពី​ព្រឹក​ថ្ងៃ​ទី​១៧ ខែមីនា បាន​ដួល​សន្លប់​ចំនួន​៥​នាក់ មូលហេតុ​បណ្ដាល​មក​ពី​ការ​ភិតភ័យ​ខណៈ​មានការ​ភ្ញាក់ផ្អើល​ពេល​មាន​ទុ​ស្សេ​ឆេះ​កាប៊ី​ន​ភ្លើង​មួយ​នៅ​ក្នុង​រោងចក្រ ហើយ​អ្នក​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​។ ឯ​កម្មករ​ដែល​មិន​សន្លប់ មិន​ត្រូវ​បាន​ថៅកែ​ឲ្យ​ឈប់​សម្រាក​ឡើយ គឺ​ឲ្យ​នៅ​ធ្វើការ​រហូត​ដល់​ចប់​ចុង​ចប់​ដើម ។

លុះ​នៅ​ថ្ងៃ​ទី​១៨ ខែមីនា កម្មករ​បាន​ចូលទៅ​ធ្វើការ​តាម​ធម្មតា ប៉ុន្តែ​ខណៈ​កំពុងធ្វើការ​សុខ​ៗ​ស្រាប់តែ​មានកម្ម​ការិនី​ម្នាក់​ដួល​សន្លប់​ជា​ថ្មី​ទៀត ជា​ហេតុ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ក៏​មាន​អ្នក​ដួល​សន្លប់​ជា​បន្តបន្ទាប់​រដូករណែល ក្នុង​នោះ​មានកម្ម​ការិនី​ចំនួន​៧៣​នាក់​និង​កម្មករ​ម្នាក់ និង​បាន​បង្ក​ឲ្យ​មានការ​ជ្រួលច្របល់​ពេញ​រោងចក្រ​តែ​ម្ដង ។ រំលង​បាន ស្រាប់តែ​នៅ​ថ្ងៃ​ទី​២០ ខែមីនា ក៏​មានកម្ម​ការិនី​ជាង​៥០​នាក់​ដួល​សន្លប់​ទៀត ។

ប្រភព​ដដែល​បន្ត​ថា រហូត​មក​ដល់​ពេល​នេះ មូលហេតុ​នៃ​ការ​ដួល​សន្លប់​នៅ​តែ​ជា​អាថ៌​កំបាំង​ដដែល ខណៈ​អ្នកខ្លះ​បាន​ដាក់​ការ​សង្ស័យ​ថា បណ្ដាល​មក​ពី​បញ្ហា​អាកាសធាតុ និង​បរិស្ថាន​នៅ​ក្នុង​រោងចក្រ​អាប់អួ គួប​ផ្សំ​នឹង​កម្មករ​ធ្វើការ​ហួសកម្លាំង មាន​សុខភាព​ខ្សាយ ទ្រាំ​នឹង​ក្លិន​គីមី​ក្នុង​ក្រណាត់​មិន​បាន និង​ការ​ភិតភ័យ​ផង ទើប​មានការ​ដួល​សន្លប់​តែ​ម្ដង​។

ទោះបីជា​បែប​ណា ករណី​ដួល​សន្លប់​នេះ កំពុង​ស្ថិត​នៅ​ក្នុង​ការ​ស្រាវជ្រាវ​របស់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នៅឡើយ ។ ចំណែក​រោងចក្រ​ត្រូវ​បាន​បិទទ្វារ​ជា​បណ្ដោះអាសន្ន រង់ចាំ​ការ​ស្រាវជ្រាវ​រក​មូលហេតុ​ពិតប្រាកដ ហើយ​រយៈពេល​៣​ថ្ងៃ​កន្លង​មកនេះ មាន​អ្នក​ដួល​សន្លប់​សរុប​ជាង​១០០​នាក់​ហើយ ៕