រាជធានីភ្នំពេញ ៖ ជាការពិតណាស់ ជឿជាក់ថា ប្រិយមិត្តពុកម៉ែបងប្អូន ក៏ដូចជាអ្នកគាំទ្រកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodia idol រដូវកាលទី៤ ប្រាកដជាបានស្គាល់យ៉ាងច្បាស់ នៅតារាចម្រៀងប្រុសលោក ថុល សុភិទិ និងបេក្ខភាពប្រឡងចម្រៀង លោក ទុំ សុវត្ថិ ដែលអ្នកទាំងពីរសុទ្ធតែមានកេរ្តិ៍ខ្លាំងដូចគ្នា ទោះបីមួយជាតារាចម្រៀងអាជីព និងមួយទៀតបានធ្លាក់ពីកម្មវិធីក្ដី តែអ្នកទាំងពីរនៅតែជាអាយដលក្នុងបេះដូងមហាជន និងទទួលបានការគាំទ្រយ៉ាងខ្លាំង។
យ៉ាងណាមិញ កាលពីថ្មីៗនេះ មហាជនអ្នកប្រើប្រាស់បណ្ដាញសង្គម ក៏ដូចជាអ្នកគាំទ្រផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង ក្រោយឃើញតារាចម្រៀងប្រុស លោក ថុល សុភិទិ និងលោក ទុំ សុវត្ថិ បានពញ្ញាក់អារម្មណ៍អ្នកគាំទ្រ ដោយបានប៉ះគ្នាជាលើដំបូងលើឆាកប្រគំតន្ត្រីមួយ រួចលើកយកបទចម្រៀងពីរបទមានចំណងជើងថា «មិនអាចឃាត់ទេ» និងបទ «ស្រលាញ់ស្ទើរលេប» មកបកស្រាយរួមគ្នា ស្រែកច្រៀងផ្លាស់ប្ដូរគ្នាបានយ៉ាងពីរោះ និងដាក់ម៉ូផ្លាស់ប្ដូរគ្នាច្រៀងបានយ៉ាងរលូន គ្មានកន្លែងទាស់ឡើយ ពោលគឺចូលធ្លុងមួយ សម្លេងមួយ តាមសង្វាក់គ្នាបានល្អតែម្ដង។
បទចម្រៀងមួយបទ ចម្រៀងរួមគ្នារបស់អ្នកទាំងពីរ ត្រូវបានអ្នកលេងបណ្ដាញសង្គម ក៏ដូចជាអ្នកគាំទ្រធ្វើការចែកេំលែកយ៉ាងផុសផុលនៅលើបណ្ដាញសង្គម ដោយបានភ្ជាប់ជាមួយពាក្យពេចន៍លើកសរសើរពីសមត្ថភាពរបស់អ្នកទាំងពីរ និងបង្ហាញការពេញចិត្តជាខ្លាំងសម្រាប់ការប៉ះគ្នាជាលើកដំបូងលើកឆាកប្រគំតន្ត្រីរបស់អ្នកទាំងពីរ។
ដោយឡែក នេះបើយោងតាមការបញ្ចេញមតិរបស់អ្នកប្រើប្រាស់បណ្ដាញសង្គមជាច្រើនបានបង្ហាញអារម្មណ៍របស់ខ្លួនទៅកាន់អាយដលតាមរយៈការខមិនថា «អីយ៉ា ពិតជារំភើបខ្លាំងណាស់ ពេលបានឃើញអាយដលទាំងពីរប៉ះគ្នាលើឆាក»។ អ្នកប្រើប្រាស់បណ្ដាញសង្គមផ្សេងទៀតបានលើកឡើងថា «សម្លេងមិនចាញ់គ្នាឡើយ អាយដលក្នុងដូងចិត្តទាំងពីរ»។ អ្នកគាំទ្រផ្សេងទៀតបានខមិនថា «ស្នាមញញឹមអាយដលទាំងពីរនាក់ ធ្វើអោយហ្វេនៗសប្បាយចិត្តជាខ្លាំង»។ អ្នកគាំទ្រខ្លះទៀតបានខមិនថា «ប៉ះគ្នាលើកដំបូងក៏ពិតមែន តែបងទាំងពីរនាក់ ពិតជាធ្វើបានល្អខ្លាំងណាស់ គាំទ្រអោយមានពេលេជួបគ្នាបែបនេះទៀត»។ ទោះជាយ៉ាងណាក៏ដោយ នៅមានពាក្យពេចន៍ជាច្រើនទៀត ដែលយើងមិនអាចរៀបរាប់អស់បានឡើយ។
