ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​សន្យា​ជួយ​កម្ពុជា លើ​ការ​បណ្តុះបណ្តាល​ធនធានមនុស្ស ផ្នែក TVET ឲ្យ​កាន់តែ​មានគុណ​ភាព​សំបូរ​បែប

1 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ថៃ​សន្យា​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​របស់​កម្ពុជា លើ​ផ្នែក​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ឲ្យ​មានគុណ​ភាព កាន់តែ​ច្រើន​បន្ថែម​ទៀត ដើម្បី​រួមចំណែក​កសាង​សេដ្ឋកិច្ច​កម្ពុជា​ឲ្យ​មាន​វិបុលភាព ស្រប​តាម​ការ​រីក​ចម្រើន​របស់​បច្ចេកវិទ្យា​ពិភពលោក…

រាជធានី​ភ្នំពេញ ៖ ថៃ​សន្យា​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស​របស់​កម្ពុជា លើ​ផ្នែក​បច្ចេកទេស និង​វិជ្ជាជីវៈ (TVET) ឲ្យ​មានគុណ​ភាព កាន់តែ​ច្រើន​បន្ថែម​ទៀត ដើម្បី​រួមចំណែក​កសាង​សេដ្ឋកិច្ច​កម្ពុជា​ឲ្យ​មាន​វិបុលភាព ស្រប​តាម​ការ​រីក​ចម្រើន​របស់​បច្ចេកវិទ្យា​ពិភពលោក ។

ការ​សន្យា​បែប​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ជំនួប​សម្តែង​ការ​គួរសម​រវាង ឯកឧត្តម អ៊ិ​ត សំ​ហេង រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​លោកសាស្ត្រា​ចារ្យ Anek Laothamatas រដ្ឋមន្ត្រី​ក្រសួង​ឧត្តម​សិក្សា វិទ្យាសាស្ត្រ ស្រាវជ្រាវ និង​ន​វា​នុ​វត្ត នៃ​ព្រះរាជាណាចក្រ​ថៃ នា​ព្រឹក​ថ្ងៃ​ទី​៦ ខែតុលា ឆ្នាំ​២០២២ នៅ​ទីស្តីការក្រសួង​ការងារ ។

ការ​ពិភាក្សា​ផ្តោត​ទៅ​លើ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​បន្ថែម លើ​ការ​អប់រំ និង​ការ​អភិវឌ្ឍ​ធនធានមនុស្ស ក៏​ដូច​ជា​ការ​ធ្វើ​បច្ចុប្បន្នភាព​លើ​ស្ថានភាព​កិច្ច​សហប្រតិបត្តិការ​បច្ចុប្បន្ន​ផង នៅ​ទីស្តីការក្រសួង​ការងារ ។

ក្នុង​ជំនួប​ឯកឧត្តម អ៊ិ​ត សំ​ហេង បាន​ស្វាគមន៍ និង​ថ្លែងអំណរគុណ​ដល់​ប្រតិភូ​ក្រសួង​ឧត្តម​សិក្សា វិទ្យា​ស្ត្រ ស្រាវជ្រាវ និង​ន​វា​នុ​វត្ត (MHESI) ដែល​បាន​មក​ធ្វើ​ទស្សនកិច្ច​សា​ជា​ថ្មី នៅ​ក្នុង​ព្រះរា​ជា​ណាចក្រ​កម្ពុជា និង​ថ្លែងអំណរគុណ​ដល់ MHESI ដែល​នឹង​ផ្តល់​អាហារ​រូបករណ៍​ជាក់លាក់ ដល់​មន្ត្រី គ្រូ​បច្ចេកទេស និង​និស្សិត នៅ​តាម​គ្រឹ​ស្ថាន​អប់រំ​បណ្តុះបណ្តាល TVET របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ។

ចំណែក​លោក​សាស្ត្រាចារ្យ Anek Laothamatas មាន​ប្រសាសន៍​ថា ប្រទេស​ទាំង​ពីរ កម្ពុជា​-​ថៃ មាន​វប្បធម៌ ទំនៀមទំលាប់​ស្រ​ដៀង​គ្នា តាំងពី​បុរាណកាល​មក​។ ដូច្នេះ ឯកឧត្តម បាន​ដឹកនាំ​គណៈប្រតិភូ​ប្រមាណ​៥០​នាក់ មក​កាន់​កម្ពុជា សារ​ជា​ថ្មី​នេះ មក​ចងសម្ព័ន្ធភាព ជាមួយ​ក្រសួង​ស្ថាប័ន​មួយ​ចំនួន​របស់​កម្ពុជា ដើម្បី​ឲ្យ​ក្រសួង​ស្ថាប័ន នៃ​ប្រទេស​ទាំង​ពីរ មាន​កិច្ច​សហប្រតិបត្តិការ​កាន់តែ​រឹង​មាំ​បន្ថែម​មួយ​កម្រិត​ទៀត ។

ឆ្លៀត​ក្នុង​ឱកាស​នេះ​ដែរ ឯកឧត្តម អ៊ិ​ត សំ​ហេង ក៏​បាន​សំណូមពរ​ឱ្យ​ភាគី​ថៃ ជួយ​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​ឌី​ជី​ថ​ល​សម្រាប់​អភិបាលកិច្ច និង​រដ្ឋបាល TVET, លើកកម្ពស់​ការ​ផ្សព្វផ្សាយ​ជំរុញ​ការ​ចុះ​ឈ្មោះ​ចូល​រៀន TVET ក៏​ដូច​ជា​លើកកម្ពស់​ការ​ស្រាវជ្រាវ និង​ន​វាន​វត្ត TVET តាមរ​យេៈ​ការ​ជម្រុញ​ឱ្យ​មាន​ទស្សនកិច្ច​សិក្សា​រវាង​ប្រទេស​ទាំង​ពីរ ។

