ប្រភពពី AFP ផ្សាយថា ក្រុមមន្ត្រីឧតុនិយមជប៉ុនបានឱ្យដឹងពីការកើតមានរញ្ជួយដីធ្ងន់ធ្ងរ ក្នុងកម្រិត៦រិចស្ទ័រនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក កាលពីថ្ងៃទី១៦ មីនា ស្ថិតនៅក្រៅឆ្នេរក្នុងខេត្តឈីបា ភាគខាងកើតប្រទេសជប៉ុន ដោយកម្លាំងញ័រមានសភាពខ្លាំងក្លា ធ្វើឱ្យអគារខ្ពស់ៗជាច្រើនកន្លែងក្នុងក្រុងតូក្យូរង្គើ ។
ទោះបីជាបែបណាក៏ដោយ នៅមិនទាន់មានការប្រកាសអាសន្នពីរលកយក្សស៊ូណាមី ភ្លាមៗទេ ប៉ុន្តែក្រុមមន្ត្រីឧតុនិយមប្រកាសថា អាចកើតមានបម្រែបម្រួលកម្រិតទឹកសមុទ្របាន ។ គួរបញ្ជាក់ថា ជប៉ុនបានជួបនឹងគ្រោះថ្នាក់រញ្ជួយដីដ៏អាក្រក់ក្នុងកម្រតិ៨,៩រិចស្ទ័រ កាលពីថ្ងៃទី១១ មីនា កន្លងមក និងបានធ្វើឱ្យមានរលកស៊ូណាមីវាយប្រហារនៅភាគឦសានប្រទេសដោយសម្លាប់ប្រជាពលរដ្ឋជាង៣.៥៧០នាក់ រងរបួសប្រមាណ១.៨៩៧នាក់ និងបាត់ខ្លួនប្រហែល៦.៧៤៦នាក់ ។
កាលពីថ្ងៃទី១៣ មីនា កន្លងទៅ លោកថា កាឈី យ៉ូកូតា នាយកផ្នែកព្យាករណ៍ និងទិន្នន័យរញ្ជួយដីរបស់ក្រុមឧតុនិយមជប៉ុនធ្លាប់បានប្រកាសថា មានតម្រុយ៧០%នៃការកើតមានគ្រោះរញ្ជួយដីក្នុងកម្រិត៧រិចស្ទ័រ ឬច្រើនជាងនេះក្នុងរយៈពេល៣ថ្ងៃខាងមុខ តែការរញ្ជួយដីថ្មីថ្ងៃទី១៦ មីនា នេះមានកម្រិតត្រឹមតែ៦រិចស្ទ័រ ។ បើសិនជាកម្លាំងរញ្ជួយមានពី៧រិចស្ទ័រឡើងទៅនោះ ទើបអាចបំផ្លាញអគារ និងបង្កឱ្យមានរលកយក្សស៊ូណាមីថ្មីបាន ។
- វីរបុរសជប៉ុន៥០នាក់ស្ម័គ្រចិត្តស្លាប់ការពារទប់ទល់ការធ្លាយវិទ្យុសកម្ម
មានមនុស្ស៥០នាក់ដែលចាត់ទុកជាវីរបុរសហ៊ានលះបង់អ្វីគ្រប់យ៉ាងរហូតដល់អាយុជីវិតក្នុងមជ្ឈមណ្ឌលនុយក្លេអែរហ្វូគូស៊ីម៉ា ដើម្បីចៀសវាងការធ្លាយវិទ្យុសកម្មចេញពីបណ្តារេអាក់ទ័រនុយក្លេអ៊ែរ ។ អ្នកទាំង៥០នាក់នោះជាវីរបុរសពួកគេដើរតួនាទីគ្រប់បែបយ៉ាងហ៊ានលះបង់ជីវិតដែលគេហៅថា ពួកអត្តឃាតនុយក្លេអ៊ែរ ខណៈ ពេលពិភពលោកបច្ចុប្បន្នកំពុងតែប្រឈមមុខនឹងគ្រោះមហន្តរាយនុយក្លេអ៊ែរយ៉ាងធំធេងបំផុតពុំធ្លាប់មានចាប់តាំងពីគ្រោះមហន្តរាយនុយក្លេអ៊ែរនៅ TCHERNOBYL កាលពីឆ្នាំ ១៩៨៦ មក ។ ពួកគេជាវិស្វករ និងជាអ្នកបច្ចេកទេសរបស់មជ្ឈមណ្ឌលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ស្ថិតនៅចម្ងាយ២៥០គ.ម ភាគឦសានក្រុងតូក្យូ ។ ក្នុងពេលធម្មតាក្នុងមជ្ឈមណ្ឌលនេះមានមនុស្សធ្វើការ៨០០នាក់។ ក៏ប៉ុន្តែមួយចំនួនធំត្រូវបានជម្លៀសចេញ ។
កាលពីយប់កន្លងមកនេះពួកគេបានពុះពារក្រោមធាតុអាកាសត្រជាក់ធ្លាក់ព្រិល ។ ទិសដៅរបស់ពួកគេធ្វើយ៉ាងណាចៀសវាងឱ្យបាន ទោះបីពួកគេត្រូវស្លាប់ការធ្លាយវិទ្យុសកម្មពីរេអាក់ទ័រដែលផ្ទុះនិងឆេះមានឱ្យមានគ្រោះថ្នាក់ដល់ប្រជាជនរស់នៅជិតខាង។ មនុស្សទាំងនេះដែលពាក់ឧបករណ៍ការពារជាអ្នកហ៊ានធ្វើពលិកម្មពិសេសក្នុងការងារបាញ់ទឹកសមុទ្រទៅក្នុងរេអាក់ទ័រ ដើម្បីធ្វើឱ្យវាត្រជាក់កុំឱ្យផ្ទុះ ។ កាលពីថ្ងៃទី១៥ មីនា ប្រមុខអាជ្ញាធរសន្តិសុខនុយក្លេអ៊ែរបារាំង ASN បានសំដែងការគោរពចំពោះពួកគេ ។ មនុស្សទាំងនេះកំពុងស្ថិតក្នុងលក្ខខណ្ឌគ្រោះថ្នាក់បំផុត តែនៅហ៊ានពុះពារមិនរាថយ ។ នៅ TCH-ERNOBYL បណ្តាអ្នកធ្វើការបែបនេះជាច្រើនសិបនាក់បានត្រូវស្លាប់មួយចំនួនរស់បានត្រឹមតែមួយខែក្រោយគ្រោះមហន្តរាយនោះមក ។ អ្នកដែលទទួលវិទ្យុសកម្មខ្លាំងបំផុតគឺពួកអ្នកដែលធ្វើអន្តរាគមន៍ក្នុងបណ្តាថ្ងៃដំបូងនិងពួកអ្នកជិះឧទ្ធម្ភាគចក្រកាត់ពីលើរេអាក់ទ័រដែលកំពុងមានភ្លើងឆេះ ។
នៅមជ្ឈមណ្ឌលហ្វូគូស៊ីម៉ា សភាពការណ៍គួរឱ្យព្រួយបារម្ភបំផុត ។ វិទ្យុសកម្មឡើងដល់កំរិតខ្ពស់បំផុត ។ កាលពីថ្ងៃទី១៥ មីនា ក្នុងបន្ទប់ត្រួតពិនិត្យរេអាក់ទ័រទី៤ កំរិតវិទ្យុសកម្មឡើងខ្លាំងរហូតដល់បណ្តាវិស្វករស្ទើរតែពុំអាចធ្វើការងារកើត ។
- ជប៉ុនមមាញឹកទប់ស្កាត់ការឆេះចង្ក្រានរេអាក់ទ័រនុយក្លេអ៊ែរទី៤ ខណៈពេលមានអ្នកស្លាប់កើនដល់៣.៥៧០នាក់