សូមរំលឹកផងដែរថា តារាចម្រៀងប្រុសមានមន្តស្នេហ៍ ថុល សុភិទិ ជាបេក្ខភាពជើងខ្លាំងមួយរូបក្នុងចំណោមបេក្ខភាព៤រូបទៀត ឬហៅថា Top 4 ក្នុងកម្មវិធី Cambodia Idol រដូវកាលទី៤ ទោះលោកមិនមែនជាម្ចាស់ជ័យលាភីលើកពានក្ដី តែតារាចម្រៀងប្រុសរូបនេះ អាចឆក់យកបេះដូងអ្នកគាំទ្របានទូទាំងប្រទេស អោយគោរពស្រលាញ់ និងគាំទ្ររូបលោក រហូតមកទល់បច្ចុប្បន្ននេះ តាមរយៈសមត្ថភាពដ៏លេចធ្លោរបស់លោកក្នុងការបកស្រាយបទចម្រៀងបានយ៉ាងល្អ រហូតប្រជាប្រិយភាពលោកកាន់តែកើនឡើងទ្វេដង។
សូមរំលឹកទៀតថា គ្រប់សកម្មភាពការងារ សកម្មភាពលេងសើចបែបកំប្លែង និងសកម្មភាពផ្សេងៗជាច្រើនទៀតរបស់លោក តែងតែត្រូវបានអ្នកគាំទ្រថតបង្ហោះធ្វើការចែករំលែកយ៉ាងផុសផុលលើបណ្ដាញសង្គម មិនថា Facebook Tik Tok និង instargrm នោះឡើយ។ បើក្រឡេកមកមើល តារាចម្រៀងប្រុសលោក ទុំ សុវត្ថិ ថ្វីត្បិតថា ខ្លួនមិនមែនជាតារាចម្រៀងអាជីពមិនបានជ្រកក្រោមផលិតកម្មណាមួយក្ដី តែលោកអាចឆក់យកបេះដូងមហាជនទូទាំងប្រទេសអោយគោរពស្រលាញ់ និងគាំទ្ររូបលោកតាំងពីធ្លាក់ពីកម្មវិធីប្រឡងចម្រៀង រហូតមកទល់នឹងបច្ចុប្បន្ននេះ តាមរយៈសមត្ថភាព និងទេពកោសល្យរបស់លោកក្នុងការបកស្រាយបទចម្រៀងនីមួយៗបានយ៉ាងពីរោះ។
ប្រជាប្រិយភាពរបស់លោកហាក់គ្មានការធ្លាក់ចុះ ឬថមថយនោះឡើយ។ ជាពិសេសនោះ តារាចម្រៀងប្រុសឯករាជកំពុងដើរតួរជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយមិនជ្រកក្រោមផលិតកម្មណាមួយរូបនេះ កំពុងក្ដោបក្ដាប់ទីផ្សារការងារពេញដៃ និងធ្វើជាអ្នកតំណាងអោយក្រុមហ៊ុនធំៗព្រមទាំងធ្វើជាអ្នកប្រម៉ូតផលិតផលអោយម្ចាស់ប្រេនជាច្រើនក្នុងប្រទេសកម្ពុជា។ មួយវិញទៀត ក្នុងគ្រាដែល ទុំ សុវត្ថិ ធ្លាក់ពីកម្មវិធីប្រឡងចម្រៀងនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានឧបត្ថមថវិកាចំនួន៥ពាន់ដុល្លារដល់រូបលោកផងដែរ៕
ចែករំលែកព័តមាននេះ