ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​បាន​ស្លា.ប់​បាត់បង់​ជីវិត​ក្រោយ​ប្រតិ​កម្ម​​ថ្នាំ​របស់​គ្រូពេទ្យ

1 ឆ្នាំ មុន
  • ស្វាយរៀង

បុរស​ចំណាស់​មួយ​រូប​បាន​ស្លា.ប់​បាត់បង់​ជីវិត ក្រោយ​ពី​គ្រូពេទ្យ សុវណ្ណ​រៀម ដាក់​សេរ៉ូម ​​និង​ចាក់​ថ្នាំ​បាន​តែ​១​ថ្ងៃ ។ មុននេះ​១​ថ្ងៃ បុរស​រូប​នេះ​ដែល​មាន​អាកា​រៈ​ឈឺសន្លាក់​ដៃជើង ក៏​បាន​ជិះម៉ូតូ​ទៅ​ពិគ្រោះ​ជំងឺ​នៅ​បន្ទប់​ពិគ្រោះ​ជំងឺ

ខេត្តស្វាយរៀង ៖ បុរស​ចំណាស់​មួយ​រូប​បាន​ស្លា.ប់​បាត់បង់​ជីវិត ក្រោយ​ពី​គ្រូពេទ្យ សុវណ្ណ​រៀម ដាក់​សេរ៉ូម ​​និង​ចាក់​ថ្នាំ​បាន​តែ​១​ថ្ងៃ ។ មុននេះ​១​ថ្ងៃ បុរស​រូប​នេះ​ដែល​មាន​អាកា​រៈ​ឈឺសន្លាក់​ដៃជើង ក៏​បាន​ជិះម៉ូតូ​ទៅ​ពិគ្រោះ​ជំងឺ​នៅ​បន្ទប់​ពិគ្រោះ​ជំងឺ សុវណ្ណ រៀម ស្ថិត​ក្នុងភូមិ​សៀម ឃុំ​ស្ដៅ​កោង ស្រុក​បាភ្នំ ខេត្តព្រៃវែង ។

តាម​មន្ត្រី​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ខណៈនោះ​គ្រូពេទ្យ សុវណ្ណ រៀម ឱ្យ​បុរស​ខាងលើ​នៅ​សម្រាកព្យាបាល​១​ថ្ងៃ និង​បាន​ដាក់​សេរ៉ូម​ជា​បន្តបន្ទាប់​អស់់​៤​ប្លោក និង​ចាក់​ថ្នាំ​ចំនួន​៤​ម្ជុល ។ ក្រោយមក ស្រាប់តែ​អ្នកជំងឺ​មាន​ប្រតិកម្ម​ធ្វើទុក្ខ​ខ្លាំង រហូត​ដកចង្កា​មាន់​លែង​ដឹងខ្លួនតែម្តង ទើប​ស្អែក​ឡើងគ្រូពេទ្យ​បាន​បញ្ជូន​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត តែ​ជា​អកុសល​ជន​រង​គ្រោះ​បាន​ស្លា.ប់​នៅ​តាម​ផ្លូវ បាត់​ទៅហើយ។

ពេល​ជន​រង​គ្រោះ​ស្លា.ប់ គ្រូពេទ្យ សុវណ្ណ រៀម បាន​ចរចា​សម្របសម្រួល​ជាមួយ​គ្រួសារ​ជន​រង​គ្រោះ ដោយ​​ផ្តល់​ប្រាក់​ចូល​បុណ្យស.ព​ចំនួន​១.០០០​ដុល្លារ ដើម្បី​បញ្ចប់រឿង​កុំឱ្យ​មាន​​ប្ដឹងប្តល់ ។

ប្រភព​ដដែល​បន្ត​ថា បុរស​ចំណាស់​ដែល​ស្លា.ប់​នេះ​មាន​​ឈ្មោះ ហែម ភឿ​ង អាយុ​៥៦​ឆ្នាំ រស់​នៅ​ភូមិ​ត្របែក ឃុំ​ស្តៅ​កោង ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង បាន​ស្លា.ប់​នៅ​តាម​ផ្លូវ កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២២​កន្លង​ទៅ ។ រីឯ​ម្ចាស់​បន្ទប់​ពិគ្រោះ​ជំងឺ​ខាងលើ ​ឈ្មោះ សុវណ្ណ រៀម ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​សៀម ឃុំ​ស្ដៅ​កោង ស្រុក​បាភ្នំ ខេត្តព្រៃវែង ។

ប្រភព​ព័ត៌មាន​​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​មាន​ជំងឺ​សន្លាក់ឆ្អឹង​រ៉ាំរ៉ៃ ប៉ុន្តែ​មិន​ធ្ងន់ធ្ងរ​ឡើយ គឺ​ដើរ​បាន​​ និង​ធ្វើ​ការងារ​បានជា​ធម្មតា ពោល​គឺ​គ្រាន់តែ​ឈឺសន្លាក់​ដៃជើង​ប៉ុណ្ណោះ ។ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែកញ្ញា ឆ្នាំ​២០២២ ជន​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ទៅ​ពិគ្រោះ​ជំងឺ​នៅ​បន្ទប់​ពិគ្រោះ​ជំងឺ ​«​សុវណ្ណ​រៀម​» ហើយ​ពេល​នោះ​ គ្រូពេទ្យ​បាន​ដាក់​សេរ៉ូម​ និង​ចាក់​ថ្នាំ ។