NHK កាលពីថ្ងៃទី១៦ មីនា ផ្សាយឱ្យដឹងថា មានផ្សែងខ្មួលខ្មាញ់ចេញពីចង្ក្រានរេអាក់ទ័រនុយក្លេអ៊ែរនៅក្នុងរោងចក្រអគ្គិសនីហ្វូគូឈីម៉ា ដាយអ៊ីជី ។ ផ្សែងដ៏ក្រាស់នេះអាចមើលឃើញក្នុងចំងាយប្រហែល៣០គីឡូម៉ែត្រ។
អ្នកនាំពាក្យរបស់ការិយាល័យសុវត្ថិភាពនុយក្លេអ៊ែរប្រទេសជប៉ុនឱ្យដឹងថា ក្រុមហ៊ុនតូក្យូអេឡិចទ្រិកផាវើ ដែលដំណើរការអាជីវកម្មរោងចក្រនុយក្លេអ៊ែរហ្វូគូឈីម៉ា ត្រៀមប្រើឧទ្ធម្ភាគចក្របាញ់ទឹក រួមទាំងសារធាតុគីមីមួយចំនួនដាក់ទៅលើចង្ក្រានរេអាក់ទ័រ រួមទាំងបញ្ជូនរថយន្តពន្លត់អគ្គីភ័យចូលទៅធ្វើប្រតិបត្តិការ។
ស្របពេលជាមួយគ្នានេះក្រសួងសុខាភិបាលជប៉ុនឱ្យដឹងថា កំពុងត្រួតពិនិត្យមើលសារធាតុវិទ្យុសកម្មក្នុងរយៈចំងាយ៣០គីឡូម៉ែត្រពី ចង្ក្រានរេអាក់ទ័រដែលមានបញ្ហា និងថែមទាំងមានភ្ជាប់ប្រព័ន្ធជួយសង្គ្រោះ។ ប្រព័ន្ធផ្សព្វផ្សាយបានបង្ហាញរូបភាពក្នុងប្រទេសជប៉ុនឱ្យដឹងថា ចំនួនអ្នកស្លាប់ជាផ្លូវការមានចំនួន៣.៥៧០នាក់ បាត់ខ្លួន៧.៥៥៨នាក់ ប៉ុន្តែមានការព្យាករណ៍ទុកថា តួលេខអ្នកស្លាប់មានចំនួនលើសពី១០.០០០នាក់ ភាគច្រើនស្ថិតក្នុងខេត្តមីយ៉ាងី អ៊ីវ៉ាតេ និងហ្វូគូឈីម៉ា ដោយមានផ្ទះ និងអគារផ្សេងៗជាង៥៥.៣៨០ខ្នងត្រូវខូចខាត។ ចំណែកក្រុមហ៊ុនអគ្គិសនីតូហូគូ បញ្ជាក់ឱ្យដឹងថា ផ្ទះសំបែងប្រហែល៨៥០.០០០ខ្នងនៅភាគខាងជើងមិនទាន់មានភ្លើងប្រើប្រាស់ទេ ក្រោមសម្ពាធអាកាសធាតុត្រជាក់ខ្លាំង ដោយរដ្ឋាភិបាលប្រទេសជប៉ុនឱ្យដឹងថា មានប្រជាជនយ៉ាងតិច១.៥០០.០០០គ្រួសារគ្មានភ្លើងអគ្គិសនីប្រើ។
- បណ្តាប្រទេសនៅអឺរ៉ុបផ្អាកដំណើរការចង្ក្រានរេអាក់ទ័រនុយក្លេអ៊ែរក្រោយពីគ្រោះមហន្តរាយនៅជប៉ុន
