ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កងឯកភាព​កំចាត់​មីន​ទី​៤​ខេត្តសៀមរាប យក​កណ្តុរ​ទៅ​ហិត​មីន​សាកល្បង

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៧ អាជ្ញាធរ​មីន​កម្ពុជា​មាន​សត្វ​កណ្តុរ​ចំនួន​២១​ក្បាល សម្រាប់​ជួយ​ហិត​រក​មីន​ក្នុង​ប្រតិបត្តិការ​បោសសម្អាត​មីន

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០១៧ អាជ្ញាធរ​មីន​កម្ពុជា​មាន​សត្វ​កណ្តុរ​ចំនួន​២១​ក្បាល សម្រាប់​ជួយ​ហិត​រក​មីន​ក្នុង​ប្រតិបត្តិការ​បោសសម្អាត​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​សល់​ពី​សង្គ្រាម​នៅ​កម្ពុជា​។ ហើយ​អ្នកគ្រប់គ្រង​គម្រោង​មាន​ផែនការ​នឹង​បង្កើត​មជ្ឈមណ្ឌល​បង្កាត់​ពូជ​កណ្ដុរ​នៅ​កម្ពុជា​នេះ​សម្រាប់​ជួយ​ដល់​ប្រតិបត្តិការ​ដោះ​មីន ដល់​គ្រប់​កងឯកភាព​ក្នុង​ប្រទេស​កម្ពុជា​ផង​ដែរ​។ លោក លី ធុ​ជ ទេស​រដ្ឋមន្ត្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស និង​ជា​អគ្គលេខាធិការ​អាជ្ញាធរ​មីន​កម្ពុជា រួម​ជាមួយ​គណៈប្រតិភូ​ក្រុមការងារ​បាន​អញ្ជើញ​ទៅ​កាន់​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ដើម្បី​ពិនិត្យ​ពី​សកម្មភាព​ហិត​រាវរក​មីន​និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​សល់​ពី​សម័យ​សង្គ្រាម របស់​សត្វ​កណ្តុរ ដែល​បាន​នាំ​ចូល​មក​កម្ពុជា​តាម​រយៈ​អង្គការ​អា​ប៉ូ​ប៉ូ​។

តាម​រយៈ​សកម្មភាព​នៃ​ការ​ហិត​រក​មីន​របស់​សត្វ​កណ្តុរ​ទាំងនោះ លោក លី ធុ​ជ បាន​ថ្លែង ដោយ​កត់សម្គាល់​ឃើញ​ថា​៖ ក្រៅពី​មន្ត្រី​ក្នុង​កងឯកភាព​កំចាត់​មីន​កម្ពុជា និង​មន្ត្រី​ក្នុង​អង្គភាព​ដោះ​មីន​ផ្សេង​ៗ​ទៀត ក្នុង​សកម្មភាព​ប្រតិបត្តិការ​បោសសម្អាត​មីន​នៅ​កម្ពុជា យើង​នៅ​មាន​សត្វ​សុនខ ហើយ​ពេល​នេះ​យើង​មាន​ទាំង​សត្វ​កណ្តុរ ដែល​នាំ​ចូល​មក​ពី​តំបន់​អាហ្វ្រិក​។ លោក​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ប្រសិទ្ធិ​ភាព និង​អត្ថប្រយោជន៍​របស់​សត្វ​កណ្តុរ​ក្នុង​សកម្មភាព​ហិត និង​រុករក​មីន ដែល​វា​អាច​ជួយ​ការងារ​យើង​បាន​ពី​៦​រហូត​ដល់​ទៅ​៨​ឆ្នាំ​ក្រោយ​ពី​ធ្វើការ​បង្វឹក​១​ឬ​២​ឆ្នាំ និង​វា​មាន​សមត្ថភាព​ហិតក្លិន​នៃ​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ក្នុង​ជម្រៅ​ដី​៣​ទៅ​៤​តឹក ក្នុង​មួយ​ថ្ងៃ​កណ្តុរ​១១​ក្បាល អាច​ហិត​រកបាន​លើ​ទំហំ​ផ្ទៃដី​ប្រមាណ​ជា​កន្លះ​ហិ​កតា​។

វា​ជួយ​ក្នុង​ការ​កាត់​បន្ថយ​ពី​បញ្ហា​ប្រឈម​គ្រោះថ្នាក់ និង​ហា​នី​ភ័យ​ផ្សេង​ៗ​ដល់​មន្ត្រី​ដោះ​មីន​របស់​យើង​ជា​ច្រើន​។ លោក​មាន​ប្រសាសន៍​បន្ត​ថា ទស្សនៈវិស័យ​ដ៏​វែង​ឆ្ងាយ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា សម្តេច​តែងតែបាន​គិត​ធ្វើ​យ៉ាងណា​ឱ្យ​កម្ពុជា​ចាក​ផុត​ពី​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ដែល​បន្សល់​ពី​សង្គ្រាម​។ ហេតុនេះ​យើង​ខិតខំ​ប្រឹងប្រែង​ឱ្យ​ការ​បោសសម្អាត​មីន​នៅ​កម្ពុជា បាន​ចប់​ជា​ស្ថាពរ ដោយ​យើង​បាន​កំពុង​ដាក់​ផែនការ​ឆ្នាំ​២០២៥ ដើម្បី​បញ្ចប់​ការ​ដោះ​មីន​ជា​ស្ថាពរ​។ ក្នុង​នាម​ថ្នាក់ដឹកនាំ​អាជ្ញាធរ​មីន​កម្ពុជា​លោក បាន​ថ្លែងអំណរគុណ​ដល់ ក្រុម​ប្រតិបត្តិ​ករ​ដោះ​មីន​ជាតិ និង​អន្តរជាតិ ដែល​កំពុង​សកម្ម​ក្នុង​ការ​ដោះ​មីន​និង​រាវរក​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ទាំងអស់​ដែល​ខិតខំ​បំពេញភារកិច្ច​ឆ្លងកាត់​ការ​លំបាក និង​ប្រឈម​ទៅ​នឹង​គ្រោះថ្នាក់​គ្រប់ពេលវេលា ក្នុង​ការ​ដោះ​មីន​ជួយ​រំដោះ​ដីស្រែ​ចម្ការ​ជូន​ជាតិ​មាតុភូមិ​យើង និង​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​ផង​ដែរ​។ 

