ខេត្តព្រះសីហនុ ៖ កាលពីម៉ោងប្រមាណ១០កន្លះយប់ ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ មានករណីប្រើអំពើហិង្សាមួយកើតឡើងក្នុងក្លិបខារ៉ាអូខេ ស៊ីធីហ្គោល ដែលមានទីតាំងស្ថិតនៅក្រុម១៣ ភូមិ១ សង្កាត់លេខ៤ ។
ជនរងគ្រោះមានឈ្មោះ ហេង រិទ្ធី ជាមេធាវីខេត្តព្រះសីហនុ មានអាយុ៣៦ឆ្នាំ ទីលំនៅបច្ចុប្បន្នភូមិ១ សង្កាត់២ ក្រុង ខេត្តព្រះសីហនុ។ លោកមេធាវីបានឱ្យដឹងថា ករណីប្រើអំពើហិង្សាបង្កឱ្យរបួសស្នាមបង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណមកលើរូបគាត់ក្នុងក្លិបខារ៉ាអូខេ ខណៈពេលដែលរូបគាត់មានមិត្តភក្តិហៅទៅចូលរួមក្នុងកម្មវិធីនៅក្នុងក្លឹបខាងលើ។ ក្រោយពេលកើតហេតុលោកបានដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៤ ខេត្តព្រះសីហនុ ដើម្បីឱ្យសមត្ថកិច្ចស្រាវជ្រាវរកជនសង្ស័យម្នាក់នោះមកដោះស្រាយតាមនីតិវិធីច្បាប់ ។
លោកមេធាវីបានបញ្ជាក់ថា មុនពេលកើតហេតុ រូបលោកបានឡើងជណ្តើរទៅជាន់ខាងលើ រួចក៏បានប៉ះស្មាគ្នាជាមួយជនសង្ស័យដែលបានដើរចុះមកខាងក្រោមវិញ រួបគាត់ក៏បានសួរថា «ហេតុអ្វីបានជាលោកដើរមកបុកខ្ញុំយ៉ាងនេះ» ពេលនោះជនសង្ស័យមិនឆ្លើយតបទេ ហើយក៏ដាល់រូបលោកមួយដៃលើចិញ្ចើមភ្នែកខាងឆ្វេងឡើងហើមជាំ និងទាត់ធាក់បន្ថែមទៀត រួចក៏នាំបក្សពួកឡើងរថយន្ត VIGO ពណ៌ស ពាក់ស្លាកលេខ ខ.ម -2-2525 គេចខ្លួនបាត់ស្រមោល ដោយមិនមានការឃាត់ខ្លួនពីសំណាក់សមត្ថកិច្ច និងសន្តិសុខឯកជនដែលយាមប្រចាំការនៅក្លិបកម្សាន្តខារ៉ាអូខេខាងលើនោះឡើយ។
ក្រោយពេលកើតហេតុលោកមេធាវី ហេង រិទ្ធី បានទៅដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុសរដ្ឋបាលសង្កាត់ ៤នៅវេលាម៉ោងប្រមាណជិត១០កន្លះយប់ ថ្ងៃ១៨ មីនា ដោយភ្ជាប់ជាមួយរូបភាពនៅក្នុងកាមេរ៉ាសុវត្ថិភាព ខណៈជនសង្ស័យ រួមនឹងបក្សពួកចូលច្រៀងនៅក្នុងបន្ទប់ខារ៉ាអូខេមុនពេលកើតហេតុ ។ រហូតមកដល់ពេលនេះ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៤ កំពុងធ្វើរការស្រាវជ្រាវរកជនសង្ស័យ និងបក្សពួក ដើម្បីយកមកដោះស្រាយទៅតាមតាមនីតិវិធីច្បាប់ មិនឱ្យជនបង្ករករួចផុតពីសំណាញ់ច្បាប់ឡើយ។
បើតាមរយៈភ្ញៀវដែលបានចូលទៅក្លិបកំសាន្តខាងលើ និងបានឃើញហេតុការណ៍បានសម្តែងការខកចិត្តយ៉ាងខ្លាំង ខណៈដែលសមត្ថកិច្ច និងសន្តិសុខឯកជន មិនបានឃាត់ខ្លួនជនបង្កររបួសស្នាមមកលើ ជនរងគ្រោះចូលមកកំសាន្តនៅក្នុងក្លិបខាងលើ ហើយពួកគាត់បានដាក់ការព្រួយបារម្ភថា ថ្ងៃណាមួយ មានករណីរហូតដល់ស្លាប់បាត់បង់ជីវិត ក៏មិនមានសមត្ថកិច្ច ឬថៅកែក្លិបខាងលើចេញមុខក្នុងការជួយអន្តរាគមន៍ និងមានចំណាត់ការទៅតាមផ្លូវច្បាប់ជូនដល់ជនរងគ្រោះឡើយ ដូចនេះគ្រប់អតិថិជនគួរមានការស្វែងយល់ដោយខ្លួនឯងថា តើគួរចូលទៅកំសាន្តនៅក្លិបខាងលើនោះឬយ៉ាងណា ?
ពាក់ព័ន្ធក្នុងហេតុការណ៍ខាងលើ ភ្នាក់ងារយកព័ត៌មានយើងមិនអាចរកការបកស្រាយពីម្ចាស់ក្លិបខាងលើនេះបានទេ ព្រោះមិនមានលេខទូរស័ព្ទ ដើម្បីទំនាក់ទំនង ៕
ចែករំលែកព័តមាននេះ