ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​បូជាសព ឥស្សរជន​ជាន់ខ្ពស់​អញ្ជើញ​ជូន​ដំណើរ​វិញ្ញាណក្ខន្ធ​សម្តេច​វិបុល​បញ្ញា សុខ អាន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទីបំផុត​នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១៩ មីនា សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា​ជាតិ

រាជធានី​ភ្នំពេញ ៖ ទីបំផុត​នៅ​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១៩ មីនា សម្ដេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា​ជាតិ បាន​ប្រទាន​ភ្លើង​បូជាសព​សម្ដេច​វិបុល​បញ្ញា សុខ អាន តាម​បវេណី​ប្រកបដោយ​មហា​កិត្ដិយស​ដ៏​ខ្ពង់ខ្ពស់​នៅ​ទីលាន​ឈាបនដ្ឋាន មុខ​វត្ដ​បទុម​វ​តី បន្ទាប់​ពីសព​ត្រូវ​បាន​រំកិល​ចេញពី​ភូមិ​គ្រឹះ ក្នុង​សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។   

នៅ​ក្នុង​ពិធី​បូជាសព​នា​ថ្ងៃអាទិត្យ គេ​បាន​សង្កេត​ឃើញ​មានការ​ចូលរួម​ពី​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន សម្ដេច​កិត្ដិ​ព្រឹទ្ធ​បណ្ឌិត​ជា​ភរិយា សម្ដេច​វិបុល​សេនា​ភក្ដី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា សម្ដេច​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា ព្រមទាំង​វត្ដមាន​សមាជិក​ព្រឹទ្ធសភា សមាជិក​រដ្ឋសភា សមាជិក​រាជរដ្ឋាភិបាល កងកម្លាំងប្រដាប់អាវុធ​ទាំង​៣​ប្រភេទ មន្ត្រីរាជការ​គ្រប់​ជាន់ថ្នាក់​ច្រើន​ពាន់​នាក់ ។

ក្នុង​ពិធី​នេះ​ដែរ ក៏​មានការ​កត់សម្គាល់​ពី​ភ្ញៀវ​ដែល​បាន​ចូលរួម​មាន លោក​អនុ​ប្រធានាធិបតី​ឥណ្ឌូ​ណេ​ស៊ី និង​ភរិយា លោក​ឧបនាយករដ្ឋមន្ដ្រី​ថៃ ។ នៅ​ក្នុង​ពិធី​បូជាសព​សម្ដេច​វិបុល​បញ្ញា សុខ អាន នេះ សម្ដេច​វិបុល​សេនា​ភក្ដី សាយ ឈុំ បាន​អាន​វិយោគកថា និង​ជីវប្រវត្តិ ។

ចូលរួម​ក្នុង​ឱកាស​នេះ​ដែរ ក្រុម​អ្នកតំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ​លោក ប៉ុ​ល ហំ​ម និង​លោកស្រី មួរ សុខ​ហ៊ួ​រ ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចូលរួម​គោរព​វិ​ញ្ញា​ក្ខ​ន្ធ​សព​នៅ​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១៩ មីនា និង​បាន​ចូលរួម​ដង្ហែ​សព​ផង​ដែរ ។

លោក ប៉ុ​ល ហំ​ម អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​បញ្ជាក់​ថា ទោះបីជា​គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា មាន​ទស្សនៈ​នយោបាយ​ខុស​គ្នា​ក្តី ប៉ុន្តែ​ការ​គោរព​សព​ជា​លើក​ចុង​ក្រោយ គឺជា​ការ​បង្ហាញ​នូវ​គុណធម៌​ក្នុង​នាម​ជា​ខ្មែរ​ដូច​គ្នា ។ ទោះជា​យ៉ាងនេះ​ក្តី លោក កឹ​ម សុខា ដែល​ជា​ប្រធាន​គណបក្ស មិន​បាន​ចូលរួម​នោះ​ទេ ដោយសារ​តែ​លោក​កំពុង​ស្ថិត​នៅ​ក្រៅប្រទេស ។

