ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ទេស​ធ្លាក់​ថ្លៃ​ដល់​កម្រិត​កសិករ​ប្រឈម​ការ​ខាតបង់ ​និង​អំពាវនាវ​រក​ទីផ្សារ

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ប្រជា​កសិករ​ដែល​ដាំ​ម្ទេស​(​ម្ទេស​អាចម៍សត្វ​) កំពុង​ប្រឈម​មុខ​នឹង​ការ​ខាតបង់​យ៉ាងធ្ងន់ធ្ងរ​នៅ​ក្នុងឆ្នាំនេះ ដោយសារ​តែ​ឈ្មួញកណ្ដាល​ទិញ​ផ្លែ​ម្ទេស​ក្នុង​តម្លៃ​យ៉ាង​ថោក​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក ហើយ

ខេត្តបាត់ដំបង ៖ ប្រជា​កសិករ​ដែល​ដាំ​ម្ទេស​(​ម្ទេស​អាចម៍សត្វ​) កំពុង​ប្រឈម​មុខ​នឹង​ការ​ខាតបង់​យ៉ាងធ្ងន់ធ្ងរ​នៅ​ក្នុងឆ្នាំនេះ ដោយសារ​តែ​ឈ្មួញកណ្ដាល​ទិញ​ផ្លែ​ម្ទេស​ក្នុង​តម្លៃ​យ៉ាង​ថោក​បំផុត​មិន​ធ្លាប់​មាន​ពី​មុន​មក ហើយ​ពួក​គាត់​យល់​ថា​ទំនង​ដោយសារ​តែ​ការ​បើកដៃ​ឱ្យ​ឈ្មួញ​នាំ​ចូល​កសិផល​ពី​ប្រទេស​ជិតខាង​ច្រើន​លើសលប់​ពេក ។

ប្រជា​កសិករ​បាន​អំពាវនាវ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​នានា និង​រាជរដ្ឋាភិបាល​ឱ្យ​ជួយ​ទប់ស្កាត់ និង​ជួយ​រក​ទីផ្សារ​សម្រាប់​កសិផល​ក្នុងស្រុក​ផង ។

កសិករ​ឈ្មោះ ចឹក សត់ ភេទ​ស្រី អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​កំពង់​ឆ្លង ឃុំ​វត្ត​តា​មឹ​ម ស្រុក​សង្កែ និយាយ​ថា ផល​ម្ទេស​ឆ្នាំ​នេះ​ធ្លាក់​ថ្លៃ​ដល់​កម្រិត​ទាប​បំផុត​ស្មើនឹង​ជាង​១០​ដង​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន​ៗ ។ ឆ្នាំ​នេះ​តម្លៃផ្លែ​ម្ទេស​១​គីឡូក្រាម​តែ​២.៥០០​រៀល​ប៉ុណ្ណោះ ខណៈ​ឆ្នាំ​មុន​ៗ១​គីឡូក្រាម​ថ្លៃ​ចាប់ពី​១០.០០០​ម៉ឺន​រៀល ដល់​២៧.០០០​រៀល​ឯណោះ រីឯ​ថ្លៃ​ឈ្នូ​ល​បេះ ថ្លៃ​ជី ថ្លៃ​ភ្ជួរ​ដី ថ្លៃ​ពូជ និង​ថ្លៃ​ទឹក​ស្រោចស្រព​គឺ​តម្លៃ​ថេរ​ដដែល ។

ស្ថិត​ក្នុង​ចម្ការ​ម្ទេស អ្នកស្រី ចឹក សត់ បេះ​ម្ទេស​បណ្ដើរ​និយាយ​រអ៊ូរទាំ​បណ្ដើរ​ថា មិនមែន​មាន​តែ​អ្នកស្រី​ទេ​ដែល​ប្រឈម​នឹង​ការ​ខាតបង់ គឺ​ប្រជា​កសិករ​រាប់រយ​គ្រួសារ​នៅ​កន្លែង​ដទៃ​ៗ​ទៀត​ដែល​ដាំ​ម្ទេស សុទ្ធតែ​ប្រឈម​នឹង​ការ​ខាត​ឡុងចុង​ដូច​គ្នា​ក្នុងឆ្នាំនេះ រហូត​កសិករ​ខ្លះ​ជំពាក់​បំណុល​គេ​វ័ណ្ឌក​ទៀត​ផង ។