AFP បានចុះផ្សាយដោយយោងតាមរបាយការណ៍ពីទីភ្នាក់ងារថាមពលអន្តរជាតិ(IEA)កាលពីថ្ងៃទី១៥ មីនា ថា រោងចក្រអគ្គិសនីនុយក្លេអ៊ែរហ្វូគូឈីម៉ា របស់ជប៉ុនអាចផ្អាកការអភិវឌ្ឍផ្នែកបច្ចេកវិទ្យានុយក្លេអ៊ែរនៅទូទាំងពិភពលោក និងបង្កផលពិបាកបន្ថែមក្នុងការតស៊ូនឹងស្ថានភាពកំដៅផែនដី។ លោកណាបូអ៊ូ ថាណាកា ប្រធានទីភ្នាក់ងារថាមពលអន្តរជាតិរបស់ជប៉ុនបានថ្លែងថា «ខ្ញុំសូមធានាថា បច្ចុប្បន្នគ្មានក្តីកង្វល់ដល់ប្រជាជនចំពោះនុយក្លេអ៊ែរ ព្រោះតែហេតុការណ៍នៅប្រទេសជប៉ុន។ ខ្ញុំបានយល់ពីប្រតិកម្មរបស់ប្រជាជនយ៉ាងល្អ ប៉ុន្តែខ្ញុំក៏មានក្តីកង្វល់ទាក់ទងនឹងផលប៉ះពាល់ដល់បច្ចេកវិទ្យានេះដែលមានសកម្មភាពសំខាន់ចំពោះសុវត្ថិភាពផ្នែកថាមពល និងសេដ្ឋកិច្ចធ្លាក់ចុះ»។
នៅក្នុងរបាយការណ៍ IEA បានបង្ហើបឱ្យដឹងកាលពីឆ្នាំមុនពីការអភិវឌ្ឍថាមពលនុយក្លេអ៊ែរមានប្រហែល៦%ក្នុងផែនការកាត់បន្ថយឧស្ម័នកាបូនឌីអុកស៊ីដ ជាងពាក់កណ្តាលនៅឆ្នាំ២០៥០ដើម្បីថែរក្សាសីតុណ្ហភាពផែនដីមិនឱ្យកើនឡើងច្រើនជាង២អង្សាសេ។ ចំណែកលោកហ្វ្រេឌ្រិក រ៉េនវ៉េល នាយករដ្ឋមន្ត្រីប្រទេសស៊ុយអែត បានបញ្ជាក់ប្រាប់សារព័ត៌មានក្នុងប្រទេសលីទុយអានី ជាប្រទេសដែលមានគោលដៅបើករោងចក្រប្រើថាមពលនុយក្លេអ៊ែរក្នុងឆ្នាំ២០២០ថា វិបត្តិនុយក្លេអ៊ែរនៅ ប្រទេសជប៉ុនមិនគួរជាចំណុចរីករាលដាល និងគួរយកធ្វើជាមេរៀនពីវិបត្តិនុយក្លេអ៊ែរក្នុងប្រទេសជប៉ុនកែលំអផ្នែកសុវត្ថិភាពនុយក្លេអ៊ែរនៅទូទាំងពិភពលោក។
រឿងសំខាន់ដែលត្រូវពិភាក្សាគឺយុទ្ធនាការផលិតថាមពលក្នុងរូបភាពអ្វីមួយសុទ្ធសឹងតែមានផលប៉ះពាល់ដល់បរិស្ថាន។ ទោះជាយ៉ាងណាក៏ដោយការភ័យខ្លាចក៏នៅតែមានការកើនឡើងចំពោះគ្រោះមហន្តរាយផ្នែកនុយក្លេអ៊ែររបស់ជប៉ុន និងជាចំណុចធ្វើឱ្យបណ្តាប្រទេសនៅអឺរ៉ុបពិចារណាលើប្រព័ន្ធសុវត្ថិភាពនៃរោងចក្រថាមពលនុយក្លេអ៊ែររបស់ខ្លួនកាលពីថ្ងៃទី ១៥ មីនា កន្លងទៅ ជាពិសេសប្រទេសអាល្លឺម៉ង់អាជ្ញាធរបានបញ្ជាឱ្យបិទចង្ក្រានរេអាក់ទ័រចំនួន៧កន្លែងជាបណ្តោះអាសន្ន។ នៅទីក្រុងម៉ូស្គូលោកវ្លាឌីមៀ ពូទីន បានបញ្ជាឱ្យពិចារណាផ្នែកថាមពលបរមាណូរបស់ប្រទេសតាមពីក្រោយរញ្ជួយដី និងស៊ូណាមីដែលវាយប្រហារប្រទេសជប៉ុន។ ចំណែកនៅអង់គ្លេសក៏ស្នើសុំឱ្យប្រធានក្រុមអ្នកស៊ើបអង្កេតនុយក្លេអ៊ែររបស់ខ្លួនរាយការណ៍ពីវត្ថុដែលពាក់ព័ន្ធនឹងវិបត្តិនុយក្លេអ៊ែររបស់ជប៉ុនសំរាប់កែទម្រង់ការអភិវឌ្ឍថាមពលនុយក្លេអ៊ែររបស់ប្រទេសជាបន្តទៀត ។
- មានឧប្បត្តិហេតុថ្មីៗទៀតនៅមជ្ឈមណ្ឌលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា
នៅមជ្ឈមណ្ឌលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ដាយអ៊ីជី សភាពការណ៍នៅតែគ្រោះថ្នាក់បំផុត។ រេអាក់ទ័រទី៤ក៏រងការផ្ទុះដែរ ក្រោយមានភ្លើងឆាបឆេះ។ ក្រុមហ៊ុន TEPCO ដែលធ្វើអាជីវកម្មលើមជ្ឈមណ្ឌលនេះគ្រោងទម្លាក់ទឹកតាមឧទ្ធម្ភាគចក្រក្នុងអាងទឹកមួយនៃរេអាក់ទ័រទី៤នោះដើម្បីធ្វើឱ្យត្រជាក់ដក់គ្រឿងឆេះនុយក្លេអ៊ែរដែលប្រើប្រាស់។
នាយករដ្ឋមន្ត្រីជប៉ុន លោកណាអូតូកាន បានពង្រីកតំបន់សន្តិសុខនៅជុំវិញមជ្ឈមណ្ឌលនេះដោយអំពាវនាវដល់មនុស្សទាំងឡាយដែលរស់នៅក្នុងរង្វង់៣០គីឡូម៉ែត្រជុំវិញមជ្ឈមណ្ឌលនោះឱ្យស្ថិតនៅក្នុងផ្ទះកុំចេញទៅក្រៅ។ នៅទីក្រុងតូក្យូអត្រាវិទ្យុសកម្មមានហួសពី អត្រាធម្មតាបន្តិចកាលពីពាក់កណ្តាលថ្ងៃទី១៥ មីនា មុនពេលឡើងខ្ពស់វិញនាពេលរសៀល។ នៅទីក្រុងព្រុចសែលបណ្តាប្រទេសជាសមាជិកសហភាពអឺរ៉ុបបានសំរេចធ្វើការត្រួតពិនិត្យមើលភាពអាចទប់ទល់នៃបណ្តាមជ្ឈមណ្ឌលនុយក្លេអ៊ែរចំពោះការរញ្ជួយដី ស៊ូណាមី និងការវាយប្រហារភេរវកម្ម។
រេអាក់ទ័រទី៤ដែលរងការប៉ះពាល់រួចហើយដោយការផ្ទុះមួយកាលពីថ្ងៃទី ១៥មីនា បានរងការផ្ទុះថ្មីមួយទៀត ហើយមានភ្លើងឆេះកាលពីព្រឹកថ្ងៃ ទី១៦ មីនា រួចការផ្ទុះមួយក៏កើតមានផងដែរកាលពីថ្ងៃទី១៥ មីនា ក្នុងរេអាក់ទ័រទី២។