ជុំវិញ​ការ​ចំណាយ​សម្រាប់​ពិធី​បុណ្យសព ដែល​រាជរដ្ឋាភិបាល គ្រោង​ចំណាយ​៣០០០ លាន​រៀល ប្រហែល​៧៥​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក កាលពី​ល្ងាច​ថ្ងៃ​ទី​១៨ មីនា សម្ដេច​វិបុល​សេនា​ភក្ដី សាយ ឈុំ អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​សរសេរ​លិខិត​ទៅ​សម្ដេច​តេ​ជោ ហ៊ុន សែន ដោយ​ស្នើ​សុំ​បង្វែរ​លុយ​រៀបចំ​បុណ្យសព​សម្ដេច​វិបុល​បញ្ញា សុខ អាន ចូល​ទៅ​ក្នុង​ថវិការដ្ឋ​វិញ ហើយ​ការ​ចំណាយ​ទាំងនេះ ជំនួស​វិញ ដោយ​ថវិកា​របស់​គណបក្ស​ប្រជាជន​កម្ពុជា ។

នាយក​រដ្ឋមន្ដ្រី​ឡាវ និង​លោក​ជំទាវ ចូលរួម​ពិធី​បុណ្យសព

ជាមួយនឹង​ប្រតិភូ​នានា​ដែល​អញ្ជើញ​ជា​បន្តបន្ទាប់​មក​គោរព​វិញ្ញាណក្ខន្ធ​សព​សម្តេច​វិបុល​បញ្ញា សុខ អាន នៅ​រសៀល​ថ្ងៃ​ទី​១៨ ខែមីនា​ឆ្នាំ​២០១៧ លោកនាយក​រដ្ឋមន្ត្រី​សាធារណរដ្ឋ​ប្រជាធិបតី​ប្រជាមានិត​ឡាវ លោក ថង​លូន​ស៊ី​សូលី​ត និង​លោក​ជំទាវ អមដំណើរ​ដោយ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អញ្ជើញ​នាំ​យក​កំរងផ្កា​មក​គោរព​វិញ្ញាណក្ខន្ធ​សព​សម្តេច​វិបុល​បញ្ញា សុខ អាន ដោយ​ក្តី​ក្តុកក្តួល​ស្តាយស្រណោះ ក្នុង​ឋានៈ​ជា​មិត្ត​ភ​កិ្ត​នៃ​ប្រទេស​ភូមិ​ផង​របង​ជាមួយ ធ្លាប់​ធ្វើការ​ជាមួយ​នៅ​ភូមិ​គ្រឹះ​លេខ​៧០ ផ្លូវ​សម្តេច​ប៉ាន សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ។

ក្នុង​ពេល​នាំ​កម្រងផ្កា​មក​គោរព​វិញ្ញាណក្ខន្ធ លោកនាយក​រដ្ឋមន្ត្រី​ឡាវ និង​លោក​ជំទាវ មាន​សេចក្តី​ក្តុកក្តួល​ស្តាយស្រណោះ និង​ចូលរួម​រំលែក​មរណទុក្ខ​យ៉ាង​ក្រៀមក្រម​ជាមួយ​លោក​ជំទាវ អា​ន្នី សុខ អាន និង​ក្រុម​គ្រួសារ​បុត្រាបុត្រី ក៏​ដូច​ជា​ថ្នាក់ដឹកនាំ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​បាត់បង់​នូវ​កុលបុត្រ​ដ៏​ឆ្នើម​នៃ​ប្រជាជាតិ​និង​ប្រជារាស្ត្រ​កម្ពុជា ដែល​បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​បុព្វហេតុ​ជាតិ សាសនា ព្រះមហាក្សត្រ រហូត​ដល់​ប្រទេស​ជាតិ​ទទួល​បាន​នូវ​ស្ថិរភាព សន្តិភាព ឯកភាព​ជាតិ ការ​អភិវឌ្ឍ​ជាតិ​លើ​គ្រប់​វិស័យ ការពារ​លទ្ធិប្រជាធិបតេយ្យ និង​មាន​សហប្រតិបត្តិការ​ល្អ រក្សា​នូវ​ឯកភាព​ជាតិ និង​បូរណភាព​ទឹកដី​សម្តេច​វិបុល​បញ្ញា​ជា​អ្នក​ស្នេហា​ជាតិ​ដ៏​ល្អ ។

