ជាតិ » ព្រឹត្តិការណ៍សង្គម

ដល់ម្ល៉ឹង! ​សុំបទ«​រាំ​អីចេះ» ​​ចេញ​បទ​ «បុណ្យ​ភូមិ» ស្ទុះវ៉ៃអ្នក​ភ្លេង​ប្រាវ

ដោយ ៖ យឹម ឈឿន   

ថ្ងៃចន្ទ ទី២០ ខែមីនា ឆ្នាំ២០១៧ ម៉ោង ១៧:០២   (20-03-2017 17:02)

រាជធានីភ្នំពេញ  ៖ ខណៈកម្មវិធី​មង្គលការ​​ជិត​ចប់ ហើយ​ខណៈ​​មាន​ការ​រាំ​កម្សាន្តដែរនោះ ស្រាប់តែ​​​​ឈ្លោះប្រកែក​គ្នា​ រហូត​​បង្ក​ហិង្សា ​​ធ្វើ​ឱ្យ​​អ្នក​តន្ត្រីករ​២​នាក់បានរង​របួស ​ព្រមទាំង​មិន​ព្រម​ឱ្យ​​ប្រាក់​ថ្លៃ​អក​​កា​ដង់ ដោយសារ​តែ​ម្ចាស់​ដើមការ​កុំម្មង់​ឱ្យ​​ច្រៀង​បទ​«​រាំ​អីចេះ» ទៅ​ចេញ​បទ​ «បុណ្យ​ភូមិ» ។

ហេតុការណ៍នេះ​ បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​កាលពី​វេលា​ម៉ោង​១១​ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៩ មីនា ​ស្ថិតនៅ​ចំណុច​​​ភូមិ​​រំដួល សង្កាត់​​ស្នោ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។ ជន​រង​គ្រោះ​ទី​១​មានឈ្មោះ​នៅ វី ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជាអ្នក​​រៀប​ឆាក​អក​កា​ដង់ ស្នាក់​នៅ​ភូមិ​អង្គ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំនើត​ភូមិ​សង្កាត់​ខាងលើ ​និងទី​២​-​ឈ្មោះគឹ​ម សី ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជាមេការ​អក​កា​ដង់ ស្នាក់​នៅ​ភូមិ​អង្គ​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំនើត​នៅ​ភូមិ​ជ្រោយ​ស្វាយ ឃុំ​ជ្រោយ​ស្វាយ ស្រុកស្រែ​អំបិល ខេត្តកោះកុង របួសស្រាល​២​នាក់ ​។

តាម​សម្តី​ផ្ទាល់​ពី​បុរស​​ជន​រង​គ្រោះ​​​ថា ​មុន​ពេល​កើត ​ម្ចាស់​ដើមការ​បាន​ជួលក្រុម​អក​កា​ដង់​គាត់​មក​លេង​ ក្នុង​កម្មវិធី​មង្គល​ការ​។ខណៈ​ពេល​ភ្ញៀវ​ហូប​​ដល់​យប់​ មានកម្ម​វិធី​រាំ​កម្សាន្ត ក៏​មាន​បុរស​ម្នាក់​ទៅ​កុំម្មង់​​សុំ​ឱ្យ​​​ច្រៀង​​បទ «បុណ្យ​ភូមិ» រួច​ហើយ​ក៏​ដើរ​ចេញ​ទៅ​​បាត់ ។

ក្រុម​អ្នកភ្លេង​រៀបចំ​ចេញ​បទ «បុណ្យ​ភូមិ​» ហើយ ស្រាប់តែ​មាន​ស្ត្រី​វ័យ​ចំណាស់​ម្នាក់ ​ដែល​អះអាង​ថា ​ជា​បងប្អូន​ម្ចាស់​ការ​ បាន​មក​កុំម្មង់​បទ​ឱ្យ​ច្រៀង​បទ «រាំ​អីចេះ» លុះ​ពេល​ក្រុម​តន្ត្រី​បាន​ចេញ​បទ «បុណ្យ​ភូមិ»មុន ធ្វើ​ឲ្យ​ខាង​ម្ចាស់​ការ​ខឹង​ បាន​នាំ​គ្នា​ទៅ​វាយ​ក្រុម​តន្ត្រីករ​ចំនួន​២​នាក់​ បណ្តាល​អោយ​រង​របួសស្រាល​តែម្តង ។