ម្ចាស់​ចម្ការ​មួយ​រូប​ទៀត​គឺ​លោក ភឿ​ក រ​ដ្ឋា អាយុ​៣៧​ឆ្នាំ រស់នៅ​តំបន់​នោះ​ដែរ បាន​ត្អូញត្អែរ​អំពី​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ម្ទេស​ថា​«​ឆ្នាំ​នេះ​ខ្ញុំ​រកតែ​ថ្លៃដើម​ស្ទើរ​មិន​រួចខ្លួន​ផង​» ។ គាត់​និយាយ​ថា ដី​ដំណាំ​ម្ទេស​របស់​គាត់​ដែល​អាស្រ័យ​ផល​រាល់​ឆ្នាំ​មាន​ចំនួន​មួយ​ហិ​កតា ។ ជា​រៀង​រាល់​ឆ្នាំ ក្នុង​១​រដូវ​គាត់​ត្រូវ​ចំណាយ​ទុន​លើ​ការ​ភ្ជួរ​ដី ថ្លៃ​ជី ថ្លៃ​ទឹក​ស្រោចស្រព និង​ថ្លៃ​បេះ​ពេល​ប្រមូល​ផល​សរុប​២.០០០​ដុល្លារ​សម្រាប់​ផ្ទៃដី​១​ហិ​កតា​នេះ ។

លោក ភឿ​ក រ​ដ្ឋា និយាយ​ទៀត​ថា កាល​ពី​ឆ្នាំទៅ​មិ​ញ​ផ្លែ​ម្ទេស​បាន​ថ្ងៃ​ខ្ពស់​គឺ ចាប់ពី​១០.០០០​រៀល រហូត​ដល់​២៧.០០០​រៀល​ក្នុង​១​គីឡូក្រាម ។ គាត់​ប្រមូល​ផល​បាន​ជិត​១​តោន​ក្នុង​១​ហិ​កតា ហើយ​ជា​មធ្យម​លក់​បាន​ពី​៧​ទៅ​៨​ពាន់​ដុល្លារ បើ​ទូទាត់​នឹង​ការ​ចំណាយ គឺ​អាច​ចំណេញ​ជាង​ពាក់កណ្ដាល​នៃ​ការ​ចំណាយ តែ​សម្រាប់​ឆ្នាំ​នេះ​ប្រហែល​មិន​រួច​ថ្លៃ​ចំណាយ​ទេ ។

​លោក ភឿ​ក រ​ដ្ឋា បាន​ប្រាប់​ថា ពេល​នេះ​ម្ទេស​១​គីឡូក្រាម​ថ្លៃ​តែ​២.៥០០​រៀល​ប៉ុណ្ណោះ រីឯ​ថ្លៃ​ឈ្នួល​បេះ​១​គីឡូក្រាម​១.០០០​រៀល​ដដែល និង​តម្លៃ​សេវា​ដទៃ​ទៀត​ក៏​នៅ​ថេរ​ដដែល​ដែរ ។ ដូច្នេះ កសិករ​ដែល​មាន​ដំណាំ​ម្ទេស​គឺ​ច្រើន​ភូមិ​ច្រើន​គ្រួសារ​ណាស់ ដែល​កំពុង​ប្រឈម​នឹង​ការ​ខាតបង់​ក្នុងឆ្នាំនេះ ។

មិន​ថា​តែ​លោក ភឿ​ក រ​ដ្ឋា ទេ​ដែល​រអ៊ូរទាំ​អំពី​ការ​ខាតបង់​នេះ គឺ​ស្ទើរ​គ្រប់​ទីកន្លែង​សុទ្ធតែ​ប្រឈម​មុខ​នឹង​វិបត្តិ​ម្ទេស​ធ្លាក់​ថ្លៃ​នេះ​ដូច​គ្នា រហូត​កសិករ​ខ្លះ​សម្រេចចិត្ត​នាំ​ក្រុម​គ្រួសារ​ធ្វើ​ចំណាកស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​តាម​បណ្ដា​ស្រុក​នានា​ជាប់​ព្រំដែន​ថៃ ឬ​ចេញ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​តែ​ម្ដង ដើម្បី​រក​ប្រាក់​សង​ធនាគារ ។

