ខេត្តបន្ទាយមានជ័យ ៖ យ៉ាងហោចណាស់មានលំនៅឋានរបស់ប្រជាពលរដ្ឋចំនួន២៤ខ្នង និងអគារសិក្សា១ខ្នង ត្រូវរងការខូចខាតដោយសារខ្យល់ព្យុះ កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២២ មីនា ឆ្នាំ២០១១ នៅភូមិក្បាលក្របី ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ។
តាមរបាយការណ៍របស់នគរបាលស្រុកថ្មពួក បានឱ្យដឹងថា កាលពីវេលាម៉ោង៤និង៣០នាទីរសៀល ថ្ងៃទី២២ មីនា ឆ្នាំ២០១១ មានខ្យល់ព្យុះបក់បោកយា៉ងខ្លាំងលាយឡំជាមួយភ្លៀង និងផ្គររន្ទះផង បណ្តាលឱ្យលំនៅឋានរបស់ប្រជាពលរដ្ឋនៅភូមិក្បាលក្របី ឃុំបន្ទាយឆ្មារ ចំនួន២៤ខ្នង ក្នុងនោះផ្ទះស្បូវចំនួន១៣ខ្នង របើកដំបូលអស់ទាំងស្រុង និងផ្ទះធ្វើពីឈើប្រក់ស័ង្កសីចំនួន១១ខ្នង ខ្លះរបើកដំបូល ខ្លះទៀតរបើកដំបូល និងជញ្ជាំង និងអគារសិក្សាមួយខ្នងទ្រេតស្ទើរតែរលំ ។ ក្នុងហេតុការណ៍ខ្យល់ព្យុះនេះដែរ ក៏មានប្រជាពលរដ្ឋចំនួន២នាក់ រងរបួសស្រាល និងម្នាក់ទៀតឈ្មោះវ័ន្ត វង ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិគោកស្វាយ ឃុំថ្មពួក ស្រុកថ្មពួក ជាមេជាងទៅធ្វើផ្ទះនៅភូមិកើតហេតុខាងលើ ត្រូវរន្ទះបាញ់ ប៉ុន្តែជីវិតថ្លៃមិនស្លាប់គ្រាន់តែសន្លប់រយៈពេល៣០នាទី ក៏ដឹងខ្លួនវិញ ។
មុននេះមួយថ្ងៃ បុរសចំណាស់ម្នាក់បានត្រូវរន្ទះបាញ់ស្លាប់ចោលប្រពន្ធ និងកូន ខណៈពេលទៅដាក់លាន់នៅត្រពាំងខាងកើតភូមិក្របៅចម្ងាយប្រហែល២.៥០០ម៉ែត្រ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៦និង៤០នាទីល្ងាច ថ្ងៃទី២១ មីនា ឆ្នាំ២០១១ នៅភូមិក្របៅ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ។ បើតាមលោកអនុសេនីយ៍ឯក កែវ ប៊ុនយឿន អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឱ្យដឹងថា បុរសចំណាស់រងគ្រោះដោយរន្ទះបាញ់នេះឈ្មោះលុន ធា អាយុ៥៣ឆ្នាំ នៅភូមិក្របៅ ឃុំភ្នំលៀប។
ក្រុមគ្រួសារជនរងគ្រោះបាននិយាយប្រាប់សមត្ថកិច្ចថា ជាទម្លាប់រៀងរាល់ល្ងាចជនរងគ្រោះតែងតែយកលាន់ទៅដាក់អន្ទង់ ដើម្បីយកមកលក់គ្រាន់ដោះស្រាយជីវភាពប្រចាំថ្ងៃ។ នៅថ្ងៃកើតហេតុវេលាម៉ោង៦និង៤០នាទីល្ងាច មានភ្លៀងធ្លាក់យ៉ាងខ្លាំង និងមានផ្គររន្ទះ ព្រមទាំងខ្យល់ផងដែរ ។ ក្រោយពីរាំងភ្លៀងហើយមិនឃើញគាត់មកហូបបាយ ហើយយប់ងងឹតផងនោះ ក្រុមគ្រួសារក៏បាននាំគ្នាដើររកស្រាប់តែប្រទះឃើញគាត់ដេកស្លាប់នៅមាត់ត្រពាំងចម្ងាយពីភូមិប្រហែល២.៥០០ម៉ែត្រ ។
លោកអធិការនគរបាលស្រុក បានឱ្យដឹងទៀតថា តាមការពិនិត្យ និងធ្វើកោសល្យវិច័យ ជនរងគ្រោះពិតជាស្លាប់ដោយសាររន្ទះបាញ់មែន ពុំមានទាក់ទិននឹងអ្វីផ្សេងឡើយ ។ សពជនរងគ្រោះក្រោយពីសមត្ថកិច្ចជំនាញពិនិត្យរួចក៏បានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។ ផ្ទះ១២ខ្នងបាក់រលំ ខណៈមានភ្លៀង-ខ្យល់ សេចក្តីរាយការណ៍ពីខេត្តកំពង់ធំឱ្យដឹងថា ភ្លៀងកក់ខែមួយមេលាយឡំជាមួយខ្យល់ផងបានធ្វើឱ្យលំនៅឋានប្រជាពលរដ្ឋចំនួន១២ខ្នង ត្រូវរលំបាក់កាលពីយប់ថ្ងៃទី២២ មីនា។ គ្រោះមហន្តរាយដែលកើតឡើងនេះគឺនៅស្រុកបារាយណ៍មានភូមិទ្រៀល ឃុំទ្រៀលចំនួន២ខ្នង ភូមិពោន ឃុំគគីរធំចំនួន១ខ្នង ភូមិវាលស្ពរ ឃុំគគីរធំចំនួន១ខ្នង ភូមិអន្លង់វែង ឃុំគគីរធំចំនួន២ខ្នង ភូមិក្តារមហា ឃុំឈូកខ្សាច់ចំនួន១ខ្នង ភូមិទ្រាស ឃុំឈូកខ្សាច់ចំនួន៣ខ្នង។ ចំណែកជញ្ជាំងព្រះវិហារវត្តវាលស្ពរ ឃុំគគីរធំដែលទើបរៀបឥដ្ឋរលំបាក់អស់ទំហំ១៣ម៉ែត្រ គុណ២៨ម៉ែត្រ។ ដោយឡែកនៅស្រុកស្ទោង ក៏មានផ្ទះចំនួន២ខ្នងបានរលំបាក់ដែរ៕
ចែករំលែកព័តមាននេះ