ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង​កម្លាំង​​សន្តិសុខ​យេម៉ែន​បាញ់សម្លាប់​​បាតុករ​៥នាក់

15 ឆ្នាំ មុន

កង​កម្លាំង​សន្តិសុខ​​​យេម៉ែន​​បាន​​សម្លាប់​មនុស្ស​​៥​នាក់​ និងបណ្តាល​​​ឱ្យ​មនុស្ស​​​ច្រើនរយ​នាក់ទៀត​​រង​របួស​នៅ​ថ្ងៃទី​​២ នៃ​ការ​បង្ក្រាប​​ដោយ​ហិង្សា​​នូវ​​​បាតុ​កម្ម​​​ប្រឆាំង​រដ្ឋាភិបាល។ ​​​មនុស្ស​ម្នាក់​ក្នុង​​ចំណោម​​​អ្នកស្លាប់​​ទាំង​​​៥នាក់​នេះ​ជា​សិស្ស​​សាលា​​អាយុ​​១៥​ឆ្នាំ ។ ក្នុងការវាយ​​ប្រហារ​លើ​​ក្រុមបាតុករ​នោះ​កង​កម្លាំង​​សន្តិសុខ​​បានប្រើ​កាំ​​ភ្លើង​​​ និង​ឧស្ម័ន​​បង្ហូរ​​ទឹកភ្នែក ​ជា​ការ​បង្ក្រាប​​យ៉ាង​សាហាវ​មួយរបស់រដ្ឋាភិបាល​ក្នុងអំឡុង​ពេល​​នៃការ​​ធ្វើបាតុកម្ម​​​​រយៈ​ពេល​​មួយ​ខែ​មកហើយ​ទាមទារ​​​ឱ្យ​លោក​​ប្រធានាធិបតី​​អាលី​អាប់ឌុល​ឡាហ៍ សា​ឡេហ៍ ​ចុះចេញ​ពី​តំណែង​​​ក្រោយពី​​កាន់​អំណាច​​​អស់រ​យៈ​ពេល​​៣២​ឆ្នាំ​​មកហើយ ។​

ការបង្ក្រាប​​ដោយ​ហិង្សា​​នេះធ្វើឡើង​​​មុន​ពេល​​​​​​​ព្រលឹមស្រាងៗ ​ថ្ងៃទី​​១៣ មីនា នៅ​ទី​លាន​កណ្តាលទីក្រុងសាណា​​ រដ្ឋធានី​យេម៉ែន ​ជា​កន្លែង​​​ដែលបាតុករ​​ជា​ច្រើន​ពាន់នាក់​​​បោះ​ជំរំ​​​ធ្វើបាតុ​កម្ម។ ​សាក្សី​​និយាយ​ថា ​កង​កម្លាំង​​សន្តិសុខ​​បានព័ទ្ធ​ជុំវិញ​​ទីលាននោះ​​ដោយ​មាន​រថយន្ត​ប៉ូលិស​​ និង​រថ​ពាសដែកមុនពេល​​​ពាក់​កណ្តាល​​អាធ្រាត្រ​​​ ហើយអំពាវ​នាវ​​ដល់​បាតុករ​​តាមរយៈ​​ម៉ាស៊ីនឃោសនា​​​ឱ្យ​បំបែក​គ្នា ​ហើយវិលត្រឡប់​​ទៅ​ផ្ទះវិញ ​ប៉ុន្តែ​​ទោះបីជា​​​បែបណា ក្រុម​បាតុ​ករ​​នៅ​តែមិន​​ព្រម​បំបែក​គ្នា ធ្វើ​ឱ្យ​​​កង​កម្លាំង​សន្ត​ិ​សុខ​​ខឹង​បាញ់​រះ​ទៅលើ​ក្រុម​បាតុករ​បណ្តាល​ឱ្យស្លាប់​​​៥នាក់ និង​​ច្រើននាក់ទៀត​​រងរបួស ។​

ការ​វាយ​ឆ្មក់​​បង្ក្រាប​​ប្រឆាំង​​ក្រុមបាតុ​ករ​នៅ​ទីលាន​​ក្នុង​​ទី​ក្រុង​​សាណា​ ធ្វើឡើង​ក្រោយពី​​ក្រុម​បាតុករ​​បដិសេធ​​មិនព្រមបំបែក​គ្នា ។​ ​រដ្ឋ​មន្ត្រី​​​​ការបរទេស​​អង់គ្លេស​​ លោក William  Hague បានចាត់​ទុកការបង្ក្រាប​​ដោយ​ហិង្សា​ប្រឆាំង​បាតុករ​​នេះ​ថា ជារឿង​មិន​អាច​ទទួល​​យកបានឡើយ ។ លោក William Hague ថ្លែង​​ក្នុងសេចក្តី​​ថ្លែង​ការណ៍​​មួយថា «ខ្ញុំ​មាន​ការ​រន្ធត់ និង​តក់ស្លុត​​យ៉ាង​ខ្លាំង​​ចំពោះ​​ការ​បង្ក្រាប​​​ដោយហិង្សា ​ដែល​មិន​អាច​ទទួល​យក​បាន​នេះ ដែល​​កើតឡើង​​នៅក្នុងទីក្រុង​សា​ណា»។ ​លោកថ្លែង​ទៀត​ថា ចក្រ​ភព​​អង់គ្លេស​​​នៅតែ​មាន​​ការព្រួយបារម្ភ​​យ៉ាង​ខ្លាំង ​ចំពោះការ​​ប៉ះទង្គិច​​គ្នា​ម្តង​​ហើយ​ម្តងទៀត ​រវាង​​ពួក​បាតុករ​​ជា​មួយប៉ូលិស ៕​​