អាជ្ញាធរបារាំងទទួលបន្ទុកខាងសន្តិសុខនុយក្លេអ៊ែរបានចាត់ចំណាត់ថ្នាក់នៃគ្រោះថ្នាក់នុយក្លេអ៊ែរនៅជប៉ុនថា មានកំរិត៦ក្នុងកំរិតអាសន្នវិទ្យុសកម្មនុយក្លេអ៊ែរអន្តរជាតិដែលមាន៧កំរិតប្រកាសពេលមានគ្រោះមហន្តរាយនុយក្លេអ៊ែរនៅ TCHERNOBYL ។
អណ្តាតភ្លើងដែលពិនិត្យឃើញមានមុននេះទៅរេអាក់ទ័រទី៤នៃមជ្ឈមណ្ឌលនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ាលែងឃើញមានទៀតហើយ។ នេះជាសេចក្តីរាយការណ៍កាលពីថ្ងៃទី១៦ មីនា ដោយទូរទស្សន៍ជប៉ុន NHK ។ ម្យ៉ាងវិញទៀត ក្រុមហ៊ុន TEPCO គ្រោងស្រោចទឹកអាស៊ីដ បូរិក BORIQUE លើរេអាក់ទ័រនោះដើម្បីកំរិតប្រតិកម្មគីមី។
នាព្រឹកថ្ងៃទី១៥ មីនា ការផ្ទុះថ្មីៗ២ក្នុងរេអាក់ទ័រទី២ និងទី៤ និងអគ្គីភ័យមួយនៅមជ្ឈមណ្ឌលនុយក្លេអ៊ែរហ្វូកូស៊ីម៉ា ញ៉ាំងឱ្យមានការកើនឡើងនៃវិទ្យុសកម្មរហូតដល់ក្រុងតូកុ្យូដែលនៅទីនោះអារម្មណ៍ជ្រួលច្របល់ចាប់ផ្តើមកើតមានក្នុងចំណោមប្រជាជន។ ក្រោយការផ្ទុះចុងក្រោយកម្មករ២នាក់ត្រូវបាត់ខ្លួន។ សភាពការណ៍ធ្ងន់ធ្ងរបំផុតទាក់ទិនដល់រេអាក់ទ័រទី៤ដែលនៅពេលមានស៊ូណាមីនៅល្អសោះ ហើយទើបកើតមានបញ្ហារហូតដល់ថ្ងៃទី១៥ មីនា។ ក្រុមហ៊ុន TEPCO ថ្លែងថា មានប្រហោងនានាដែលអាចបញ្ចេញដោយផ្ទាល់នូវវិទ្យុសកម្មចូលក្នុងបរិយាកាស។ គ្រឿងឆេះនុយក្លេអ៊ែរបន្តមានកំដៅ ហើយក្រុមហ៊ុន TEPCO ប៉ុនប៉ងស្រោចទឹកតាមឧទ្ធម្ភាគចក្រក្នុងរយៈពេល២ឬ៣ថ្ងៃទៀតដើម្បីធ្វើឱ្យវាត្រជាក់។ កំរិតវិទ្យុសកម្មមានខ្ពស់បំផុត ហើយ TEPCO បានជំលៀសនិយោជិត៧៥០នាក់ ចេញពីទីតាំងនោះដោយនៅសល់វិស្វករ និងអ្នកបច្ចេកទេសត្រឹម៥០នាក់ប៉ុណ្ណោះ។ បណ្តាម៉ាស៊ីនឃោសនាជប៉ុនក៏អំពាវនាវឱ្យបណ្តាអ្នកកាសែតពួកគេចាកចេញពីតំបន់នោះដែរខ្លាចគ្រោះថ្នាក់វិទ្យុសកម្ម ។
- ហ្វ៉ីលីពីន ស្វែងរកអ្នកបញ្ចេញពាក្យចចាមអារ៉ាមពីសារជាតិវិទ្យុសកម្ម
