ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំងក្លា​នៅ​ក្រុង​ដា​ម៉ាស់​ក្រោយ​ការ​វាយប្រហារ​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​របស់​ពួក​បះបោរ

7 ឆ្នាំ មុន

ការ​ប៉ះទង្គិច​គ្នា​យ៉ាង​សាហា.វ​ផ្ទុះ​ឡើង​កាលពី​ថ្ងៃ​ទី​១៩ មីនា នៅ​ភាគ​ខាងកើត​ក្រុង​ដា​ម៉ាស់ ក្រោយ​ការ​វាយប្រហារ​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​របស់​ពួក​ជី​ហា​ដ និង​ពួក​ឧទ្ទាម​ដែល​ប៉ុនប៉ង​រុល​ឆ្ពោះទៅ​ភាគ​កណ្តាល​រដ្ឋធានី​ស៊ី​រី ហើយ

ការ​ប៉ះទង្គិច​គ្នា​យ៉ាង​សាហាវ​ផ្ទុះ​ឡើង​កាលពី​ថ្ងៃ​ទី​១៩ មីនា នៅ​ភាគ​ខាងកើត​ក្រុង​ដា​ម៉ាស់ ក្រោយ​ការ​វាយប្រហារ​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​របស់​ពួក​ជី​ហា​ដ និង​ពួក​ឧទ្ទាម​ដែល​ប៉ុនប៉ង​រុល​ឆ្ពោះទៅ​ភាគ​កណ្តាល​រដ្ឋធានី​ស៊ី​រី ហើយ​ប្រឈម​មុខ​នឹង​ការ​វាយបក​វិញ​របស់​កងទ័ព​រដ្ឋាភិបាល ។

យោង​តាម​អង្គការសិទ្ធិមនុស្ស​ស៊ី​រី OSDH ថា ពួក​ឧទ្ទាម​ដឹកនាំ​ដោយ​ពួក​ជី​ហា​ដ​ក្រុម FRONT FATEH AL-CHAM អតីត​សាខា​អាល់​កៃ​ដា​នៅ​ស៊ី​រី បាន​ធ្វើការ​វាយប្រហារ​ប្រឆាំង​កងទ័ព​ស៊ី​រី​ចេញពី​ទីតាំង​ឧទ្ទាម​ដែល​នៅ​ក្បែរ​កណ្តាល​ក្រុង​ជាងគេ​ក្នុង​សង្កាត់ JOBAR ។

យោង​តាម OSDH ថា នេះ​ជា​ការ​វាយលុក​ផ្លេកបន្ទោរ​មួយ​សំដៅ​បើក​រណសិរ្ស​ថ្មី​មួយ ហើយ​ធ្វើ​ឱ្យ​ធូរស្រាល ដល់​ពួក​បះបោរ ដែល​បច្ចុប្បន្ន​កំពុង​រង​ការ​វាយប្រហារ​របស់​កងទ័ព​ស៊ី​រី​ក្នុង​សង្កាត់​៣ នា​ភាគ​ខាងជើង​រដ្ឋធានី ។

ការ​ប្រយុទ្ធ​គ្នា​ទាំងនេះ​មាន​សភាព​ខ្លាំងក្លា ខណៈ​ការ​ចរចា​វគ្គ​ថ្មី​អន្តរ​ស៊ី​រី គ្រោង​ធ្វើ​ចាប់ពី​ថ្ងៃ​ទី​២២ មីនា ទៅ​នៅ​ទីក្រុង​ហ្សឺ​ណែវ​ក្រោម​ការ​ជួយ​ឧបត្ថម្ភ​របស់ អ​.​ស​.​ប ដោយ​មាន​វត្តមាន​តំណាង​របប​លោក​បា​ចា អាល់​អាសា​ដ និង​ពួក​ប្រឆាំង ។

រាល់​ការ​ខិតខំ​ប្រឹងប្រែង​ខាង​ការទូត​នានា​ទាំង​របស់ អ​.​ស​.​ប ផង ត្រូវ​បរាជ័យ​ក្នុង​ការ​ស្វែងរក​ដំណោះស្រាយ​មួយ​នៃ​ជម្លោះ ដែល​ហែកហួរ​ស៊ី​រី​ចាប់តាំងពី​៦​ឆ្នាំ​មក​ហើយ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​ជាង​៣២០.០០០​នាក់ ហើយ​មនុស្ស​ច្រើន​លាន​នាក់​រត់​ភៀសខ្លួន​នាំ​ឱ្យ​មាន​វិបត្តិ​មនុស្សធម៌​ធ្ងន់ធ្ងរ ។

