ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុយ​ក្រែ​ន​ចូលរួម​ដ​ញ​ថ្លៃ​ធ្វើ​សហ​ម្ចាស់ផ្ទះ World Cup 2030 ជាមួយ​អេ​ស្ប៉ា​ញ និង​ព័រ​ទុ​យ​ហ្គា​ល់

1 ឆ្នាំ មុន

អ៊ុយ​ក្រែ​ន ៖ ប្រទេស​អ៊ុយ​ក្រែ​ន​នឹង​ចូលរួម​ការ​ដេញថ្លៃ​ជាមួយ​ប្រទេស​អេ​ស្ប៉ា​ញ និង​ព័រ​ទុ​យ​ហ្គា​ល់

អ៊ុយ​ក្រែ​ន ៖ ប្រទេស​អ៊ុយ​ក្រែ​ន​នឹង​ចូលរួម​ការ​ដេញថ្លៃ​ជាមួយ​ប្រទេស​អេ​ស្ប៉ា​ញ និង​ព័រ​ទុ​យ​ហ្គា​ល់ ដើម្បី​ធ្វើ​ជា​សហ​ម្ចាស់ផ្ទះ​រៀបចំ​ការ​ប្រកួត​ព្រឹត្តិការណ៍​បាល់ទាត់​ពិភពលោក World Cup ផ្នែក​បុរស​សម្រាប់​ឆ្នាំ ២០៣០​។ ដោយ​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​នៃ​ប្រទេស​ទាំង​៣ បាន​ប្រកាស​គម្រោង​នេះ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ក្នុង​ប្រទេស​ស្វី​ស​កាលពី​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០២២​។

សហព័ន្ធ​បាល់ទាត់​អេ​ស្ប៉ា​ញ (RFEF) បាន​លើក​ឡើ​ហ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា គម្រោង​នេះ​មាន​គោលបំណង​បំផុស​សង្គម​តាម​រយៈ​កីឡាបាល់ទាត់ ដោយ​បង្ហាញ​អំពី​សាមគ្គីភាព និង​ក្តី​សង្ឃឹម​។

លោក Luis Rubiales ប្រធាន​សហព័ន្ធ​បាល់ទាត់​អេ​ស្ប៉ា​ញ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​នៅ​ទីស្នាក់ការ​កណ្តាល​សហព័ន្ធ​បាល់ទាត់​ទ្វីបអឺរ៉ុប (UEFA) ក្នុង​ទីក្រុង Nyon យ៉ាង​ដូច្នេះ​ថា «​ខ្ញុំ​ជឿ​ថា សង្គម​អេ​ស្ប៉ា​ញ​ទាំងមូល​នឹង​មាន​មោទកភាព​ចំពោះ​កេរដំណែល​ដ៏​សំខាន់ ដែល​ការ​ដេញថ្លៃ​នេះ​បន្សល់​ទុក​សម្រាប់​ប្រវត្តិសាស្ត្រ​។ យើង​ម្នាក់​ៗ​តំណាង​ឱ្យ​ប្រទេស​របស់​យើង​ដោយឡែក​ពី​គ្នា ប៉ុន្តែ​យើង​រួម​គ្នា​តំណាង​ឱ្យអំណាច​ផ្លាស់​ប្តូរ​ដែល​បាល់ទាត់​មាននៅ​លើ​សង្គម​»​។

ចំណែក​លោក Fernando Gomes ប្រធាន​សហព័ន្ធ​បាល់ទាត់​ព័រ​ទុ​យ​ហ្គា​ល់ (FPF) បាន​បន្ថែម​ថា គម្រោង​នេះ​ត្រូវ​បាន​អនុម័ត​ដោយ​រដ្ឋាភិបាល​នៃ​រដ្ឋ​ទាំង​៣ ហើយ​ត្រូវ​បាន​គាំទ្រ​ដោយ​លោក Aleksander Ceferin ប្រធាន UEFA ផ្ទាល់​តែ​ម្តង​។

សហព័ន្ធ​បាល់ទាត់​ព័រ​ទុ​យ​ហ្គា​ល់ បាន​លើក​ឡើង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ខ្លួន​ថា «​ឧទាហរណ៍​នៃ​ភាព​អត់ធ្មត់ និង​ភាព​ធន់​ដែល​បង្ហាញ​ដោយ​ប្រជាជន​អ៊ុយ​ក្រែ​ន​គឺជា​ប្រភព​នៃ​ការ​បំផុសគំនិត​នេះ​ឡើង​។ ហើយ​លក្ខខណ្ឌ​នៃ​សមាជិកភាព​របស់​អ៊ុយ​ក្រែ​ន​នៃ​ការ​ដេញថ្លៃ​នេះ នឹង​ត្រូវ​បាន​ពិភាក្សា និង​កំណត់​ក្នុង​ពេល​សម​ស្រប​»​។

អេ​ស្ប៉ា​ញ និង​ព័រ​ទុ​យ​ហ្គា​ល់​បាន​សហការ​គ្នា និង​រៀបចំ​ការ​ដេញថ្លៃ​រួម​គ្នា​ធ្វើ​ម្ចាស់ផ្ទះ World Cup 2030 អស់​រយៈពេល​ជិត​៣​ឆ្នាំ​កន្លង​មក​ហើយ​។ ខណៈ​ដែល​លោក Andriy Pavelko ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អ៊ុយ​ក្រែ​ន (UAF) ក៏​មាន​វត្ត​មាននៅ​ក្នុង​សេចក្តី​ប្រកាស​នេះ​ផង​ដែរ​៕ (​ដកស្រង់​ចេញពី Euronews)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