ទាក់ទិន​ករណី​ខាងលើ​​នេះ សមត្ថកិច្ច​មិន​ហ៊ាន​ធ្វើការ​សន្និដ្ឋាន​ថា តើ​​មក​ពី​កំហុស​បច្ចេកទេស ឬប្រើប្រាស់​ថ្នាំ​ខុស ឬក៏​​ដាក់​សេរ៉ូម​លើស ឬមួយ​​ចាក់​ថ្នាំ​លើស​កម្រិត​នោះ​ទេ? ស្រាប់តែ​ជន​រង​គ្រោះ​មាន​ប្រ​តិកម្ម​ខ្លាំង​ធ្វើទុក្ខ​ធ្ងន់ ស្លឺ​ភ្នែក​លែង​ដឹងខ្លួន​ និង​ដកចង្កា​មាន់​តែម្តង។ លុះ​មក​ដល់​ព្រឹក​ទី​២២ ខែកញ្ញា ឆ្នាំ​២០២២ គ្រូពេទ្យ​បាន​ហៅ​រថយន្ត​សា​មុ​យ មកដឹក​ជន​រង​គ្រោះ​ចេញពី​គ្លីនិក​របស់​ខ្លួន បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​បាភ្នំ ។

ប៉ុន្តែ​ដោយ​ឃើញ​អាកា​រៈ​ធ្ងន់​ពេក ក៏​ដឹក​បន្តទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តព្រៃវែង ប៉ុន្តែ​ក្រុម​គ្រូពេទ្យ​​បាន​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​ឯ​រាជធានី​ភ្នំពេញ​ទៀត ។ ខណៈពេល​នោះ​ គ្រូពេទ្យ​ប្រាប់​ថា អាកា​រៈ​អ្នកជំងឺ​ធ្ងន់​ និង​បាត់​ចលនា​ជីពចរ អស់ហើយ មិន​អាច​សង្គ្រោះ​បាន​ទេ ហើយ​ក្រុម​គ្រួសារ​ក៏​ដឹក​អ្នកជំងឺ​ត្រឡប់​មក​ផ្ទះ​វិញ ។ លុះមក​ដល់​ផ្លូវជាតិ​លេខ​១ ក្នុង​ខណ្ឌ​ច្បារ​អំពៅ នៅរសៀល​ថ្ងៃ​ទី​២២ ខែកញ្ញា ឆ្នាំ​២០២២​ដដែលនោះ អ្នកជំងឺ​ក៏​បាន​ស្លា.ប់​នៅ​លើ​រថយន្ត​តែ​ម្ដង ។

ទាក់ទិន​ករណី​នេះ​ដែរ អ្នក​យក​ព័ត៌មាន​យើងបាន​ព្យាយាម​សុំ​ការ​បកស្រាយ​ពី​លោក សុវណ្ណ រៀម ម្ចាស់​បន្ទប់​ពិគ្រោះ​ជំងឺ​ខាងលើ​ដែរ ប៉ុន្តែ​មិនអាច​ទាក់ទង​បាន ។ ចំណែក​លោក អ៊ូ ណា​រ៉ា ប្រធាន​ការិយាល័យ​សុខាភិបាល​ស្រុក​ប្រតិបត្តិ​បាភ្នំ បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ពិតជា​ទទួល​ការ​ព្យាបាល​ពី​បន្ទប់​ពិគ្រោះ​ជំងឺ សុវណ្ណ រៀម​ប្រាកដ​មែន ។

នៅ​រសៀល​ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០២២ នគរបាល​ប៉ុស្តិ៍​ឃុំ​ស្តៅ​កោង បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​មាន​អ្នក​សារព័ត៌មាន​ចុះ​ផ្សាយ លោក​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តព្រៃវែង បាន​ដឹកនាំ​កម្លាំងចុះ​ទៅ​បិទ​បន្ទប់​ពិគ្រោះ​ជំងឺ សុវណ្ណ រៀម ហើយ កាលពី​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២២ ។ ប៉ុន្តែ​មហាជន​នៅ​តែ​មិន​អស់​ចិត្ត ដោយ​លោក​ប្រធានមន្ទីរ​សុខាភិបាល​ខេត្ត មិន​បាន​ដាក់​ទណ្ឌកម្ម​ផ្លូវច្បាប់​ទៅ​លើ​គ្រូពេទ្យ សុវណ្ណ រៀម ហើយគ្រួសារ​ជន​រង​គ្រោះ​ទទួល​បាន​ត្រឹមតែ​ប្រាក់​ចូល​បុណ្យស.ព​ចំនួន​១.០០០​ដុល្លារ​ ដើម្បី​បញ្ចប់រឿង៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