ជាមួយនឹង​ការ​សម្ដែង​នូវ​ការ​សោកស្តាយ និង​ចូលរួម​មរណទុក្ខ​ដ៏​ក្រៀមក្រម​នេះ លោកនាយក​រដ្ឋមន្ត្រី​ឡាវ បាន​រំលឹក​ជូន​សម្តេច​តេ​ជោ ក៏​ដូច​ជា​ក្រុម​គ្រួសារ​នៃ​សព​សម្តេច​វិបុល​បញ្ញា សុខ អាន ពី​ទំនាក់ទំនង​ដ៏​ល្អ​ដែល​លោក​ធ្លាប់​ធ្វើការ​ដោយ​ភាព​ស្និទ្ធស្នាល រាក់ទាក់​ក្នុង​ឋានៈ​ជា​មិត្តភក្តិ​ផង និង​ជា​ប្រទេស​ភូមិ​ផង​របង​ជាមួយ ដែល​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​មាន​កិច្ច​សហប្រតិបត្តិការ​ល្អ ជាមួយ​គ្នា​ជា​យូរលង់​ណាស់​មក​ហើយ ។

សម្តេច​វិបុល​បញ្ញា សុខ អាន តាម​រយៈ​គុណសម្បត្តិ​ដ៏​ច្រើន​និង​គោរមងារ ដែល​ព្រះមហាក្សត្រ​បាន​ប្រទាន​សម្តេច​វិបុល​បញ្ញា ពិតជា​សក្តិ​សម​បំផុត ព្រោះ​សម្តេច​បាន​នាំ​មក​នូវ​ស្នាដៃ​ធំ​ៗ​ជា​ច្រើន​ជូន​ជាតិ​មាតុភូមិ ។ ទេព​កោសល្យ​ដ៏​ប៉ិ​នប្រសប់​ផ្នែក​ការទូត បាន​នាំ​ឲ្យ​កម្ពុជា​មានឈ្មោះ​ល្បី​រន្ទឺ​លើ​ឆាក​អន្តរជាតិ ដូច​ជា​ការ​ដាក់​បញ្ចូល​ប្រាសាទព្រះវិហារ និង​ប្រាសាទអង្គរវត្ត​ជាសម្បត្តិ​បេតិកភណ្ឌ​ពិភពលោក និង​ការងារ​លេចធ្លោ​ជា​ច្រើន​ទៀត ដូច​ជា​ការ​ដណ្តើម​បាន​ជោគជ័យ​លើ​រឿង​ក្តី​ប្រាសាទព្រះវិហារ ទប់ទល់​ជាមួយ​ប្រទេស​ជិតខាង ដែល​រំលោភ​ទន្ទ្រាន​លើ​អធិបតី​កម្ពុជា​ជាដើម ។ សំខាន់​ជាង​នេះ​ទៅ​ទៀត​នោះ សម្តេច​វិបុល​បញ្ញា សុខ អាន ក្នុង​មួយ​ជីវិត​បាន​ឲ្យ​តម្លៃ​ខ្ពស់​បំផុត​លើ​ការងារ​វប្បធម៌ និង​លើក​កិត្យានុភាព​ខ្មែរ​រហូត​ដល់​ជីវិត​ចុង​ក្រោយ ។