ជាមួយនឹង​ការ​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក​នៃ​ផ្លែ​ម្ទេសនេះ កសិករ​ភាគច្រើន​បាន​ស្វែង​យល់​ថា អាច​បណ្ដាល​មក​ពី​លំហូរ​ចូល​នៃ​បន្លែ​ពី​ប្រទេស​ជិតខាង​ច្រើន​លើសលប់​ពេក ។ កសិករ​បាន​ស្ដីបន្ទោស​ស្ថាប័ន​ពាក់ព័ន្ធ​នានា និង​ថ្នាក់ដឹកនាំ​ថា ហាក់​ធ្វើ​ព្រងើយកន្តើយ​មិន​ព្យាយាម​ទប់ស្កាត់ចំពោះ​ការ​នាំ​ចូល​បន្លែ​ទាំងនោះ ទើប​ធ្វើ​ឱ្យ​បន្លែ និង​កសិផល​នានា​នៅ​ក្នុងស្រុក​គ្មាន​ទីផ្សារ ។

ប៉ុន្តែ​មន្ត្រី​កសិកម្ម​មួយ​រូប​ដែល​សុំ​មិន​ប្រាប់​ឈ្មោះ​បាន​ឆ្លើយ​តប​ដូច្នេះ​ថា តម្លៃ​កសិផល​ក្នុងស្រុក​ដែល​ធ្លាក់​ចុះ ដោយសារ​តែ​ទីផ្សារ​ដែល​យើង​ធ្លាប់​នាំ​ចេញ​កំពុង​ចង្អៀត​និង​ចាល់​ដូច​គ្នា​ដែរ ។ មន្ត្រី​រូប​នេះ​បញ្ជាក់​ថា មិនមែន​មាន​តែ​ម្ទេស​ទេ​ដែល​ធ្លាក់​ថ្លៃ គឺ​ស្ទើរតែ​គ្រប់​កសិផល​ទាំងអស់ នេះ​ក៏​ដោយសារ​តែ​ទីផ្សារ​បរទេស​កំពុង​ជួប​បញ្ហា​ដែរ អី​ុ​ចឹ​ង​ហើយ​ទើប​កសិផល​ក្នុងស្រុក​របស់​យើង​ងើប​មិន​រួច ។

ទោះជា​មានការ​បកស្រាយ​ដូច្នេះ​ក្ដី ប្រជា​កសិករ​នៅ​តែ​អំពាវនាវ​ដល់​ស្ថាប័នរដ្ឋ​នានា​និង​រាជរដ្ឋាភិបាល ឱ្យ​ប្រឹងប្រែង​ជួយ​រក​ទីផ្សារ​កសិផល​ជូន​កសិករ​ផង ។ ពួក​គាត់​បាន​លើក​ឡើង​ថា បើ​តាម​ពិនិត្យ​ជាក់ស្ដែង កសិករ​ខ្មែរ​បច្ចុប្បន្ន​អាច​ដាំ​ដំណាំ​បាន​ល្អ​ស្ទើរ​គ្រប់មុខ​ទាំងអស់​មិន​ចាញ់​ប្រទេស​ជិតខាង​ទេ តែ​ពេល​បាន​ផល​បែរជា​គ្មាន​ទីផ្សារ​ទៅ​វិញ។ ដូច្នេះ បើ​មានការ​ទប់ស្កាត់​ការ​នាំ​ចូល​កសិផល ឬ​បន្លែ​ផ្សេង​ៗ​ពី​បរទេស​បាន​ខ្លះ ប្រហែល​កសិផល​ខ្មែរ​អាច​មាន​ទីផ្សារ​គ្រាន់បើ​ជាង​សព្វ​ថ្ងៃជា​មិន​ខាន ៕