ខេត្តសៀមរាប ៖ តារាសាស្ត្រ គឺជាវិជ្ជាមួយដែលគេប្រើសម្រាប់សិក្សាអំពីផ្កាយនៅក្នុងចក្រវាល មើលពីពេលវេលា ដំណើរគោចររបស់ផ្កាយ ដោយទាក់ទងនឹងទិស រដូវ ពេលនិងម៉ោង។ វិស័យនេះត្រូវមនុស្សយកមកប្រើប្រាស់ និងឈ្វេងយល់ជាយូរមកហើយ ជាពិសេសអ្នកដំណើរនៅតាមសមុទ្រ និងវាលខ្សាច់ ដែលពឹងលើវិជ្ជាមួយនេះជាចាំបាច់សម្រាប់រកទិសតំបន់។លើសពីនេះទៅទៀត មនុស្សគ្រប់ជាតិសាសន៍មានជំនឿថា ដំណើររបស់ផ្កាយនៅក្នុងចក្រវាលមានឥទ្ធិពលលើមនុស្ស។ នាសម័យបុរាណជំនឿនេះមានទំហំធំធេងណាស់ ដូចមានសំណង់សាសនា បានសាងមកជាភស្តុតាងស្រាប់។
តើមានឥទ្ធិពល សំខាន់ៗអ្វីខ្លះនៃដំណើរផ្កាយមកលើសំណង់សាសនារបស់ខ្មែរនាសម័យបុរាណ?
តើសំណង់ប្រាសាទអង្គរវត្តមានទាក់ទងនឹងវិស័យតារាសាស្ត្រនេះដែរឬទេ?
តាមពិតទៅ វិស័យតារាសាស្ត្រ មានឥទ្ធិពលលើជីវភាពរស់នៅរបស់មនុស្សតាំងពីបុរាណរហូតមកដល់បច្ចុប្បន្ន។ គេតែងរកហោដើម្បីស្វែងរកជោគរាសីល្អ សម្រាប់រៀបចំកិច្ចពិធីអ្វីមួយ ឬសម្រាប់សាងសំណង់អ្វីមួយដែរ។ មនុស្សតែងជឿថា គ្រប់ដំណើរជីវិតរបស់ខ្លួន តាំងពីកើតរហូតដល់ស្លាប់ គឺមានការប្រាស្រ័យទាក់ទងនឹងដំណើរវិវឌ្ឍរបស់ផ្កាយជានិច្ច។
លោកអឹុិម សុខរិទ្ធី អ្នកស្រាវជ្រាវ និងជាអនុប្រធាននាយកដ្ឋានអន្តរជាតិស្រាវជ្រាវ និងតម្កល់ឯកសារអង្គរបានឲ្យដឹងថា ដោយសារឥទ្ធិពលនៃដំណើរផ្កាយនេះហើយ ទើបរាល់កិច្ចពិធី ឬធ្វើសំណង់ ផ្សេងៗ មនុស្សតែងរកជោគល្អ ឬពេលល្អដើម្បីរៀបចំធ្វើទ្បើង តួយ៉ាងដូចជាប្រាសាទអង្គរវត្តជាដើម។ មនុស្សតែងរកអ្នកចេះជ្រៅជ្រះផ្នែកតារាសាស្ត្រឲ្យមើលពីដំណើររបស់ផ្កាយ នាំមកនូវជោគល្អ ផលល្អទៅថ្ងៃអនាគត មុននឹងរៀបចំកិច្ចពិធី ឫសង់សំណង់អ្វីមួយ។មានភស្តុតាងជាច្រើន ដែលបញ្ជាក់ថា វិស័យតារាសាស្ត្រនេះត្រូវបានយកមកប្រើប្រាស់នាសម័យបុរាណ។ តាមសិលាចារឹកជាច្រើននៅតាមប្រាសាទ គេតែងសង្កេតឃើញមានបង្ហាញពី«នក្សត្រឫក្ស» ដែលហោមានចំណេះខាងតារាសាស្ត្រ គន់គូររក ដើម្បីឲ្យដឹងថាគ្រោះកាចឬគ្រោះជាមុននឹងគេចាប់ផ្តើមធ្វើសំណង់ នីមួយៗ។
កន្លងមកនេះមានអ្នកស្រាវជ្រាវបរទេស ជនជាតិជប៉ុន បារាំង អាមេរិក និងឥណ្ឌា បានសិក្សាអំពីតួនាទីរបស់តារាសាស្ត្រមកលើសំណង់ប្រាសាទខ្មែរ។ លទ្ធផលនៃការសិក្សាទាំងនោះបានយល់ស្របគ្នាថា សំណង់អង្គរវត្តពិតជាមានការពាក់ព័ន្ធនឹងក្បួនខ្នាតតារាសាស្ត្រ ពេលវេលាចក្រវាល តាមក្បួនប្រតិទិនរបស់សាសនាព្រាហ្មហ៍។ គេយល់ថា ចក្រវាលយើង បែងចែកជាយុគចំនួន៤ ធំៗ។ សំណង់អង្គរវត្តបានសាងទ្បើងទាក់ទងនឹងដំណើរវិវឌ្ឍរបស់ចក្រវាលយ៉ាងប្រាកដប្រជា។