តាម AFP ផ្សាយថា កាលពីថ្ងៃទី១៤ មីនា កើតមានពាក្យចចាមអារ៉ាមថា សារធាតុវិទ្យុសកម្មពីរោងចក្រអគ្គិសនីក្នុងប្រទេសជប៉ុននឹងរីករាលដាលដល់ហ្វ៉ីលីពីននៅក្នុងល្ងាចថ្ងៃទី១៤ មីនា ជាហេតុបង្កឱ្យមានភាពជ្រួលច្របល់ និងធ្វើឱ្យសាលារៀនជាច្រើនកន្លែងប្រញាប់បញ្ជូនសិស្សត្រឡប់ទៅផ្ទះរបស់ខ្លួនវិញ។ អាជ្ញាធរហ្វ៉ីលីពីនបានប្រកាសលុបចោលពាក្យចចាមអារ៉ាមនោះដោយបញ្ជូនសារជាអក្សរតាមប្រព័ន្ធទូរស័ព្ទ។ ចំណែករដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានព្រមានថា អ្នកដែលបង្កើតពាក្យចចាមអារ៉ាមនឹងត្រូវដំណើរការរឿងក្តី។ ស្ថាប័នស្រាវជ្រាវនុយក្លេអ៊ែរនៃប្រទេសហ្វ៉ីលីពីនឱ្យដឹងកាលពីថ្ងៃទី១៥ មីនា ថា «បច្ចុប្បន្នគ្មានទិន្នន័យផ្នែកបច្ចេកទេស និងភស្តុតាងវិទ្យាសាស្ត្រណាមួយដែលបញ្ជាក់ថា ហ្វ៉ីលីពីននឹងទទួលផលប៉ះពាល់សារធាតុវិទ្យុសកម្មពីរោងចក្រអគ្គិសនីហ្វូគូឈីម៉ា ដាយអ៊ីជី របស់ជប៉ុនទេ»។
ដំណឹងចចាមអារ៉ាមនេះត្រូវបានបញ្ជូនបន្តតាមប្រព័ន្ធទូរស័ព្ទកាលពីថ្ងៃទី១៤ មីនា បន្ទាប់ពីមានដំណឹងថា សារធាតុវិទ្យុសកម្មធ្លាយចេញពីរោងចក្រអគ្គិសនីហ្វូគូឈីម៉ា ដែលទទួលការខូចខាតពីការរញ្ជួយដី។ ពាក្យចចាមអារ៉ាមនោះណែនាំឱ្យប្រជាជននៅក្នុងផ្ទះ បិទទ្វារ បង្អួច និងប្រើថ្នាំសម្លាប់វីរុសឆ្លង ដោយបញ្ជាក់ថា «សារធាតុវិទ្យុសកម្មនឹងចូលទៅដល់ហ្វ៉ីលីពីននៅវេលាម៉ោង៤រសៀល ថ្ងៃទី១៤ មីនា»។ សាលារៀនមួយចំនួននៅភាគខាងជើងប្រទេសហ្វ៉ីលីពីន ឆ្ងាយពីរោងចក្រអគ្គិសនីហ្វូគូឈីម៉ាប្រហែល២.៨០០គីឡូម៉ែត្រ បានប្រញាប់ប្រញាល់បញ្ជូនសិស្សត្រឡប់ទៅផ្ទះវិញនារសៀលថ្ងៃទី១៤ មីនា។ លោកឡេឡា ដេ លីម៉ា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានចេញបទបញ្ជាឱ្យទីភ្នាក់ងារស៊ើបអង្កេត (NBI) ស្វែងរកអ្នកដែលបញ្ចេញពាក្យចចាមអារ៉ាមដ៏អាក្រក់នោះ ព្រោះចាត់ទុកថា ជាការបំផ្លិចបំផ្លាញភាពស្ងប់ស្ងាត់នៅក្នុងប្រទេស៕





ចែករំលែកព័តមាននេះ