ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វគ្គ​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល​ប៊ូល​និង​ប៉េតង់​អន្តរជាតិ​ធ្វើ​នៅ​កម្ពុជា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា កាលពី​ថ្ងៃ​ទី​២១ មីនា មាន​បើក​វគ្គ​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល​ប៊ូល និង​ប៉េតង់​កម្រិត​អន្តរជាតិ​លើក​ទី​១ ដែល​មាន​សិក្ខាកាម​ជា​មន្ត្រី​

រាជធានី​ភ្នំពេញ ៖ នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា កាលពី​ថ្ងៃ​ទី​២១ មីនា មាន​បើក​វគ្គ​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល​ប៊ូល និង​ប៉េតង់​កម្រិត​អន្តរជាតិ​លើក​ទី​១ ដែល​មាន​សិក្ខាកាម​ជា​មន្ត្រី​តំណាង​សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​មក​ពី​តាម​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ចំនួន​៦​ចូលរួម ។

តាម​ការ​ឱ្យ​ដឹង​ពី​មន្ត្រី​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា​ថា នេះ​គឺជា​លើក​ទី​១​ហើយ​ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​បើក​វគ្គ​បណ្ដុះបណ្ដាល​អាជ្ញាកណ្ដាល​ប៊ូល និង​ប៉េតង់​កម្រិត​អន្តរជាតិ ដែល​វគ្គ​នេះ​សិក្សា​ទាំង​ទ្រឹស្ដី និង​ការ​អនុវត្ត​ជាក់ស្ដែង​នៅ​លើ​ទីលាន ។ ជា​ពិសេស​ការ​អនុវត្ត​ជាក់ស្ដែង​នៅ​លើ​ទីលាន​ធ្វើ​យ៉ាងណា​ឱ្យ​មានការ​វាស់វែង​មាន​ភាព​សុក្រឹត និង​យុត្តិធម៌ ។

វគ្គ​សិក្សា​នេះ​មាន​សិក្ខាកាម​ចូលរួម​ចំនួន​២៧​នាក់​ក្នុង​នោះ​មក​ពី​មី​យ៉ា​ន់​ម៉ា​២​នាក់ វៀតណាម​២​នាក់ ឥណ្ឌូ​ណេ​ស៊ី​២​នាក់ ព្រុយ​ណេ​៤​នាក់ ម៉ា​ឡេ​ស៊ី​៦​នាក់ និង​កម្ពុជា​១១​នាក់ ដោយ​ធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​២១​ដល់​២៥ មីនា ។ ចំណែក​គ្រូឧទ្ទេស​ក្នុង​វគ្គ​នេះ​មាន​២​រូប​គឺ​លោក មាស សា​រិ​ន ជា​មន្ត្រី​នៅ​ក្នុង​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា និង​លោក Sheikh Ismail Silan ជា​គ្រូ​អាជ្ញាកណ្ដាល​ប៊ូល និង​ប៉េតង់​អន្តរជាតិ​មក​ពី​ម៉ា​ឡេ​ស៊ី ។

លោក អិុន គឹ​ម​ស្រ៊ុ​ន អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា បានឱ្យ​ដឹង​ថា វគ្គ​នេះ​មាន​សារសំខាន់​ខ្លាំង​ណាស់​ព្រោះ​វា​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​កម្ពុជា​ក្នុង​ការ​ត្រៀម​ខ្លួន​ធ្វើ​ជា​ម្ចាស់ផ្ទះ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​ផង​ក៏​ដូច​ជា​ចូលរួម​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​ផង​ដែរ ។ ម្យ៉ាងវិញទៀត រាល់​ការ​បញ្ជូន​កីឡាករ​កីឡាការិនី​ទៅ​ចូលរួម​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ បើសិនជា​យើង​គ្មាន​គ្រូបង្វឹក និង​អាជ្ញាកណ្ដាល​ទៅ​ជាមួយ​ទេ​គេ​នឹង​ពិន័យ​យើង​ជា​មិន​ខាន ។ លោក​បានឱ្យ​ដឹង​ទៀត​ថា វគ្គ​នេះ​អាច​តឹងតែង​បន្តិច​ហើយ​ព្រោះថា​វា​ជា​វគ្គ​កម្រិត​អន្តរជាតិ អាច​មាន​អ្នក​ដែល​ប្រឡង​ជាប់​ត្រឹមតែ​១០​ទៅ​២០​ភាគរយ​ប៉ុណ្ណោះ ហើយ​បើ​ធ្លាក់​ចេញពី​វគ្គ​នេះ គឺ​បាន​ជាប់​ត្រឹមតែ​អាជ្ញាកណ្ដាល​ថ្នាក់​ជាតិ​ប៉ុណ្ណោះ ៕