បទ​ឈប់​បាញ់​គ្នា​មួយ​ត្រូវ​បាន​ចរចា​កាលពី​ខែធ្នូ ជាមួយ​ជំនួយ​របស់​រុ​ស្ស៊ី សម្ព័ន្ធមិត្ត​ក្រុង​ដា​ម៉ាស់ និង​តួ​ក​គី ដែល​ជួយ​ទ្រទ្រង់​ដល់​ពួក​ឧទ្ទាម ក៏​ប៉ុន្តែ​ការ​ប្រយុទ្ធ​គ្នា​ពុំ​បាន​បញ្ឈប់​ឡើយ​ក្នុង​ប្រទេស ។

យោង​តាម​លោក​រ៉ា​មី អាប់​ដែល​រ៉ា​ហ៍ ម៉ា​ន់ នាយក​របស់ OSDH ថា ពួក​ឧទ្ទាម និង​ពួក​ជី​ហា​ដ​បាន​ធ្វើការ​វាយប្រហារ​កាលពី​ថ្ងៃ​ទី​១៩ មីនា ក្នុង​សង្កាត់ JOBAR ដោយ​បញ្ជូន​រថយន្ត​ផ្ទុក​គ្រឿងផ្ទុះ​២​គ្រឿង ព្រមទាំង​ជន​អត្តឃាត​ជា​ច្រើន​នាក់ វាយប្រហារ​បណ្តា​ទីតាំង​របប​ស៊ី​រី ហើយ​ដណ្តើម​កាន់កាប់​អគារ​នានា​នៅ​ម្តុំ​ទីលាន​អាប់​បាស់ ។ ក៏​ប៉ុន្តែ​ក្រោយ​ការ​រុលទៅមុខ​សំខាន់​មួយ​របស់​ពួក​យុទ្ធ​ជន​ប្រឆាំង​កងទ័ព​ស៊ី​រី ក៏​ចាប់ផ្តើម​ការ​វាយបក​មួយ​វិញ​ភ្លាម​ដែរ ។ ពួក​ឧទ្ទាម​ចង់​ភ្ជាប់​ដែនដី​ក្រោម​ការ​ត្រួតត្រា​របស់​ពួក​គេ​ពី​សង្កាត់ JOBAR ទៅ​សង្កាត់ QABOUN ដើម្បី​បំបែក​ការ​ឡោម​ព័ទ្ធ​របស់​រដ្ឋាភិបាល ។

នាយក OSDH និយាយ​ថា កងទ័ព​តបត​វិញ​ចំពោះ​ការ​វាយលុក​របស់​ពួក​ឧទ្ទាម​តាម​រយៈ​ការ​វាយប្រហារ​តាម​អាកាស​ជាង​៣០​លើក ។

ទូរទស្សន៍​រដ្ឋ​រាយការណ៍​ថា កងទ័ព​បាន​កម្ទេច​ការ​វាយប្រហារ​មួយ​របស់​ពួក​ភេរវ​ករ​។ ទូរទស្សន៍​ផ្សាយ​រូបភាព​នានា​នៃ​ទីលាន​អាប់​បាស់ ដែល​តាម​ធម្មតា​នៅ​ទីនោះ​មាន​មនុស្ស​កុះករ តែ​ពេល​នេះ​ស្ងាត់​ទាំងស្រុង ដោយ​គេ​ឮ​តែ​ស្នូរ​គ្រាប់​ផ្ទុះ ។

សង្កាត់ JOBAR មួយ​ផ្នែក​កាន់កាប់​ដោយ​ពួក​ឧទ្ទាម និង​សម្ព័ន្ធមិត្ត ហើយ​មួយ​ផ្នែក​ទៀត​ដោយ​កងទ័ព​រដ្ឋាភិបាល ។ នេះ​ជា​ខ្សែ​រណសិរ្ស​សំខាន់ ព្រោះ​ទីនោះ​ស្ថិត​នៅ​កៀក​ភាគ​កណ្តាល​ក្រុង​ដា​ម៉ាស់ ៕