តំណាងរាស្ត្រ​មួយ​រូប និង​មន្ត្រីជាន់ខ្ពស់​គណបក្សប្រឆាំង​សុំ​ទោស​វិញ្ញាណក្ខន្ធ សម្តេច​វិបុល​បញ្ញា

ទីបំផុត តំណាងរាស្ត្រ និង​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​និយាយ​រិះគន់​ពី​មរណភាព សម្តេច​វិបុល​បញ្ញា សុខ អាន គឺ​លោក លិ​ម គិ​ម​យ៉ា និង​លោក ហ៊ីង យឿ​ន បាន​ចេញ​មុខ​សុំ​ទោស​ដល់​វិញ្ញាណក្ខន្ធ​សម្តេច សុខ អាន ។

តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ លោក លិ​ម គិ​ម​យ៉ា និង​មន្ត្រីជាន់ខ្ពស់​បក្ស​ប្រឆាំង​លោក ហ៊ីង យឿ​ន បាន​ចេញ​មក​សុំ​ទោស​ដល់​វិញ្ញាណក្ខន្ធ​សព​សម្តេច​វិបុល​បញ្ញា សុខ អាន ដោយ​យក​លិខិត​មក​ដល់​ភូមិ​គ្រឹះ​តែ​ម្តង កាលពី​យប់​ថ្ងៃ​ទី​១៨ មីនា ហើយ​ក្មួយ​ប្រុស​សម្តេច​វិបុល​បញ្ញា សុខ អាន ឈ្មោះ សុខ ខា​វ៉ា​ន់  ជា​អ្នក​ទទួល​នូវ​លិខិត​សុំ​ទោស​ជា​សាធារណៈ​នេះ ។

យោង​តាម​លិខិត​សុំ​ទោស​របស់​មន្ត្រីជាន់ខ្ពស់​ទាំង​ពីរ​រូប​ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​១៨ មីនា មាន​ខ្លឹមសារ​រួម «​ខ្ញុំ​មានការ​សោកស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​ការ​សន្ទនា​របស់ខ្ញុំ​តាម​ទូរស័ព្ទ ដែល​ត្រូវ​គេ​លួច​ថត​យក​មក​ផ្សា​ព្វ​ផ្សាយ​ជា​សាធារណៈ ធ្វើ​ឲ្យ​ប៉ះ​ពាក់​ដល់​កេរ្តិឈ្មោះ និង​កិត្តិយស​នៃ​សព ហើយនឹង​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​របស់​លោក​ជំទាវ​មានការ​ឈឺចាប់ ។

លិខិតបញ្ជាក់ «​ខ្ញុំ​សុំ​លោក​ជំទាវ និង​ក្រុម​គ្រួសារ មេត្តា​អធ្យាស្រ័យ​ចំពោះ​កំហុសឆ្គង​នៃ​ការ​សន្ទនា​របស់ខ្ញុំ ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​សេចក្តី​ថ្លៃថ្នូរ​នៃ​សព​សម្តេច​វិបុល​បញ្ញា សុខ អាន ។ ឆ្លៀតឱកាស​នេះ ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​លោក​ជំទាវ ចំពោះ​មរណភាព​របស់​សម្តេច​វិបុល​បញ្ញា សុខ អាន និង​សូម​បួងសួង​ឲ្យ​វិញ្ញាណក្ខន្ធ​របស់​សម្តេច​ទៅ​កាន់​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​» ។

ការ​សុំ​ទោស​របស់​អ្នកតំណាង​រាស្ត្រ និង​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​នេះ ក្រោយ​ពី​ផេ​ក​ឈ្មោះ សីហា បាន​ធ្វើការ​ផ្សព្វផ្សាយ​និយាយ​រិះគន់​ការ​ទទួលមរណៈភាព​សម្តេច​វិបុល បញ្ញា សុខ អាន ។