តើសំណង់អង្គរវត្តមានការទាក់ទងអ្វីទៅនឹងបាតុភូតថ្ងៃរះចំកំពូលប្រាង្គកណ្តាលនៃប្រាសាទអង្គរវត្ត? ត្រង់ចំណុចនេះ លោក អឹុិម សុខរិទ្ធី ពន្យល់ថា មិនមែនមានតែអង្គរវត្តមួយទេ ដែលទាក់ទងនឹងដំណើរថ្ងៃរះនោះ គឺមានសំណង់សាសនានៃវប្បធម៌បុរាណដទៃទៀតដែរ។ ចំពោះសំណង់អង្គរវត្ត គេអាចសង្កេតឃើញថា វាមានព្រឹត្តិការណ៍ចំនួន៤បានកើតឡើងជានិច្ច ។ ព្រឹត្តិការណ៍ទាំង៤នោះ រួមមាន ពេលវេលាថ្ងៃនិងយប់មានរយៈពេលស្មើគ្នា ឬហៅថាសមរាត្រី គឺកើតឡើង២ដងក្នុងមួយឆ្នាំ លើកទី១នារដូវវស្សា កើតចំថ្ងៃទី២១ ខែកញ្ញា និងលើកទី២នារដូវប្រាំង កើតចំថ្ងៃទី២១ មីនា។ សម្រាប់ព្រឹត្តិការណ៍២ទៀត គឺពេលថ្ងៃមានរយៈពេលខ្លីជាងយប់ កើតឡើងចំថ្ងៃទី២១ ធ្នូ និងថ្ងៃវែងជាងយប់ កើតចំថ្ងៃទី២១ មិថុនា។
សម្រាប់សមរាត្រី នៅថ្ងៃមីនានេះ គឺចំថ្ងៃទី២១ ត្រូវនឹងម៉ោង ៦និង៩នាទី ថ្ងៃរះទ្បើងចំប្រាង្គកណ្តាលប្រាសាទអង្គរវត្ត។ តែយ៉ាងណា លោក អឹុម សុខរិទ្ធី បញ្ជាក់ថា នាឆ្នាំនេះវានឹងមិនរះចំ១០០ភាគរយពេកនោះទេ។
តើមានអ្វីជាសម្គាល់លើសំណង់អង្គរវត្ត ទាក់ទងនឹងព្រឹត្តិការណ៍ទាំង៤នោះ?
ស្ថាបត្យករដែលសាងសង់អង្គរវត្ត បានប្រើខ្នាតគំរួមួយដែលជាហត្ថ ដោយក្នុងមួយហត្ថនៅអង្គរវត្តមានប្រវែងស្មើនឹង០,៤៣៦ម៉ែត្រ។ បើយកខ្នាតនេះទៅវាស់វែងទំហំទូទៅរបស់អង្គរវត្ត យើងពិតជាឃើញពីកាលបរិច្ឆេទនៃយុគនីមួយៗ និងឃើញប្រតិទិននៃចក្រវាលមួយ ដែលគេសង្កេតឃើញនៅក្នុងសំណង់អង្គរវត្ត។
តាមការបកស្រាយរបស់លោក អឹុម សុខរិទ្ធី ដដែល ខ្នាតគន្លឹះមួយនេះបានយកទៅប្រើនៅថែវខ្វែងឋាននាជាន់បាកាន។ ថែវលិច និងកើតមានប្រវែង១៨៩ហត្ថ។ រីឯថែវជើង និងត្បូងមានប្រវែង១៧៦ហត្ថ។
បើយើងយកចំនួនទាំង២បូកបញ្ចូលគ្នា នោះយើងនឹងបានចំនួន៣៦៥ ដែលជាចំនួនថ្ងៃសរុបប្រចាំឆ្នាំ។ ខ្នាតគន្លឹះនេះបានធ្វើឲ្យយើងដឹងដែរថា ក្នុងរវាង១៨៩ថ្ងៃ ព្រះអាទិត្យនឹងមករះលើចំកំពូលប្រាសាទកណ្តាលម្តង ហើយ១៧៦ថ្ងៃម្តងទៀត វានឹងវិលមករះចំកណ្តាលម្តងទៀត។ បើគិតតាមរដូវវិញ គឺក្នុងរដូវប្រាំង ក្នុងរវាង១៨៩ថ្ងៃ ព្រះអាទិត្យបានវិលមកចំប្រាង្គកណ្តាលអង្គរម្តង ហើយ១៧៦ថ្ងៃក្នុងរដូវវស្សា ព្រះអាទិត្យនឹងបានត្រឡប់មកចំកណ្តាលម្តង៕
ចែករំលែកព័តមាននេះ