បោះឆ្នោតខាងមុខ ព្រះមហាក្សត្រអំពាវនាវឱ្យពលរដ្ឋទៅបោះឆ្នោតដោយគ្មានការភ័យខ្លាច
រាជធានីភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារជូនដល់ជនរួមជាតិ
រាជធានីភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារជូនដល់ជនរួមជាតិ
រាជធានីភ្នំពេញ ៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើព្រះរាជសារជូនដល់ជនរួមជាតិ ជុំវិញការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្ដិទី៤ ដែលនឹងប្រព្រឹត្ដទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ ។ ព្រះអង្គបានអំពាវនាវជាឱឡារិក ជូនជនរួមជាតិ បងប្អូន កូនក្មួយ អ្នកបោះឆ្នោតទាំងអស់សូមមេត្ដាអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ។
ព្រះរាជសារបន្ដថា ការបោះឆ្នោតនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ គឺជាការបោះឆ្នោតជាទូទៅជាសកល ដោយសម្ងាត់ តាមលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដូចនេះសុំកុំឱ្យមានការព្រួយបារម្ភពីការគាបសង្កត់ ការគំរាមកំហែង ឬសម្លុតពីជនណាម្នាក់ ឬបក្សណាមួយឱ្យសោះ ។
សូមបងប្អូន កូនក្មួយ មេត្ដាប្រើសិទ្ធិសេរីភាពរបស់ខ្លួន បោះឆ្នោតទៅតាមសតិសម្បជញ្ញៈរបស់ខ្លួនម្នាក់ៗ ដែលមានទំនុកចិត្ដទៅលើបេក្ខជនណាម្នាក់ គណបក្សនយោបាយណាមួយ ។ សម្រាប់ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ខាងមុខនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) នឹងចំណាយថវិកាសរុបប្រមាណជា៥៣លានដុល្លារ ។ នេះបើតាមការឲ្យដឹងពីអ្នកនាំពាក្យ គ.ជ.ប ។
លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹង ក្រោយបញ្ចប់ជំនួបពិភាក្សាជាមួយគណៈប្រតិភូមូលនិធិ កូហ្វី អាណាន់ (Kofi Annan) នៅទីស្ដីការ គ.ជ.ប កាលពីពេលថ្មីៗនេះថា បច្ចុប្បន្ន គ.ជ.ប មានថវិកានិងសម្ភារសម្រាប់ដំណើរការបោះឆ្នោតគ្រប់គ្រាន់ហើយ ។ បូកសរុបទៅ ទាំងចុះឈ្មោះបោះឆ្នោត និងបោះឆ្នោតនាពេលខាងមុខក្នុងក្របខណ្ឌឃុំ-សង្កាត់គឺ៥៣លានដុល្លារ ។
លោកថ្លែងថា ថវិកានិងសម្ភារទាំងនេះ បានមកពីថវិការបស់ជាតិ សហគមន៍អឺរ៉ុប ជប៉ុន និងមានអំណោយពីចិនផងដែរ ។ ក្នុងជំនួបជាមួយគណៈប្រតិភូមូលនិធិ កូហ្វី អាណាន់ នេះ មិនបានពិភាក្សាលើការផ្តល់ថវិកាជួយ គ.ជ.ប នោះទេ ។
ដើម្បីធានាឲ្យមានការស្មើភាពចំពោះគណបក្សនយោបាយទាំងអស់ គ.ជ.ប បានចេញ គោលការណ៍ចំនួន៣ចំណុចសម្រាប់ការឃោសនាបោះឆ្នោតក្នុងនោះរួមមាន ៖
ទី១-គោលការណ៍សម្រាប់អង្គការមិនមែនរដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយដែលចង់រៀបចំកិច្ចពិភាក្សាអំពីគោលនយោបាយរបស់គណបក្សនយោបាយ ។
ទី២-គោលការណ៍សម្រាប់វិទ្យុ និងទូរទស្សន៍សម្រាប់ផ្សព្វផ្សាយ ឬពិភាក្សាគោលនយោបាយរបស់គណបក្សនយោបាយ ។
និងទី៣-កម្មវិធីសមធម៌សម្រាប់គណបក្សនយោបាយ ។
លោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប បានពន្យល់ថា កម្មវិធីសមធម៌សម្រាប់គណបក្សនយោបាយ គ.ជ.ប នឹងជួបពិភាក្សាជាមួយតំណាងគណបក្សនយោបាយ ដែលបានចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយនៅពេលបញ្ចប់ការចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតជាស្ថាពរ ។ ដើម្បីឲ្យដឹងថា តើគណបក្សនយោបាយដែលចុះបញ្ជីបេក្ខជនគ្រប់ឃុំ-សង្កាត់ ទទួលបានម៉ោងផ្សាយពីគោលនយោបាយរបស់ខ្លួនប៉ុន្មាននាទី ហើយគណបក្សនយោបាយដែលមិនបានចុះបញ្ជីបេក្ខជនគ្រប់ឃុំ-សង្កាត់ត្រូវទទួលបានម៉ោងផ្សាយពីគោលនយោបាយរបស់ខ្លូនប៉ុន្មាននាទី ។
សូមបញ្ជាក់ថា នៅក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ នាឆ្នាំ២០១៧នេះ មានគណបក្សនយោបាយចំនួន២ បានដាក់បេក្ខជនឈរឈ្មោះរបស់ខ្លួនគ្រប់ឃុំ-សង្កាត់ទាំង១.៦៤៦ទូទាំងប្រទេស គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ក្នុងនោះដែរគណបក្សប្រជាជនកម្ពុជា បានដាក់បេក្ខភាពជាស្ត្រីច្រើនជាងគណបក្សសង្គ្រោះជាតិ ។
សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ គ.ជ.ប បានទទួលចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតមកពីគណបក្សនយោបាយចំនួន១២ ក្នុងចំណោមគណបក្សនយោបាយចំនួន៤៥ ដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ។
មន្ដ្រីនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា អះអាងថា គ.ជ.ប បានជ្រើសរើសមន្ត្រីជាង៩ម៉ឺននាក់ ដើម្បីឱ្យចុះសង្កេតការណ៍តាមការិយាល័យបោះឆ្នោតទាំងអស់ចំនួន១.៦៤៦នៅទូទាំងប្រទេស ហើយអ្នកសង្កេតការណ៍ពីអង្គការសង្គមស៊ីវិលវិញឮថាមានជាង២ម៉ឺននាក់ ។ លោកបញ្ជាក់ថា ការងារដែល គ.ជ.ប កំពុងធ្វើនាពេលបច្ចុប្បន្ន គឺរៀបចំឱ្យគណបក្យនយោបាយចុះឃោសនារកសន្លឹកឆ្នោតដែលមានរយៈពេល១៤ថ្ងៃ ហើយគ្រប់គណបក្សទាំងអស់ អាចហែក្បូនឃោសនាបោះឆ្នោតក្នុងមួយគណបក្សមានតែពីរដងប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