ជា​ការ​ឆ្លើយ​តប លោក​សាស្ត្រាចារ្យ Anek Laothamatas ក៏​បាន​ស្វាគមន៍​ចំពោះ​ការ​បើក​អោយ​មាន​ទស្សនកិច្ច​សិក្សា​ផ្លាស់​ប្តូរ​បទ​ពិសោធន៍​របស់​គណៈប្រតិភូ​កម្ពុជា​នៅ​វិទ្យាស្ថាន​ល្បី​ចំនួន​បី នៅ​ប្រទេស​ថៃ ដែល​មាន​ជំនាញ​បណ្តុះបណ្តាល​លើ ផ្នែក​វិស្វកម្ម បច្ចេកវិទ្យា និង​នវានុវត្តន៍ គាំទ្រ​ការ​វិនិយោគ និង​លើកកំពស់​សមត្ថភាព​ឧស្សាហកម្ម​ជាដើម ។

ឯកឧត្តម អ៊ិ​ត សំ​ហេង បាន​អរគុណ​ដល់​ភាគី​ថៃ ដែល​បាន​ផ្តល់​ការ​គាំទ្រ និង​ជួយ​កម្ពុជា​លើ​ផ្នែក​បណ្តុះបណ្តាល​ធនធានមនុស្ស​នេះ ហើយ​ឯកឧត្តម​បណ្ឌិត​នឹង​ជ្រើសរើស​ពេលវេលា​សមរម្យ​ណាមួយ ដើម្បី​រៀបចំ​គណៈប្រតិភូ​ដែល​មាន​ជំនាញ​តាក់តែង​គោលនយោបាយ​ផ្នែក​TVET បាន​ទៅ​សិក្សា​ស្វែង​យល់​បន្ថែម​ទៀត​ទៅ​លើ​វិទ្យាស្ថាន​ធំ​ៗ ទាំង​បី​តប​តាម​ការ​អញ្ជើញ​ពី​សំណាក់​ភាគី​ថៃ ។

គួរ​បញ្ជាក់​ជូន​ដែរ​ថា ក្រុមការងារ​បច្ចេកទេស​ជាន់ខ្ពស់ នៃ​ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​គ្នា​ក្នុង​កិច្ចប្រជុំ ដាច់​ដោយឡែក​លម្អិត​លើ​ការ​ផ្តល់​អាហារូបករណ៍ (​ដែល​ជា​លទ្ធផល នៃ​កិច្ច​ពិភាក្សា គ្នា​លើក​មុន​កាលពី​ថ្ងៃ​ទី​០៥ ខែសីហា ២០២២) ដើម្បី ៖
• កំណត់​ពី​តម្រូវការ​អភិវឌ្ឍ​ធនធានមនុស្ស​រវាង​ភាគី​ទាំង​ពីរ
• រួម​គ្នា​កំណត់​ពី​វិធីសាស្ត្រ​ក្នុង​ការ​បែងចែក​អាហារ​រូបករណ៍ និង​ចំនួន​អាហារ​រូបករណ៍​សរុប​ដែល​នឹង​ផ្តល់​ឱ្យ
• លើ​កម្ពស់​កិច្ច​សហប្រតិបត្តិការ​អប់រំ​កម្ពុជា​-​ថៃ
• ពិនិត្យ​មើល​លទ្ធភាព​ក្នុង​ការ​បង្កើត​អនុស្សរណៈ​យោគយល់​គ្នា​កម្ពុជា​-​ថៃ ទាក់ទង​នឹង​ការ​ផ្តល់​អាហារូបករណ៍​នេះ ។

ចំពោះ​លទ្ធផល​កិច្ចសហការ ជាមួយ​ភាគី​ថៃ​កន្លង​មក បាន​កសាង​ហេដ្ឋារចនាសម្ព័ន្ធ អគារបំពាក់​ឧបករណ៍​សម្ភារៈ បំប៉ន​សមត្ថភាព​ថ្នាក់ដឹកនាំ គ្រូ របស់​វិទ្យាស្ថាន​អភិវឌ្ឍ​មុខ​ជំនាញ​កម្ពុជា​-​ថៃ​, បាន​បញ្ជូន​មន្ត្រីរាជការ​ថ្នាក់​កណ្តាល និង​តាម​គ្រឹះស្ថាន ​TVET ទៅ​បណ្តុះបណ្តាល​នៅ​ប្រទេស​ថៃ ពី​ឆ្នាំ ២០១៧-២០១៩ បាន​ចំនួន​១១២​នាក់ និង​ភាគី​ថៃ​ បាន​បញ្ជូន​គ្រូ​មក​ធ្វើការ​បណ្តុះបណ្តាល​ដល់គ្រូ​បច្ចេកទេស​នៅ​តាម​គ្រឹះស្ថាន TVET នៅ​តាម​ព្រំដែន​ក្នុង​ប្រទេស​កម្ពុជា​ពី​ឆ្នាំ​២០១៧-២០១៩ បាន​ចំនួន​១០០​នាក់ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