ក្រោយ​ពី​បាន​ចិញ្ចឹម​បង្វឹក ដើម្បី​បន្សាំ​ទៅ​នឹង​អាកាសធាតុ​ក្នុង​ប្រទេស​កម្ពុជា​អស់​មួយ​រយៈ​ធំ​មក កណ្តុរ​ចំនួន​២១​ក្បាល ត្រូវ​បាន​នាំ​យក​ទៅ​ហិត​រាវរក​មីន​និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​សល់​ពី​សម័យ​សង្គ្រាម​ក្នុង​តំបន់​ស្រែ​ណូ​យ ស្រុក​វ៉ា​រិ​ន្ទ ខេត្តសៀមរាប ជាមួយ​សកម្មភាព​ប្រតិបត្តិការ​រាវរក​មីន​របស់​កងឯកភាព​ចំ​ចាត់​មីន​កម្ពុ​ជាទី​៤ ដែល​មាន​ទីបញ្ជាការ​នៅ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់​មីន​កម្ពុជា ស្ថិត​ក្នុង​ឃុំ​ត្រពាំង​ធំ ស្រុក​ប្រាសាទបាគង​ខេត្តសៀមរាប​។

តាម​រយៈ​អ្នកបកប្រែ​ភាសា លោក ផូ​ម៉ា​កា​ហ្សី ជនជាតិ​អង់គ្លេស ជា​ប្រធាន​គម្រោង​អង្គការ​អេ​ប៉ូ​ប៉ូ​។ មុន​នឹង​នាំ​យក​ទៅ​កាន់​តំបន់​ដែល​សង្ស័យ​ថា​មាន​គ្រាប់​មីន គេ​បាន​បន្សាំ​វា​ទៅ​នឹង​អាកាសធាតុ ស្រប​តាម​លក្ខណៈ​ភូមិសាស្ត្រ និង​បង្វឹក​អស់​រយៈពេល​ពី​៦​ខែ ឬ​ក៏​រហូត​ដល់​មួយ​ឆ្នាំ​។ កណ្តុរ​ដែល​នាំ​ចូល​មកនេះ​សុទ្ធតែ​ទទួល​បាន​អាជ្ញា​ប​ណ្ណ័​បញ្ជាក់​ពី​ប្រទេស​ដៃគូ​ប្រភព​នៃ​សត្វ​កណ្តុរ ក្រោយ​ពី​ពិនិត្យ និង​បានការ​ឯកភាព​ពី​ប្រទេស​ដៃគូ​ថា កណ្តុរ​ទាំងនេះ​មាន​លទ្ធភាព និង​សមត្ថភាព​ក្នុង​ការ​ហិតក្លិន​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​បាន​ហើយ ប្រទេស​ដៃគូ​បាន​ផ្តល់​ជូន​អាជ្ញា​ប​ណ្ណ័​បញ្ជាក់​សម្រាប់​សកម្មភាព​ប្រតិបត្តិការ​ជាមួយ​សត្វ​កណ្តុរ​ទាំងនេះ​។

កណ្តុរ​នេះ មាន​តម្លៃ​មួយ​ស្មើនឹង​៥០០០​យូ​រ៉ូ បូក​រួម​ទាំង​ប្រាក់ខែ​សម្រាប់​អ្នក​មើលថែ​រក្សា និង​អាហារ​របស់​វា​ផង​។ ពួក​វា​មាន​សមត្ថភាព ហិត​រកសា​ធាតុ​ផ្ទុះ​អាស្រ័យ​ទៅ​លើ​ទំហំ​នៃ​សា​ធាតុ​នោះ បើ​សារធាតុ​ផ្ទុះ​កាន់តែ​ធំ​វា​កាន់តែ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ហិតក្លិន​។ វា​មិន​ខុស​គ្នា​ទៅ​នឹង​មនុស្ស​យើង​ទេ ក្នុង​ពេល​អាកាសធាតុ​ក្តៅ​ខ្លាំង ឬ​ត្រជាក់​ពេក និង​មាន​ភ្លៀង​ធ្លាក់​ជាដើម វា​មិន​អាច​ធ្វើការ​បាន​ពេញលេញ​ទេ​។ ក៏​ប៉ុន្តែ​វា​អាច​ធន់​ទៅ​នឹង​អាកាសធាតុ​ដល់​៣៩​អង្សា​សេ​បាន តែបើ​ក្តៅ​ខ្លាំង​ក៏​បញ្ជូន​វា​មក​ទី​សម្រាក​សុំ​ចត​មួយ​រយៈ ដោយ​ប្តូរផ្លាស់​វេន​មួយ​ក្រុម​ម្តង​ៗ ដើម្បី​ចៀសវាង​ពី​ហា​នី​ភ័យ​ចំពោះ​សុខភាព​របស់​ពួក​វា​ផង​ដែរ​៕