ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀមខ្លួន​ ធ្វើម្ចាស់​ផ្ទះកិច្ចប្រជុំកំពូលអាស៊ាន និង​ស៊ីហ្គេម រាជធានីភ្នំពេញ ត្រូវអ៊ុតកៅស៊ូ និងតុបតែងភ្លើងពណ៌!

1 ឆ្នាំ មុន
  • ភ្នំពេញ

​​ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានធ្វើការណែនាំ អោយមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ត្រូវតុបតែងលំអ…

​​ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានធ្វើការណែនាំ អោយមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ត្រូវតុបតែងលំអ បំពាក់ភ្លើងពណ៌ ផ្កាភ្ញី តាមបង្គោលភ្លើង សួនច្បារ និងដងផ្លូវសំខាន់ៗ ក្នុងរាជធានីភ្នំពេញ លាបថ្នាំខឿនចែកទ្រូងផ្លូវ ព្រមទាំងជួសជុលផ្លូវសំបុកមាន់ រៀបការ៉ូឡា ដាក់លូនៅទីតាំងមួយចំនួន ដែលរងការខូចខាត ពិសេសរៀបចំឡើងវិញ​នូវហេដ្ឋារចនាសម្ព័ន្ធមហាវិថីឈ្នះឈ្នះ និងកំណាត់ផ្លូវជាតិលេខ៦ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ រហូតដល់ព្រំប្រទល់ខេត្តកណ្ដាល។

ជាមួយនឹងការណែនាំនេះ លោកអភិបាលរាជធានីភ្នំពេញ ក៏បានបញ្ជាអោយអាជ្ញាធរខណ្ឌ​ទាំង១៤ ចូលរួមសហការ ខណៈដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល និងការប្រកួតកីទ្បាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ​។

ការណែនាំបែបនេះ បានធ្វើឡើង នារសៀល ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២នេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យត្រៀមសហការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ឆ្នាំ២០២២ និងការប្រកួតកីទ្បាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ដោយមានការចូលរួមពីអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរពាក់ព័ន្ធមួយចំនួនទៀត។

ក្នុងកិច្ចប្រជុំនេះ លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា​ ក្រោយបញ្ចប់រដូវវស្សាយើងតែងតែធ្វើការជួសជុលផ្លូវឡើងវិញ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ តែសម្រាប់ឆ្នាំនេះវាពិសេសថែមទៀត នោះគឺយើងត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល និងការប្រកួតកីទ្បាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ថែមទៀត ដែលការងារនេះ យើងត្រូវតែយកចិត្តទុកដាក់អោយបានខ្ពស់។

លោក ឃួង ស្រេង បន្ថែមថា ការងារមួយនេះ មិនមែនពឹងតែលើមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញនោះទេ ដាច់ខាតត្រូវតែមានការចូលរួមពីអាជ្ញាធរខណ្ឌទាំង១៤ សហការនិងចូលរួម ទើបការងារនេះ ដំណើរការទៅដោយរលូន ដូចជា ត្រូវត្រួតពិនិត្យមើលផ្លូវ លូ អំពូលភ្លើង ដែលខូច របាំងថ្មពុះចែកទ្រូងផ្លូវ ដើម្បីរាយការណ៍អោយមានការជួសជុលឡើងវិញ ។

លោក ឃួង ស្រេង បានបញ្ជាក់ថា៖ យើងមានព្រឹត្តការណ៍ធំៗជាច្រើន ដោយកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល និងត្រូវធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីទ្បាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ ថែមទៀត។ ដូច្នេះការងារដែលយើងត្រូវអនុវត្តនោះ គឺរួមគ្នាធ្វើយ៉ាងណាអោយភ្នំពេញ មានសោភណ្ឌភាពស្រស់ស្អាត ដើម្បីទទួលប្រតិភូដល់ជាង៤០ប្រទេស ដែលត្រូវមកប្រជុំ នៅរាជធានីភ្នំពេញ។

គួរបញ្ជាក់ថា កំណាត់ផ្លូវចំនួន ៥៦ខ្សែ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ បាន និងកំពុងជួសជុលកែលំអរអោយប្រសើរឡើង។ ក្នុងនោះ​ មហាវិថីធំៗ ដែលបាន និងកំពុងជួសជុល មានដូចជាផ្លូវស៊ីសុវត្ថិ ផ្លូវ៤៧ សហព័ន្ធរុស្ស៊ី ផ្លូវជាតិ ៦អា និងផ្លូវមេគង្គ ជាដើម ហើយការងារ នឹងត្រូវបញ្ចប់ ១០០% ចុងខែនេះហើយ។ សម្រាប់ការងារតុបតែងផ្កា សួនច្បារ ភ្លើងបំភ្លឺ ក៏ជាការងារចំបង ដែលត្រូវអនុវត្តអោយបានប្រសើរឡើងផងដែរ។ កម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ាន នៅដើមខែវិច្ឆិកា ឆ្នាំ២០២២ នេះ នៅរាជធានីភ្នំពេញ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