ជាង​នេះ​ទៅ​ទៀត ការ​ចេញ​លិខិត​សុំ​ទោស​នេះ​បាន​កើត​មាន​ឡើង បន្ទាប់​ពី​មាន​ចរន្ត​នៃ​ការ​តវ៉ា​ប្រឆាំង​ទៅ​លោក លឹ​ម គិ​ម​យ៉ា និង​លោក ហ៊ីង យឿ​ន ពី​សំណាក់​ក្រុម​និស្សិត បញ្ញវន្ត​ជា​ច្រើន​ដែល​ជា​អតីត​និស្សិត និង​និស្សិត​ធ្លាប់​បាន​ទទួល​អាហារ​រូបករណ៍​សម្ដេច​ឧបនាយក​រដ្ឋ​មន្តី សុខ អាន បាន​ចេញ​សេចក្តីថ្លែងការណ៍ និង​ញត្តិ​ថ្កោលទោស​ចំពោះ​អ្នក​ទាំង​ពីរ ដែល​បាន​ប្រមាថ​ចំពោះ​សម្ដេច​ឧបនាយករដ្ឋមន្ត្រី សុខ អាន ដែល​ជា​អ្នក​មានគុណ​របស់​ពួក​គេ ជាមួយនឹង​ការ​ព្រមាន​ដឹកនាំ​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​ទៀត​ផង ។

ការ​ធ្វើ​ខុស និង​ហ៊ាន​សុំ​ទោស​ជា​សាធារណៈ គឺជា​គំរូ​ល្អ​មួយ ដែល​ថ្នាក់ដឹកនាំ​បក្ស​សង្គ្រោះ​ជាតិ និង​មន្ត្រី​ខិលខូច​មួយ​ចំនួន​ក្នុង​បក្ស​សង្គ្រោះ​ជាតិ គួរ​រៀនសូត្រ​តាម ។
គួរ​បញ្ជាក់​ថា ផេ​ក​សីហា បាន​បញ្ចេញ​នូវ​សំឡេង​ឆ្លើយឆ្លង​គ្នា​រវាង​លោក លឹ​ម គី​ម​យ៉ា តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ ជាមួយ​លោក ហ៊ី យឿ​ន អគ្គលេខាធិការ​រង​ព្រឹទ្ធសភា ជូន​បងប្អូន​ជនរួមជាតិ​បានដឹង ។

ផេ​ក​សីហា បញ្ជាក់​ថា «​ក្នុង​នាម​ជា​ខ្មែរ​ដែល​គោរព​ព្រះពុទ្ធ​សាសនា គឺ​ក្នុង​ពេល​មាន​ពិធីបុណ្យ​កាន់ទុក្ខ​ដ៏​ក្រៀមក្រំ​របស់​ក្រុម​គ្រួសារ​អ្នក​ណា​ម្នាក់ មិន​ថា​អ្នក​ដែល​ទទួលមរណៈភាព​នោះ​ជា​អ្នកនយោបាយ ឬ​បុគ្គល​សាមញ្ញ​ទេ ផេ​ក សីហា យើងខ្ញុំ​គិត​ថា មិន​គួរ​លោក លឹ​ម គី​ម​យ៉ា ប្រើប្រាស់​ពាក្យ​សម្តី​ដ៏​សែន​ថោកទាប អ​សីលធម៌ និង​អសុរោះ​យ៉ាង​ដូច្នេះ​ទេ ។

នាំ​យក​ធាតុ​ទៅ​បាច​ក្នុង​ទន្លេចតុមុខ

ធាតុ​សម្តេច​វិបុល​បញ្ញា សុខ អាន ត្រូវ​បាន​ក្រុម​គ្រួសារ​នាំ​យក​ទៅ​បាច​ក្នុង​ទន្លេ​មុខ​ព្រះ​បរមរាជវាំង​នៅ​វេលា​រសៀល​ថ្ងៃ​ដដែល ដើម្បី​នាំ​មក​នូវ​ភាព​ត្រជាក់ត្រជំ ៕