ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ទះសាហាវ​បាញ់​សម្លាប់​ម្នាក់ និងដួល​សន្លប់២នាក់​ផ្សេងទៀត ខណៈផ្ទៃមេឃរកកល់ភ្លៀង

15 ឆ្នាំ មុន

ខេត្ត​ព្រះសីហនុ ៖ ​បុរស​ម្នាក់​ស្លាប់ និង​ពីរ​នាក់​​ផ្សេង​ទៀត សន្លប់មួយ​សន្ទុះ​ធំស្ទើរ​តែ​អស់​ជីវិតព្រោះតែជួបឧប្បត្តិ​ហេតុ​គ្រោះធម្ម​ជាតិ​រន្ទះ​បាញ់​​ ក្នុងខណៈពេលដែលផ្ទៃ​មេឃ​កំពុង​រក​កល​ចង់ភ្លៀង។ រីឯអ្នក​រង​គ្រោះ​ទាំងនោះខ្លះ​កំពុង​ដេក​​ក្រោមផ្ទះ ឯខ្លះទៀតកំពុង​ឈរ​ជជែក​គ្នា​តាម​បណ្តោយផ្លូវលំកណ្តាលវាល។ ហេតុ​ការណ៍​ដែលគួរ​ឱ្យ​សោកសង្រេងនេះ បាន​កើត​មាន​ឡើង​កាលពីថ្ងៃទី១៩ មីនា វេលា​ម៉ោង៣​និង​១០​នាទីរសៀល នៅចំណុចក្រុម​៣ ភូមិ​ត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្ត​ព្រះ​សីហនុ។

លោកអនុសេនីយ៏ទោកែវ អននាយ​ប៉ុស្តិ៍ រដ្ឋ​បាលឃុំជើងគោបានប្រាប់ឱ្យដឹងនៅនឹងកន្លែង​កើតហេតុថា ជនរងគ្រោះក្នុងហេតុការណ៍​​​នេះ ១-ឈ្មោះឈួន សំបឿន ភេទប្រុស អាយុ​២៥​ឆ្នាំ ត្រូវរន្ទះបាញ់ស្លាប់នៅ​នឹង​​កន្លែង​​ដែល​កំពុង​ឈរ​ជជែកគ្នា ២-ឈ្មោះលន់ មុំ ភេទ​ស្រី អាយុ៣៤​ឆ្នាំ ដែល​ឈរ​ជជែកគ្នា​បណ្តើរ​ជាមួយជនរង​គ្រោះ​ទីមួយ​ត្រូវ​ចំហាយ​រន្ទះបណ្តាលឱ្យ​សន្លប់​ជាង១ម៉ោង ៣-ឈ្មោះ​ហុង ផាត់ ភេទប្រុស អាយុ​៦៤ឆ្នាំ កំពុង​សំរាក​លើ​គ្រែក្រោម​ផ្ទះដែល​មាន​ចំងាយប្រមាណ​ប្រហែល​ជាង១០០ម៉ែត្រ ​ពី​ជនរងគ្រោះទី១ និង​ទី​២ បណ្តាល​ឱ្យ​សន្លប់​មួយ​សន្ទុះ​ដែរ។ ចំណែក​សសរផ្ទះ​​មួយដើមប្រេះ​ជា​ពីរនិង​ដំបូលផ្ទះបាយប្រក់​ស្លឹកដូងបណ្តាលឱ្យ​ឆេះ​ តែ​ត្រូវ​បាន​ពន្លត់ទាន់ពេល។

លោក​អនុសេនីយ៍​ទោបានឱ្យ​ដឹង​ទៀតថា ក្នុង​ឃុំជើងគោឆ្នាំនេះមានអ្នកស្លាប់ ដោយ​សារ​បាតុភូត​ធម្មជាតិ គឺរន្ទះបាញ់មាន​​ចំនួន​ពីរនាក់ ​និង​ពីរនាក់ទៀត របួស។ ចំពោះ​ស្រុក​ព្រៃ​នប់ ​ទាំង​មូល​ក្នុង​ឆ្នាំ​នេះ​​ជនរងគ្រោះ​ដោយសាររ​ន្ទះ​បាញ់​មានចំនួន៥នាក់ស្លាប់ និងពីរនាក់របួស​។ សូម​បព្ជាក់ថា បាតុ​ភូត​ធម្មជាតិរន្ទះ​បាញ់​ដែល​​កើត​​ឡើងក្នុងស្រុកព្រៃ​នប់ ឆ្នាំនេះមាន​សភាព​កាច​សាហាវជាងឆ្នាំមុន។ ​តាម​ការ​កត់​សំគាល់​ឆ្នាំ​នេះ​មានពេលខ្លះ ខុសត្រូវគ្នាតែមួយ​នាទី មានរន្ទះ​បាញ់ចំនួនពីរកន្លែងផ្សេងៗ​គ្នា ហើយ​​បណ្តាល​ឱ្យ​ស្លាប់មនុស្ស​ជា​បន្ត​បន្ទាប់​ដែល​អ្នក​ព្រៃ​នប់ ភ័យ​ខ្លាច​ណាស់​ពេល​មាន​មេឃ​រក​ភ្លៀង​ម្តងៗ​ ៕